សម្ដេចប្រធានរដ្ឋសភា ជម្រាបឯកអគ្គរាជទូតជប៉ុនទើបចប់អាណត្តិថា កម្ពុជាអនុវត្តន៍ ពេញលេញលើប្រព័ន្ធប្រជាធិបតេយ្យសេរីពហុបក្ស

នៅវិមានរដ្ឋសភាជាតិ នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩នេះ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាអនុញ្ញាតឲ្យឯកឧត្តម ហៃដិហិសា ហូរីនូជិ (Hidehisa Horinouchi) ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា ចប់អាណត្តិ ចូលជួបសម្ដែងការគួរសម និងជម្រាបលា។ បន្ទាប់ពីចប់ជំនួបពិភាក្សា ឯកឧត្តម កែវ ពិសិដ្ឋ នាយកខុទ្ទកាល័យសម្តេចប្រធានរដ្ឋសភា មានប្រសាសន៏ឲ្យដឹងថា នៅក្នុងជំនួ ឯកឧត្តមឯកអគ្គរាជទូតជប៉ុន បានជម្រាបជូនសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជាថា កម្ពុជា និងជប៉ុន មានទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ចជាមួយគ្នាយ៉ាងល្អ កម្ពុជាសម្រេច បាននូវកំណើនសេដ្ឋកិច្ចខ្ពស់។ កាលពីឆ្នាំទៅ គឺជាខួប៦៥ឆ្នាំ នៃទំនាក់ទំនងការទូតជប៉ុន-កម្ពុជា។

នៅក្នុងអាណត្តិបេសកកម្មការទូតរបស់ឯកឧត្តមរយ:ពេល៣ឆ្នាំនៅកម្ពុជា បានពង្រឹងទំនាក់ទំនងការទូតជាមួយគ្នាយ៉ាងល្អ ហើយនឹងមានកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។ នៅក្នុងបេសកកម្មការទូតរបស់ឯកឧត្តមនៅកម្ពុជា មានការផ្លាស់ប្ដរថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ។ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានអញ្ជើញទៅបំពេញទស្សនកិច្ច និងចូលរួមប្រជុំនៅប្រទេសជប៉ុន នឹងបានជួបពិភាក្សាជាមួយនឹងឯកឧត្តមនាយករដ្ឋមន្ត្រីជប៉ុន និងបានពិភាក្សាលើការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ជប៉ុន និងជំរុញអ្នកវិនិយោគទុន និងទេសចរជប៉ុនឲ្យមកបណ្ដាក់ទុន ក៏ដូចជាទស្សនានៅកម្ពុជា។ ឯកឧត្តមបានបញ្ជាក់ថា សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា មានតួនាទីសំខាន់ក្នុងការពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរកម្ពុជា-ជប៉ុន ឲ្យកាន់តែរឹងមាំពង្រឹងកិច្ចសហប្រតិការរវាងប្រទេសទាំងពីរលើគ្រប់វិស័យ។

ជាការឆ្លើយតបសម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានលើកឡើងថា ជប៉ុន-កម្ពុជា បានកសាងចំណងការទូតដ៏ល្អប្រពៃជាមួយគ្នាអស់រយៈពេលជាង៦៥ឆ្នាំមកហើយ។ សម្តេចបានបញ្ជាក់ទៀតថា ចាប់តាំងពីឆ្នាំ២០១៣មក វឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនេះ ត្រូវបានថ្នាក់ដឹកនាំ ប្រទេសទាំងពីរ រួមគ្នាលើកកម្ពស់ឲ្យទៅជាភាពជាដៃគូយុទ្ធសាស្រ្ត ហើយអត្ថន័យ និងខ្លឹមសារ នៃចំណងការទូតនេះ ត្រូវបានអនុវត្តន៍យ៉ាងសកម្មផុលផុស នៅគ្រប់កម្រិត គ្រប់វិស័យ ព្រមទាំងបានប្រែក្លាយទៅជាផលប្រយោជន៍ជាក់ស្តែងយ៉ាងច្រើន ដល់ពលរដ្ឋកម្ពុជា។ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានមានប្រសាសន៍ថា រយៈពេល៣ឆ្នាំ នៃបេសកកម្មការទូតរនៅកម្ពុជា ឯកឧត្តមបានបង្កើតនូវចំនុចគួរឲ្យកត់សម្គាល់នៅក្នុងចំណោមសកម្មភាពលេចធ្លោជាច្រើនក្នុងនោះមាន ៖ ការកើនឡើងនៃទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគ ការបង្កើតការិយាល័យកុងស៊ុលជប៉ុន នៅខេត្តសៀមរាបការរៀបចំប្រារព្ធខួប៦៥ឆ្នាំ នៃចំណងការទូតប្រទេសទាំងពីរ និងការលើកកំពស់កិច្ចសហប្រតិបត្តិការ រវាងជប៉ុន និងប្រទេសអនុតំបន់ទន្លេមេគង្គ ឲ្យឈានកម្រិត “ភាពជាដៃគូយុទ្ធសាស្រ្ត”។

សម្តេចប្រធានរដ្ឋសភាជឿជាក់ថា ៣ឆ្នាំនៃបេសកកម្មការទូតនៅកម្ពុជា ឯកឧត្តមបានឃើញផ្ទាល់ភ្នែកនូវជីវភាពកាន់តែប្រសើរឡើងរបស់ពលរដ្ឋកម្ពុជា លើដំណើរការសង្គមប្រជាធិបតេយ្យដ៏វែងឆ្ងាយមួយ ដែលកម្ពុជាបេ្តជ្ញាយ៉ាងមុតមាំ គោរពគោលការណ៍ប្រជាធិបតេយ្យ និងប្រព័ន្ធពហុបក្សនិយមនៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួន។ សម្តេចបានបន្តថា ឯកឧត្តមក៏ដូចជាឯកអគ្គរាជទូតមុនៗតែងតែបានយល់ និងគាំទ្រ និងជឿជាក់លើដំណើរការអនុវត្តន៍លទ្ធិប្រជាធិបតេយ្យរបស់កម្ពុជាជារៀងដរាប។ កម្ពុជា អនុវត្តន៍ពេញលេញលើប្រព័ន្ធប្រជាធិបតេយ្យសេរីពហុបក្ស និងសូមអរគុណជប៉ុន ចំពោះការគាំទ្រការកែទម្រង់ការបោះឆ្នោត និងការលើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជា។ ក្នុងនាមប្រជាជនកម្ពុជា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន សូមអរគុណប្រទេសជប៉ុន ដែលបានផ្តល់ជំនួយយ៉ាងច្រើនសន្ធឹកសន្ធាប់ដល់កម្ពុជា ចាប់ពីឆ្នំា១៩៩២ ដល់បច្ចុប្បន្ននេះ ប្រមាណជិត៣ពាន់លានដុល្លាសហរដ្ឋអាម៉េរិក ដើម្បីធ្វើការអភិវឌ្ឍប្រទេស និងសង្ឃឹមជប៉ុន នឹងបន្តជួយគាំទ្របន្ថែមទៀតជាពិសេសការអភិវឌ្ឍធនធានមនុស្ស និងការក៏សាងសមត្ថភាព ដើម្បីឲ្យកម្ពុជាមានលទ្ធភាព អភិវឌ្ឍន៍ប្រទេសឲ្យកាន់តែរីកចម្រើនថែមទៀត។ សម្តេចសង្ឃឹមថា ទោះបីឯកឧត្តម បានបញ្ចប់បេសកកម្មការទូតនៅកម្ពុជា ក៏ឯកឧត្តមនៅតែរក្សាទំនាក់ទំនងល្អជាមួយកម្ពុជា និងបន្តជួយផ្សព្វផ្សាយ លើកទឹកចិត្តវិនិយោគិន និងភ្ញៀវទេសចរជប៉ុន ឲ្យបន្តវិនិយោគ និងមកកម្សាន្តនៅកម្ពុជា៕ម.ន ដោយៈ ប៉ក់ សុខឃីម

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner