ឆ្នាំថ្មីនេះ ឃុំវាលម្លូររៀបចំសង្ក្រាន្តយ៉ាងអធឹកអធម
ត្បូងឃ្មុំ ៖ ប្រធានក្រុមការងារចុះជួយ និងអាជ្ញាធរឃុំវាលម្លូរ ស្រុក ពញា ក្រែក បានរៀបចំសង្ក្រាន្តឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំថោះ ដែល ខិតជិតចូលមកដល់នាពេលឆាប់ៗខាងមុខនេះ យ៉ាងអធឹកអធម ដោយ មានមន្ត្រីរាជការ ប្រជាពលរដ្ឋ យុវជនយុវតី ចូលរួមយ៉ាង ច្រើន កុះករ និងសប្បាយរីករាយ។

មានប្រសាសន៍នាឱកាសនោះ ឯកឧត្ដមបណ្ឌិត ប៉ា ម៉េងហុក ប្រធាន ក្រុមការងារចុះមូលដ្ឋានឃុំវាលម្លូរ បញ្ជាក់ថា ការរៀបចំ ព្រឹត្តិការណ៍នេះយោងតាមអនុសាសន៍ដ៍ខ្ពង់ខ្ពស់បំផុតពីសម្តេចតេជោ ហ៊ុន សែនបានបើកឱ្យដំណើរការ សង្ក្រាន្ត នៅតាមមូលដ្ឋាននិង ឯកភាពពីសម្តេចចក្រី ហេង សំរិន ព្រមទាំងមានការគាំទ្រឯកឧត្តម វង សូត ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និង ឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង ឃុំវាលម្លូរ បានរៀបចំសង្ក្រានឆ្នាំថ្មីនេះឡើង។

ក្នុងព្រឹត្តិការណ៍នេះ ប្រជាពលរដ្ឋ និងយុវជន បានរៀបចំស្តង់លក់ដូរ និងការល្បែងប្រជាប្រិយខ្មែរផងដែរ។
បណ្ឌិត ប៉ា ម៉េងហុក ក៏បានរៀបចំផ្តល់រង្វាន់លើកទឹកចិត្តដល់ ក្រុមអ្នកឈ្នះ ពីការលេងល្បែងប្រជាប្រិយ និងផ្តល់អាហារសាមគ្គី ជូនដល់ប្រជាពលរដ្ឋមកលេងកម្សាន្តផងដែរ៕


