ដីកា​ចាប់ខ្លួនលោក ពូទីន អាចរាំងស្ទះដល់ដំណើរឆ្ពោះទៅរក​សន្តិភាព នៅអ៊ុយក្រែន

ឡាអេ៖ ដីកាចាប់ខ្លួនប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) អាចនឹងធ្វើឱ្យមេដឹកនាំរុស្ស៊ីដែលបាននិងកំពុងលុកលុយទឹកដីអ៊ុយក្រែន ត្រូវប្រឈមមុខនឹងប្រព័ន្ធយុត្តិធម៌អន្តរជាតិ ប៉ុន្តែក៏បង្កឱ្យមានភាពស្មុគស្មាញដល់ការបញ្ចប់សង្រ្គាមតាមរយៈកិច្ចចរចាដោយសន្តិវិធីផងដែរ។ ដូច្នេះហើយ ទាំងយុត្តិធម៌ និងសន្តិភាព ហាក់ដូចជាស្ថិតនៅវែងឆ្ងាយណាស់នាពេលបច្ចុប្បន្ននេះ ហើយទំនាក់ទំនងដ៏ចម្រូងចម្រាសរវាងភាគីទាំងពីរ កាន់តែជាប់គាំងបន្ថែមទៀត បន្ទាប់ពីសេចក្ដីសម្រេចរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិកាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ ដែលបានចេញដីកាចាប់ខ្លួនមេដឹកនាំរុស្ស៊ី។​

សូមរំឭកដែរថា​ គណៈចៅក្រមនៅទីក្រុងឡាអេ ប្រទេស​ហូឡង់ បានរកឃើញហេតុផលសមរម្យគ្រប់គ្រាន់ដើម្បីចោទប្រ​កាន់លោក ពូទីន និងស្នងការរបស់លោកដែលទទួលបន្ទុកផ្នែកសិទ្ធិកុមារ។​ មេដឹកនាំដែលត្រូវបានចេញដីកាចាប់ខ្លួ​នទាំងអស់នេះ ត្រូវទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មសង្គ្រាម ជាពិសេសការនិរទេស និងការបញ្ជូនកុមារដោយខុសច្បាប់ពីតំបន់កាន់កាប់របស់ខ្លួននៅលើទឹកដីអ៊ុយក្រែនទៅកាន់ប្រទេសរុស្ស៊ី។

បើទោះបីជា​លោក ពូទីន​ ទំនងនឹងមិនអាចមានវត្តមាននៅក្នុងបន្ទប់​សវនាការទីក្រុងឡាអេក៏ដោយ ប៉ុន្តែក៏ធ្លាប់មានមេដឹ​កនាំ​ផ្សេង​ទៀតជាច្រើនរូបមកហើយ​ ដែលត្រូវបាន​ប្រឈមមុខ​នឹងប្រព័ន្ធ​យុត្តិធម៌​នៅ​តុលាការ​អន្តរជាតិ។​

ឧទាហរណ៍ អតីតបុរសខ្លាំងមួយរូបជនជាតិស៊ែប៊ីឈ្មោះថាលោក ស្លូប៊ូដិន មីឡូសូវិច(Slobodan Milosevic) ដែលជាមេដឹកនាំនៅពីក្រោ​យសង្រ្គាមបាល់កង់ក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៩០ ត្រូវបានកាត់ទោសពីបទឧក្រិដ្ឋកម្មសង្រ្គាម និងអំពើប្រល័យពូជសា​សន៍នៅតុលាការអង្គការសហប្រជាជាតិនៅទីក្រុងឡាអេមួយនេះ បន្ទាប់ពីលោកបានបាត់បង់អំណាច។ យ៉ាងណាក៏ដោ​យ លោកបានស្លាប់នៅក្នុងបន្ទប់ឃុំខ្លួនក្នុងឆ្នាំ២០០៦ ពោលគឺមុនពេលដែលតុលាការចេញសាលក្រមថ្កោលទោសជាស្ថាពរ។​

ប្រទេសស៊ែប៊ី ជាប្រទេសដែលមានបំណងចង់ចូលជាសមាជិករបស់សហភាពអឺរ៉ុប ប៉ុន្តែតែងតែរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយនឹងរុស្ស៊ី ហើយក៏ជាប្រទេសមួយក្នុងចំណោមប្រទេសដទៃទៀតដែលបានរិះគន់សេចក្ដីសម្រេចរបស់តុ​លាការឧក្រិដ្ឋកម្មអន្តរជាតិជុំវិញដីកាចាប់ខ្លួនលោក ពូទីន។

ប្រធានាធិបតីស៊ែប៊ី លោក អាឡិចសាន់ឌ័រ វូស៊ីស(Aleksandar Vucic) បានថ្លែងថា ៖ «ដីកាចាប់ខ្លួននេះនឹងជះផលអាក្រក់ផ្នែកនយោបាយ និ​ងបង្កើតឱ្យមានការរាំងស្ទះខ្លាំងដល់កិច្ចចរចារទៅរកសន្តិភាព និងបទឈប់បាញ់នៅអ៊ុយក្រែន»។​

យ៉ាងណាក៏ដោយ ប្រទេសមួយចំនួនផ្សេងទៀតបានមើលឃើញថា ដីកាចាប់ខ្លួនដែលលោក ពូទីន និងអ្នកផ្សេងទៀតដែលត្រូវបានចោទពីបទឧក្រិដ្ឋកម្មសង្គ្រាម ទទួលបាន គឺចាំបាច់ណាស់នៅក្នុងប្រព័ន្ធយុត្តិធម៌អន្តរជាតិ។ កាលពីថ្ងៃសុ​ក្រ ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula Von Der Leyen បានថ្លែងនៅក្នុងពិធីប្រារព្ធខួបមួយឆ្នាំនៃការរំដោះទី​ក្រុងប៊ូឆា (Bucha) នៅប្រទេសអ៊ុយក្រែនថា «ជនល្មើសនិងបក្ខពួករបស់ពួកគេនឹងគ្មានផ្លូវរត់រួចពីសំណាញ់ច្បាប់នោះទេ»។ លោកស្រីបន្តថា ៖ «ឧក្រិដ្ឋជនសង្គ្រាមនឹងត្រូវទទួលខុសត្រូវចំពោះទង្វើរបស់ពួកគេដែលបានប្រព្រឹត្ត»។​

ដោយឡែក ប្រទេសហុងគ្រីដែលជាសមាជិករបស់សហភាពអឺរ៉ុបដែរនោះ មិនបានចូលរួមជាមួយរដ្ឋសមាជិកទាំង ២​៦​ ប្រទេសផ្សេងទៀតក្នុងការចុះហត្ថលេខាគាំទ្រដីកាចាប់ខ្លួនលោក ពូទីន របស់តុលាការអន្តរជាតិនោះទេ។ ប្រធានគ្រប់គ្រងមន្ត្រីរបស់រដ្ឋាភិបាលហុងគ្រីលោក Gergely Gulyas បានប្រាប់ឱ្យដឹងថា អាជ្ញាធរហុងគ្រីនឹងមិនចាប់ខ្លួនលោក ពូទីន នោះទេ ប្រសិនបើលោកធ្វើដំណើរចូលមកក្នុងប្រទេសហុងគ្រី។ លោកក៏​បាន​ហៅ​ដីកា​នេះ​ថាជា «ដីកាដែលមិនបានផ្ដល់លទ្ធផលល្អសោះឡើយ​ ព្រោះ​វានឹងបង្កឱ្យមានភាពតានតឹងកាន់តែខ្លាំង និង​មិនអាច​ឈាន​ទៅ​រក​សន្តិភាពបាន​»​។​

គួរកត់សម្គាល់ថា លោក ពូទីន កំពុងក្ដោបក្តាប់អំណាចទាំងស្រុងនៅរុស្ស៊ី ហើយអ្នកវិភាគមួយចំនួនយល់ឃើ​ញថា ដីកាចាប់ខ្លួនរូបលោក អាចជាហេតុធ្វើឱ្យសង្គ្រាមកាន់តែអូសបន្លាយពេលវេលាយូរបន្តទៀត។

លោក Daniel Krcmaric សាស្ត្រាចារ្យរងផ្នែកវិទ្យាសាស្ត្រនយោបាយនៅសាកលវិទ្យាល័យ Northwestern បានផ្ញើសេចក្ដីអត្ថាធិប្បាយតាមរយៈអ៊ីមែលទៅកាន់សារព័ត៌មាន The Associated Press ថា «ដីកាចាប់ខ្លួនលោកពូទីន អាចនឹងបង្អាក់ដំណើរនៃការខិតខំប្រឹងប្រែងដើម្បីឈានដល់កិច្ចព្រមព្រៀងសន្តិភាពនៅប្រទេសអ៊ុយក្រែន»។​

មធ្យោបាយមួយក្នុងដំណើរឆ្ពោះទៅរកការចរចាដើម្បីស្វែងរកសន្តិភាពបាននោះគឺ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិត្រូវអំពាវនាវឱ្យតុលាការឧក្រិដ្ឋកម្មអន្តរជាតិផ្អាកការស៊ើបអង្កេតនៅប្រទេសអ៊ុយក្រែនរយៈពេលមួយឆ្នាំ ដែ​លចំណុចនេះក៏មានចែងអនុញ្ញាតឱ្យធ្វើបែបនេះនៅក្នុងមាត្រា ១៦ នៃសន្ធិសញ្ញាទីក្រុងរ៉ូម (Rome Statute) ដែលជា​សន្ធិសញ្ញាដែលបានបង្កើតតុលាការនេះឡើង។​

ប៉ុន្តែវាហាក់ដូចជាមិនអាចទៅរួចនោះទេ នេះគឺជាការលើកឡើងរបស់លោក Daniel Krcmaric ដែលជាអ្នកនិពន្ធសៀ​វ​ភៅមួយឈ្មោះថា «The Justice Dilemma» ឬប្រែជាភាសាខ្មែរក្រៅផ្លូវការថា «ទ្វេគ្រោះនៃយុត្តិធម៌»។ សៀវភៅនេះនិ​យាយ​ពីភាពតានតឹងរវាងការស្វែងរកយុត្តិធម៌ និងលទ្ធផលនៃការចរចារដើម្បីបញ្ចប់ជម្លោះ។

