រុស្ស៊ីនឹងបន្តកាត់ បន្ថយការផលិតប្រេងរហូតដល់ដំណាច់ឆ្នាំ ២០២៣
មូស្គូ៖ ប្រទេសរុស្ស៊ី នៅថ្ងៃទី០២ ខែមេសានេះ បានបញ្ជាក់ថា ខ្លួនកំពុងបន្តកាត់បន្ថយការផលិតប្រេងចំនួន ៥០០,០០០បារ៉ែលក្នុងមួយថ្ងៃ រហូតដល់ដំណាច់ឆ្នាំ ២០២៣ ដែលនេះជាការឆ្លើយតបទៅនឹងទណ្ឌកម្មរបស់លោកខាងលិច ដែលនឹងត្រូវផុតកំណត់នៅចុងខែមិថុនាខាងមុខ។
Read. ឧបនាយករដ្ឋមន្ត្រីរុស្ស៊ី ទទួលបន្ទុកផ្នែកថាមពល លោក Alexander Novak បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍យ៉ាងដូច្នេះថា ជាសកម្មភាពប្រកបដោយការទទួលខុសត្រូវ និងការពារទុកជាមុននោះ រុស្ស៊ីកំពុងអនុវត្តការកាត់បន្ថយការផលិតប្រេងដោយស្ម័គ្រចិត្តចំនួន ៥០០,០០០បារ៉ែលក្នុងមួយថ្ងៃរហូតដល់ដំណាច់ឆ្នាំ ២០២៣ខាងមុខនេះ។
យោងតាមប្រភពព័ត៌មានពីកាសែតរ៉យទ័របានរាយការណ៍ថា ប្រទេសរុស្ស៊ីបានបង្វែរទិសដៅនៃការនាំចេញប្រេងរបស់ខ្លួន ពីរដ្ឋមួយចំនួនទៅកាន់ទីផ្សារថ្មីៗដូចជា អាស៊ី អាហ្រ្វិក អាមេរិកឡាទីន និងមជ្ឈិមបូព៌ា។
បើតាមឧបនាយករដ្ឋមន្ត្រីរុស្ស៊ី លោក Aleksandr Novak បរិមាណនៃការនាំចេញទៅកាន់ប្រទេសឥណ្ឌាតែម្នាក់ឯងបានកើនឡើង ២២ដងកាលពីឆ្នាំ ២០២២ កន្លងទៅនេះ។ មិនត្រឹមតែប៉ុណ្ណោះ រុស្ស៊ីក៏បានក្លាយជាអ្នកផ្គត់ផ្គង់ប្រេងកំពូលរបស់ប្រទេសចិនក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំ២០២៣នេះផងដេរ ដែលបានកើនឡើង ២៣,៨ ភាគរយ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា


