ថ្នាក់ដឹកនាំខេត្តមួយចំនួន អំពាវនាវឱ្យពលរដ្ឋបង្កើនការប្រុងប្រយ័ត្នចំពោះខ្យល់កន្រ្តាក់នារដូវប្រាំងនេះ
ភ្នំពេញ៖ថ្នាក់ដឹកនាំនៅតាមបណ្តាខេត្តមួយចំនួនអំពាវនាវឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះធម្មជាតិជាពិសេសនោះ នារដូវប្រាំងនេះបង្កឱ្យមានភាពហួតហែងខ្លាំង ហើយពេលមានភ្លៀងធ្លាក់ម្ដងៗ គឺលាយឡំដោយខ្យល់កន្ត្រាក់ ផ្គររន្ទះ ដែលអាចបង្កគ្រោះថ្នាក់ដល់មនុស្ស និងផ្ទះសម្បែងប្រជាពលរដ្ឋ។ ដោយឡែកនារដូវប្រាំងនេះដែរ មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាល

ភ្នំពេញ៖ថ្នាក់ដឹកនាំនៅតាមបណ្តាខេត្តមួយចំនួនអំពាវនាវឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះធម្មជាតិជាពិសេសនោះ នារដូវប្រាំងនេះបង្កឱ្យមានភាពហួតហែងខ្លាំង ហើយពេលមានភ្លៀងធ្លាក់ម្ដងៗ គឺលាយឡំដោយខ្យល់កន្ត្រាក់ ផ្គររន្ទះ ដែលអាចបង្កគ្រោះថ្នាក់ដល់មនុស្ស និងផ្ទះសម្បែងប្រជាពលរដ្ឋ។ ដោយឡែកនារដូវប្រាំងនេះដែរ មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាល ណែនាំឱ្យពលរដ្ឋពិសារទឹកឱ្យបានលើសពី២លីត្រ ក្នុងមួយថ្ងៃ ទោះបីជាមិនស្រេកទឹកក៏ដោយ។

ការអំពាវនេះធ្វើឡើងខណៈរដូវប្រាំងបានចូលមកដល់ ហើយថ្នាក់ដឹកនាំបណ្តាខេត្តមួយចំនួន បានចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់នោះ។

អភិបាលខេត្តប៉ៃលិនលោកជំទាវ បាន ស្រីមុំ អមដំណើរដោយ សមាជិក សមាជិកា សាខាកាកបាទក្រហមកម្ពុជាខេត្ត និងអាជ្ញាធរមូលដ្ឋាន កាលពីថ្ងៃទី១ខែមេសានេះ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយសង្គ្រោះបន្ទាន់ទៅឧបត្ថម្ភដល់បងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់បំផ្លាញផ្ទះសម្បែង ចំនួន ១៧៩គ្រួសារ នៅទូទាំងខេត្តប៉ៃលិន ។

ក្នុងឱកាសនោះលោកជំទាវបានផ្តាំផ្ញើថា៖«បងប្អូនប្រជាពលរដ្ឋ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះធម្មជាតិ ដើម្បីធានាបាននូវសុវត្ថិភាពផ្ទាល់ខ្លួន និងសេចក្តីសុខក្រុមគ្រួសារទាំងមូល ពីព្រោះរដូវនេះ ជារដូវមានភ្លៀងធ្លាក់ច្រើន និងលាយឡំជាមួយខ្យល់កន្ត្រាក់ ផ្គររន្ទះ ដែលងាយបង្កការគ្រោះថ្នាក់កើតឡើងជាយថាហេតុ»។ លោកជំទាវបន្ថែមថា ក្នុងករណីពលរដ្ឋមានបញ្ហាកើតឡើង ត្រូវប្រញ៉ាប់រាយការណ៍មកកាន់អាជ្ញាធរមូលដ្ឋានដែលនៅជិតបំផុតឱ្យបានលឿន ដើម្បីឱ្យក្រុមការងារចុះទៅជួយអន្តរាគមន៍
និងផ្តល់អំណោយសង្គ្រោះបន្ទាន់ឱ្យបានទាន់ពេលវេលា ក្នុងការចូលរួមសម្រាលការខ្វះខាតនានាជាបណ្តោះអាសន្ន។
លោកជំទាវ បាន ស្រីមុំ បញ្ជាក់ផងដែរថា ថ្វីត្បិតតែអំណោយមនុស្សធម៌ដែលបាននាំយកមកចែកជូនបងប្អូននាពេលនេះ មានចំនួនតិចតួច មិនសមល្មមនឹងការខាតបង់របស់បងប្អូនក្តី ប៉ុន្តែក៏អាចជួយសម្រាលទុក្ខបាករបស់បងប្អូនបានមួយកម្រិតដែរ ហើយនេះក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ ជាពិសេសគឺកាកបាទក្រហមកម្ពុជា។ ជាមួយគ្នានោះ អភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា
ខេត្តបាត់ដំបងឯកឧត្តម សុខ លូ កាលពីថ្ងៃទី១ខែមេសានះ បានដឹកនាំក្រុមការងារ ចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះ ដោយខ្យល់កន្ត្រាក់ចំនួន៧២គ្រួសារ ក្នុងឃុំចំនួន២ នៃស្រុកភ្នំព្រឹក គឺឃុំពេជ្រចិន្តា និង ឃុំអូរំដូល។
ក្នុងឱកាសនោះដែរឯកឧត្តមបានក្រើនរំលឹកដល់ លោកយាយ លោកតា អ៊ំពូមីងថា រដូវនេះ ជារដូវប្រាំង ក្កៅហួតហែងខ្លាំង ហើយពេលមានភ្លៀងធ្លាក់ម្ដងៗ គឺលាយឡំដោយខ្យល់កន្ត្រាក់ ផ្គររន្ទះ ហេតុនេះ សូមមេត្តាប្រុងប្រយ័ត្នឱ្យបានខ្ពស់។ ដោយឡែកពាក់ព័ន្ធសុខភាពវិញ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល នៅថ្ងៃទី២ខែមេសានេះ បានណែនាំថា អាកាសធាតុក្តៅទៅៗហើយ!
សូមប្រជាជនទាំងអស់ថែរក្សាសុខភាពផ្ទាល់ខ្លួនឱ្យបានល្អ។ សូមពិសារទឹកឱ្យបានគ្រប់គ្រាន់លើសពីពីរលីត្រក្នុងមួយថ្ងៃ បើទោះជាមិនស្រេកទឹកក៏ដោយ។ កុំស្ថិតនៅក្រោមកម្ដៅថ្ងៃផ្ទាល់យូរពេក៕
ដោយ៖សុខ រក្សា