ព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់មន្ទីរពេទ្យបង្អែក ស្រុកក្រូចឆ្មារ ដែលទំនើបដំបូងគេនៅកម្ពុជា
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជា នៅព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣ អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាសអគារមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ខេត្តត្បូង ឃ្មុំ ជាមួយការបំពាក់បរិក្ខារបម្រើការព្យាបាលដ៏ទំនើបៗជាច្រើន។
គម្រោងអភិវឌ្ឍន៍មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ នៃខេត្តត្បូងឃ្មុំ បានចាប់ផ្ដើមនៅខែកក្កដា ឆ្នាំ២០២០ ក្រោមគំនិតផ្តួចផ្តើមប្រកបដោយគតិបណ្ឌិត និងការឧបត្ថម្ភគាំទ្ររបស់ សម្តេចតេជោ និង សម្តេចកត្តព្រឹទ្ធបណ្ឌិត។ មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ មានផ្ទៃដី ១២,៦៤៧ម៉ែត្រការ៉េ បាន ទិញ ដីពង្រីកបន្ថែមចំនួន ៦,៧៥៥ម៉ែត្រការ៉េ ធ្វើឱ្យផ្ទៃដីសរុបកើនដល់ ១៩,៤០២ម៉ែត្រការ៉េ។ គម្រោងបានចាប់ផ្តើមសាងសង់អគារថ្មីចំនួន២ និងជួសជុលអគារចាស់ចំនួន១ ។
អគារថ្មី ទី១ មានទំហំ ១៨ម៉ែត្រ គុណ ៦២ម៉ែត្រ មានកម្ពស់ ៤ជាន់ បើកការដ្ឋានសាងសង់ នៅថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០២០ និងបានបញ្ចប់ការសាងសង់នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ មានបន្ទប់ពិនិត្យជំងឺទូទៅ, បន្ទប់សង្គ្រោះបន្ទាន់, បន្ទប់វះកាត់, បន្ទប់សម្រាកព្យាបាល, បន្ទប់ ពិសោធន៍វេជ្ជសាស្ត្រ, បន្ទប់អេកូសាស្ដ្រ, បន្ទប់X-Ray និងបានរៀបចំដាក់គ្រែ សម្រាក ព្យាបាល បានចំនួន ២០០គ្រែ ។
អគារថ្មីទី២ មានទំហំ ១៨ម៉ែត្រ គុណ ៦២ម៉ែត្រ មានកម្ពស់៤ជាន់ បើកការដ្ឋានសាង សង់ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ និងបានបញ្ចប់ការសាងសង់នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ មានបន្ទប់ពិនិត្យជំងឺទូទៅ, បន្ទប់សង្គ្រោះបន្ទាន់, បន្ទប់វះកាត់, បន្ទប់ សម្រាក ព្យាបាលទូទៅ, បន្ទប់សម្ភព និងរោគស្ត្រី, បន្ទប់ព្យាបាលជំងឺកុមារ, បន្ទប់ព្យាបាល ជំងឺ មាត់ ធ្មេញ, បន្ទប់ពិសោធន៍វេជ្ជសាស្ត្រ, ឃ្លាំងបរិក្ខារវេជ្ជសាស្ត្រ ឃ្លាំងឱសថ និងដាក់ គ្រែ សម្រាកព្យាបាល បានចំនួន ២០០គ្រែ។ នៅជាន់ទី៣ នៃអគារថ្មីទាំងពីរ មានបន្ទប់ គ្រូ ពេទ្យ បន្ទប់វេជ្ជបណ្ឌិត បន្ទប់គ្រូពេទ្យប្រចាំការ និងបន្ទប់ស្នាក់នៅសម្រាប់ បុគ្គលិក ដែល រស់នៅទីឆ្ងាយ ។
អគារចាស់ ត្រូវបានជួសជុល និងកែលម្អឡើងវិញ និងប្រើប្រាស់ជាអគាររដ្ឋបាល ឃ្លាំង ឱសថឃ្លាំងសម្ភារៈ និងអាហារដ្ឋាន ព្រមទាំងបានជួសជុលអគារចំនួន ១អគារ សម្រាប់ បំពាក់បរិក្ខារផលិតអុកស៊ីហ្សែន។ ក្រៅពីនោះ គម្រោង ក៏បានសាងសង់ក្លោងទ្វារធំចំនួន ២ សាងសង់របងជុំវិញមន្ទីរពេទ្យសរុបប្រវែង ៥៥៨ម៉ែត្រ សាងសង់ឡដុត កាកសំណល់ វេជ្ជសាស្ត្រចំនួន ១កន្លែង រៀបចំសួន និងដាំដើមធ្នង់បានចំនួន ២៣១ដើម ដើម្បីលើក កម្ពស់ សោភណភាព និងកិច្ចការពារបរិស្ថាន ព្រមទាំងរៀបចំចំណតរថយន្តបានចំនួន ៣២ចំណត នឹងជួសជុលអតីតអគារមណ្ឌលសុខភាពមានទំហំទទឹង ៩ម៉ែត្រ បណ្ដោយ ១២ម៉ែត្រ ដាក់ម៉ាស៊ីនផលិតអុកស៊ីហ្សែនសម្រាប់បម្រើការផ្គត់ផ្គង់មន្ទីរពេទ្យ ។
ជាមួយការកសាងហេដ្ឋារចនាសម្ព័ន្ធ មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មា បានទទួលសម្ភារ បរិក្ខារវេជ្ជសាស្ត្រដែលជាជំនួយឥតសំណងនៃមូលនិធិ KUSANONE (គូសាណូណេ) របស់រដ្ឋាភិបាលជប៉ុន ចំនួន ១៧ប្រភេទ ស្មើ ៣៧គ្រឿង សរុបជាទឹកប្រាក់ប្រមាណ ២៦៣,៧៦០ដុល្លារ និងបានប្រែក្លាយទៅជាមន្ទីរពេទ្យមួយ ដែលមានហេដ្ឋារចនាសម្ព័ន្ធ ល្អប្រសើរ និងបំពាក់ដោយឧបករណ៍ដ៏ទំនើបៗ។
មន្ទីរពេទ្យកម្រិត២នេះ បម្រើសេវាជូនប្រជាពលរដ្ឋ ដូចជា ផ្នែកជំងឺទូទៅ, ផ្នែកសង្គ្រោះ បន្ទាន់, ផ្នែកជំងឺវះកាត់, ផ្នែកជំងឺកុមារ, ផ្នែកសម្ភពនិងរោគ ស្ត្រី, ផ្នែកជំងឺរបេង, ផ្នែកទន្ត សាស្ត្រ, ផ្នែករូបភាពវេជ្ជសាស្ត្រ, ផ្នែកមន្ទីរពិសោធន៍, ផ្នែកឱសថ និងអនាគតពង្រីក សេវា ផ្សេងៗបន្ថែមទៀត។
មន្ទីរពេទ្យនេះ មិនគ្រាន់តែផ្តល់សេវា សង្គ្រោះ អ្នកជំងឺ ឬសេវាវះកាត់ ឬបញ្ជូនប៉ុណ្ណោះទេ មន្ទីរពេទ្យនេះ ក៏នឹងក្លាយជាមន្ទីរពេទ្យ អាចជួយបណ្តុះបណ្តាល និងបំពាក់បំប៉នសមត្ថភាពបុគ្គលិកនៅតាមស្រុកជិតខាង ក្នុងខេត្តត្បូងឃ្មុំ និងខេត្តនៅជិតនេះ។ ទៅថ្ងៃក្រោយនឹងមានការបញ្ជូនគ្រូពេទ្យជំនាញ ចុះជួយធ្វើការនៅក្នុងមន្ទីរពេទ្យនេះ ដើម្បីឱ្យក្លាយជាមន្ទីរពេទ្យមួយដ៏រឹងមាំ អាចគ្រប់គ្រង និងផ្តល់សេវាសំខាន់នៅក្នុងខេត្តត្បូងឃ្មុំ និងខេត្តជាប់ព្រំប្រទល់ ៕ ដោយ វណ្ណលុក