លោកបានមានប្រសា​សន៍ថា ៖ «បណ្ដាប្រទេសប្រជាធិបតេយ្យលោកខាងលិចនឹងត្រូវព្រួយបារម្ភអំពីមតិរបស់សាធារណៈជនជាច្រើន ប្រសិនបើពួកគេធ្វើការសម្រេចបោះបង់យុត្តិធម៌ដើម្បីជ្រើសរើសយកសន្តិភាព»។ លោកបានបន្ថែមថា «ប្រទេសអ៊ុយក្រែនក៏ទំនងជាមិនគាំទ្រការធ្វើបែបនេះនោះដែរ»។​

សូមបញ្ជាក់ថា រុស្ស៊ី​បាន​បដិសេធ​ភ្លាមៗចំពោះ​ដីកាចាប់ខ្លួន​នេះ ហើយអ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េស្កូវ (Dmitry Peskov) បានឱ្យដឹងថា ទីក្រុងមូស្គូមិនទទួលស្គាល់យុត្តាធិការរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិនោះទេ ហើយរុស្ស៊ីក៏បានចាត់ទុកសេចក្ដីសម្រេចចេញដីកាចាប់ខ្លួននេះថាជាដីកាគ្មានប្រសិទ្ធភាពតាមផ្លូវច្បាប់នោះទេ។ បន្ថែមលើនេះ ​លោក ឌីមីទ្រី មេដវេដេវ (Dmitry Medvedev) អនុប្រធាន​ក្រុមប្រឹក្សាសន្តិសុខ​រុស្ស៊ីដែល​ដឹកនាំ​ដោយ​លោក ពូទីន បានរំលេចថា ​ទីស្នាក់ការ​កណ្តាលរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិដែលស្ថិតនៅតំបន់​ឆ្នេរ​ប្រទេស​ហូឡង់ អាច​នឹងក្លាយជា​គោលដៅ​របស់គ្រាប់មីស៊ីលរបស់រុស្ស៊ីទៀតផង។

ចំណែកលោក Alexander Baunov អ្នកវិភាគនៅវិទ្យាស្ថាន Carnegie Endowment បានសង្កេតឃើញថា ដីកាចាប់ខ្លួនលោកពូទីនអាចជំរុញឱ្យឥស្សរជនរុស្ស៊ី បោះបង់ចោលលោកពូទីន ហើយអាចឈានដល់ការធ្លាក់ចុះនៃចំនួនអ្នកគាំទ្ររបស់លោកទៀតផង។

គួររំលេចដែរថា ខណៈដែលមានការគាំទ្រចំពោះដីកាចាប់ខ្លួនលោកពូទីន និងស្នងការរបស់លោកដែលទទួលបន្ទុកខា​ងផ្នែកសិទ្ធិកុមារ ក្រុមសិទ្ធិមនុស្សក៏បានជំរុញសហគមន៍អន្តរជាតិ​ ឱ្យកុំភ្លេចដល់ការស្វែងរកយុត្តិធម៌នៅក្នុងជម្លោះផ្សេងៗជាច្រើនទៀតនៅជុំវិញពិភពលោក។​

លោកស្រី បាល់ឃីស ចារ៉ាស (Balkees Jarrah) អនុប្រធានផ្នែកយុត្តិធម៌អន្តរជាតិនៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ៖ «ដីកាចាប់ខ្លួនលោក ពូទីន របស់តុ​លាការឧក្រិដ្ឋកម្មអន្តរជាតិ ជាការឆ្លុះបញ្ចាំងពីការវិវត្តនៃកិច្ចខិតខំប្រឹងប្រែងជាច្រើនកន្លងមករបស់ប្រព័ន្ធយុត្តិធម៌អន្តរជាតិ ដែលបានឈឺឆ្អាលលើបញ្ហានៅតាមតំបន់ផ្សេងៗជុំវិញពិភពលោក»។

លោកស្រីបានបន្តថា ៖ «ការស្វែងរកយុត្តិធម៌ស្រដៀងគ្នានេះដែរ គឺចាំបាច់ត្រូវធ្វើឡើងដូចគ្នានៅតំបន់ផ្សេងៗទៀត ដើ​ម្បីធានាថាសិទ្ធិរបស់ជនរងគ្រោះត្រូវបានគោរព និងការពារជាសកល មិនថានៅប្រទេសអាហ្វហ្កានីស្ថាន អេត្យូពី មីយ៉ាន់ម៉ា ឬប៉ាឡេស្ទីននោះទេ»៕

ប្រែសម្រួល៖ធា សុណា

ប្រភព៖ https://apnews.com/article/putin-arrest-warrant-ukraine-war-crimes-court-93bfa0eb81dd2abe5edb008b78df568d

ads banner