សម្ដេចតេជោ ហ៊ុន សែន៖ មន្ទីរពេទ្យធំ សម្ភារៈបរិក្ខាទំនើប តែអ្វីដែលសំខាន់នោះ គឺក្រុមគ្រូពេទ្យ ត្រូវមានក្រមសីលធម៌ខ្ពស់ និងចំណេះជំនាញច្បាស់លាស់

ភ្នំពេញ៖ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញក្ដីរីករាយ និងអបអរសាទរចំពោះសមិទ្ធផលថ្មីបន្ថែម នៃមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ដែលមន្ទីរពេទ្យនេះ នឹងអាចជួយដោះស្រាយទុក្ខលំបាកដល់ប្រជាពលរដ្ឋបានយ៉ាងច្រើនទាំងនៅស្រុកក្រូចឆ្មារ និងស្រុកស្ទឹងត្រង់ នៃខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម ។

សម្ដេចបន្តថា មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ជាមន្ទីរពេទ្យដ៏ធំមួយនៅក្នុងតំបន់ ដែលអាចនិយាយថា ធំជាងមន្ទីរពេទ្យមួយចំនួននៅរាជធានីភ្នំពេញទៅទៀត អាចដាក់គ្រែអ្នកជំងឺបានជាង ៤០០គ្រែ និងមានសម្ព័ន្ធភាពជាច្រើនជាមួយមន្ទីរពេទ្យធំៗ និងឯកទេសជាច្រើន ។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា កូវីដ-១៩ បានដាស់តឿនយើងឱ្យប្រុងប្រយ័ត្នជាប់ជានិច្ច ពាក់ព័ន្ធនឹងសុខុមាលភាពប្រជាជន និងពង្រឹងវិស័យសុខាភិបាលជាប់ជានិច្ច ដើម្បីឆ្លើយតបនឹងជំងឺឆ្លងនានា មិនត្រឹមតែកូវីដ-១៩នោះទេ ។

សម្តេច ថា មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ មានសមត្ថភាពផលិតអុកស៊ីហ្សែនបានដោយខ្លួនឯង និងផលិតបានក្នុងចំនួនច្រើនថែមទៀត ដើម្បីផ្តល់ជូនដល់អ្នកជំងឺ និងបែងចែកទៅកាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យនានាផងដែរ ។

សម្តេចតេជោ ហ៊ុន សែន ក៏បានដាស់តឿនដល់ក្រុមគ្រូពេទ្យដែរថា មន្ទីរពេទ្យធំ សម្ភារៈបរិក្ខាទំនើបហើយ តែអ្វីដែលសំខាន់នោះ គឺនិរន្តរភាពរបស់មន្ទីរពេទ្យ ដោយក្រុមគ្រូពេទ្យទាំងអស់ត្រូវមានក្រមសីលធម៌ខ្ពស់សម្រាប់អ្នកជំងឺ និងចំណេះជំនាញច្បាស់លាស់ ។

សម្តេច ក៏បានណែនាំ និងជំរុញដល់គ្រូពេទ្យបន្តពង្រឹងការយកចិត្តទុកដាក់ខ្ពស់ ក្នុងការពង្រឹងសមត្ថភាព ជាពិសេស ពាក់ព័ន្ធទៅនឹងបច្ចេកវិទ្យាទំនើបៗ សម្រួលដល់ការព្យាបាលអ្នកជំងឺ ៕ អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

សួង ពិសិដ្ឋ
សួង ពិសិដ្ឋ
អ្នកថតពត៌មានចូលបំរើការងារនៅទូរទស្ស៏អប្សរាឆ្នាំ1998រហូតដល់បច្ចុប្បន្នឆ្នាំ2022តាមសម្ដេចតេជោនឹងក្រសួងការបរទេស
ads banner
ads banner
ads banner