ឆ្នាំ២០១៩នេះ ខេត្តបាត់ដំបងមានបេក្ខជនប្រឡងបាក់ឌុប សរុបជាង៧ពាន់នាក់

ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩នេះ ស្ថិតនៅក្នុងមណ្ឌលប្រឡងនៃ សាកលវិទ្យាល័យបាត់ដំបង (UBB) មានវត្តមានឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង និងក្រុមការងាររបស់ក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញកាត់ និងបើកកញ្ចប់វិញ្ញាសាប្រឡងជានិមិត្តរូប ក្នុងឱកាសបើកសម័យប្រឡងបាក់ឌុបថ្ងៃនេះ។

នៅក្នុងឱកាសអញ្ជើញជាអធិបតីកាត់ និងបើកវិញ្ញាសាសម្រាប់ការប្រឡងបាក់ឌុបថ្ងៃនេះ ឯកឧត្តម ងួន រតនៈ ក៏បានផ្តល់កម្លាំងចិត្ត និងបានលើកទឹក ចិត្តដល់ក្មួយៗមកប្រឡងឲ្យខិតខំប្រឹងប្រែងបញ្ចេញសមត្ថភាព និងចំណេះដឹងចេះចាំក្នុងខ្លួន ដើម្បីដណ្តើមជ័យលាភីឲ្យបានជាប់និទ្ទេស A និងប្រឡងជាប់ឲ្យបានគ្រប់គ្នា។ ជាមួយគ្នានេះ ក៏ត្រូវរក្សាសុវត្ថិភាពផ្ទាល់ខ្លួនមកប្រឡងឲ្យបានទាន់ពេលវេលា ថែទាំសុខភាព និងការធ្វើដំណើរទៅមកក្នុងពេលប្រឡង ត្រូវពាក់មួកសុវត្ថិភាព។
សូមបញ្ជាក់ដែរថា សម្រាប់ខេត្តបាត់ដំបង នៅឆ្នាំ២០១៩នេះ មានបេក្ខជនចូលរួមប្រឡង សរុប  ៧,២៧៤នាក (ស្រី៤,០៧៤នាក់) បើធៀបនឹងឆ្នាំមុន មានការកើនឡើងចំនួន៣៦នាក់ ហើយមានបេក្ខជន គរថ្លង់ចំនួន០២រូប និងពិការភ្នែកទាំងពីរ០១រូប (ស្រីទាំងអស់)។ ក្នុងនោះ មុខវិជ្ជាផ្នែកវិទ្យាសាស្ត្រមានចំនួន៣,៣0២នាក់ (ស្រី១,៩៦៧នាក់) និងមានមណ្ឌលប្រឡងចំនួន០៥។ ដោយឡែកផ្នែកវិទ្យាសាស្ត្រសង្គមចំនួន៣,៩៧២នាក់ (ស្រី២,១០៧នាក់) និងមានមណ្ឌលប្រឡងចំនួន០៦ និងមានបន្ទប់ប្រឡងសរុបចំនួន២៩៤បន្ទប់។ គួររម្លឹកថា ឆ្នាំ២០១៨កន្លងទៅ ការប្រឡងបាក់ឌុបក្នុងខេត្តបាត់ដំបង សិស្សដែលប្រឡងជាប់មានចំនួន៤,៧៦៩នាក់ (ស្រី២,៦៥១នាក់) ក្នុងចំណោមបេក្ខជនចូលរួមប្រឡងសរុប៧,២៣៣នាក់។ អ្នកជាប់និទ្ទេស(A) ចំនួន២៣នាក់ (ស្រី០៩នាក់)។

គួរឲ្យដឹងផងដែរថា សម្រាប់ការប្រឡងបាក់ឌុបឆ្នាំនេះ កងកម្លាំងរៀបចំការពារសន្តិសុខ សណ្តាប់ធ្នាប់នៅតាមមណ្ឌលប្រឡងទាំង១១មណ្ឌលទូទាំងខេត្តបាត់ដំបង ត្រូវបានជ្រើសរើសចេញពីវិទ្យាស្ថានគរុកោសល្យភូមិភាគបាត់ដំបង និងគរុសិស្សនៃវិទ្យាស្ថានវិក្រឹត្យការខេត្ត ប្រមាណ៣០០នាក់ ដោយអ្នកទាំងនោះសុទ្ធសឹងធ្លាប់បានចូលរួមក្នុងការប្រឡង ក្នុងសម័យកាល ក្នុងការធ្វើកំណែទម្រង់របស់ក្រសួងអប់រំ យុវជន និងកីឡា។ បើតាមការរំពឹងទុកថាការប្រឡងនៅឆ្នាំនេះ នឹងមានភាពល្អប្រសើរ ទាំងផ្នែកសន្តិសុខ និងសណ្តាប់ធ្នាប់ក្នុងការប្រឡង រក្សាបានដូចកាលពីពួកគេប្រឡងនៅអំឡុងឆ្នាំនោះដែរ។ នេះបើតាមការលើកឡើងរបស់លោក យី សុងគី ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តបាត់ដំបង នៅមុនពេលប្រឡងបន្តិចដោយបានធ្វើការប្ដេជ្ញាថា នឹងខិតខំប្រឹងប្រែងចូលចូលរួមសហការល្អជាមួយនឹងក្រសួងអប់រំ ដើម្បីធ្វើយ៉ាងណាឲ្យការប្រឡងមធ្យមសិក្សាទុតិយភូមិនៅឆ្នាំ២០១៩នេះ ទទួលបានជោគជ័យ និងទទួលយកបានពីគ្រប់ភាគីទាំងអស់ បើទោះបីជាឆ្នាំនេះគ្មានអ្នកសង្កេតការណ៍មកពីអង្គភាពប្រឆាំងអំពើពុករលួយ ចូលរួមសង្កេតនៅក្នុងការប្រឡងនៅឆ្នាំនេះក៏ដោយ៕ម.ន ដោយៈ អ៊ុក សំអាន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner