ប្រមុខការពារជាតិរុស្ស៊ីធ្វើជាប្រធានកិច្ចប្រជុំ ស្តីពីការផ្គត់ផ្គង់អាវុធដល់កងទ័ព
មូស្គូ៖ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក សឺហ្គេ ស៊យហ្គូ បានបើកកិច្ចប្រជុំមួយ ស្តីពីការផ្គត់ផ្គង់សព្វាវុធដល់កងទ័ព នៅឯទីស្នាក់ការកណ្តាលនៃកងកម្លាំងរួម។
Read. សេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិបានបញ្ជាក់នៅថ្ងៃទី០២ ខែមេសានេះថា រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក សឺហ្គេ ស៊យហ្គូ បានទៅទស្សនាទីស្នាក់ការកណ្តាលនៃកងកម្លាំងចម្រុះ ដើម្បីស្តាប់របាយការណ៍អំពីស្ថានភាពបច្ចុប្បន្ន និងជួបជាមួយមេបញ្ជាការក្រុម និងអនុរដ្ឋមន្ត្រីការពារជាតិ ដើម្បីបើកកិច្ចប្រជុំស្តីពីការផ្គត់ផ្គង់សព្វាវុធដល់កងទ័ព។
លោក ស៊យហ្គូ បានចង្អុលបង្ហាញថា រដ្ឋាភិបាល និងក្រសួងការពារជាតិរុស្ស៊ីរក្សាការផ្គត់ផ្គង់សព្វាវុធឱ្យស្ថិតក្រោមការគ្រប់គ្រងដែលមានស្ថេរភាព ហើយថា រុស្ស៊ីបានបង្កើនការផលិតអាវុធដែលមានភាពជាក់លាក់ខ្ពស់។
លោក ស៊យហ្គូ បានសង្កត់ធ្ងន់ថា ជំហានដើម្បីពង្រីកសមត្ថភាពផលិតកម្ម និងបង្កើនផលិតភាព បានធ្វើឱ្យរុស្ស៊ីអាចបង្កើនការផលិតអាវុធសម្រាប់កងទ័ពយ៉ាងច្រើន រួមទាំងអាវុធធម្មតា និងមានភាពជាក់លាក់ខ្ពស់ផងដែរ។
ទាំងអស់នេះអនុញ្ញាតឱ្យយើងសម្រេចបាននូវគោលដៅដែលកំណត់ដោយអគ្គមេបញ្ជាការកំពូល ដោយផ្អែកលើផែនការនៃប្រតិបត្តិការយោធាពិសេស។ អ្នកចូលរួមកិច្ចប្រជុំខាងលើនេះ ក៏បានពិភាក្សាអំពីវិធីដើម្បីបង្កើនការផ្គត់ផ្គង់អាវុធបន្ថែមទៀតដល់កងទ័ពរុស្ស៊ី រួមទាំងតម្រូវការដើម្បីបង្កើនប្រសិទ្ធភាពនៃប្រព័ន្ធដឹកជញ្ជូនផងដែរ៕ ប្រភព៖ Tass ប្រែសម្រួលដោយ៖ ឈឹម ទីណា

