ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅខេត្តមណ្ឌលគីរី ប្រព្រឹត្តទៅដោយរលួន
មណ្ឌលគីរី៖ សេចក្តីរាយការណ៍ពីមន្ត្រីឃ្លាំមើលការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុងខេត្តមណ្ឌលគីរី នៅព្រឹកថ្ងៃទី១៩ សីហា ឆ្នាំ២០១៩ ដែលជាថ្ងៃទី១នៃការប្រឡង គឺបានដំណើរការទៅយ៉ាងល្អ ចំណែកអាកាសធាតុក៏អំណោយផល ដោយមិនមានភ្លៀងធ្លាក់ ដូចសព្វមួយដងនោះទេ។ ការប្រឡងនេះមានការរៀបចំតឹងរ៉ឹងដូចរៀងរាល់ឆ្នាំ។ ពោលគឺមានគ្រូអនុរក្សចាំឆែកឆេរលើដងខ្លួនបេក្ខជនប្រឡង ២ដំណាក់កាល គឺមុនចូលបរិវេណមណ្ឌលប្រឡង និងមុនចូលបន្ទប់ប្រឡង ដោយរឹតបន្តឹងមិនឲ្យបេក្ខជនមានឱកាសបាន យកសំណៅឯកសារ ឬម៉ាស៊ីនគិតលេខ ទូរសព្ទ ចូលក្នុងបន្ទប់ប្រលងបានទេ ដោយការប្រលងគឺបេក្ខជនត្រូវបង្ហាញសមត្ថភាពពិតៗ។
ក្នុងបរិវេណមណ្ឌលប្រឡង ត្រូវគេឃើញថា ក្រុម សសយក បានរៀបចំកន្លែងផ្ញើម៉ូតូមិនគិតថ្លៃពីបេក្ខជន ដើម្បីកាពារសុវត្ថភាពលើមធ្យោបាយផងដែរ។ ក្នុងបរិវេណនោះថែមទៀត នគរបាល អាវុធហត្ថ ក្រុមគ្រូពេទ្យ ក៏ត្រូវគេបញ្ជាក់ថាមានវត្តមាន នៅទីនោះថែមទៀតផង។
លោក ទឹម សង្វាត ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តមណ្ឌលគីរី បានឲ្យដឹងថា ការប្រឡងត្រូវបែងចែក ជា២មណ្ឌល ស្មើនឹង១៧បន្ទប់ ដែលមណ្ឌលទាំង០២ ក្នុងស្ថិតក្នុងវិទ្យាល័យហ៊ុនសែនមណ្ឌលគិរី ក្នុងក្រុងសែនមនោរម្យ ចំណែកបេក្ខជនប្រឡងសរុបមានចំនួន៤០១នាក់ (ស្រីចំនួន២២១នាក់) ក្នុងនោះថ្នាក់វិទ្យាសាស្ត្រជាង៤០នាក់ និងថ្នាក់វិទ្យាសាស្ត្រសង្គមជាង៣០០នាក់។ លោកបញ្ជាក់ថា ចំពោះគ្រូអនុរក្សសរុបមាន៣៨នាក់ ហើយនៅព្រឹកថ្ងៃដំបូង នៃការប្រឡងគឺមិនមានអវត្តមាននោះទេ។
សូមបញ្ជាក់ដែរថា នៅព្រឹកថ្ងៃដំបូងនៃការប្រឡងអភិបាលខេត្តមណ្ឌលគីរី ឯកឧត្ដម ស្វាយ សំអ៊ាង ក៏បានអញ្ជើញ មកកាត់បើកវិញ្ញាសារប្រលង និងលើកទឹកចិត្តដល់បេក្ខជនប្រលងផងដែរ ហើយក្នុងនោះលោកឧកញ៉ា អ៊ឹង ស៊ីតានវរៈ ប្រធានកិត្តិយសសាខាកាកបាទក្រហមខេត្តមណ្ឌលគីរីបានប្រកាសថា នឹងផ្ដល់រង្វាន់ម៉ូតូ១គ្រឿងជូនបេក្ខជនរូបណា ដែលទទួលបាននិទ្ទេស A។ ចំណែកម្ចាស់ផ្ទះសំណាក់ សណ្ឋាគារ ក្នុងក្រុងសែនមនោរម្យចំនួន៦កន្លែង ក៏បានឧបត្ដមបន្ទប់ ក៏ដូចជាអាហារជូនបេក្ខជនក្រីក្រមកពីតាមបណ្ដាស្រុកផងដែរ៕ធ.ដ
ដោយៈសាតចាន់បុត្រ