អាត្រាមរណភាពទារក និងកុមារក្រោម ៥ឆ្នាំ នៅកម្ពុជាបានធ្លាក់មកជាង ១០នាក់ ក្នុងចំណោម ១០០០នាក់

ភ្នំពេញ ៖ លទ្ធផលអង្កេតប្រជាសាស្រ្ត និងសុខភាពកម្ពុជាឆ្នាំ ២០២១-២០២២ បានចេញផ្សាយនៅថ្ងៃនេះ ដោយបង្ហាញថា អាត្រាមរណភាពទារក និងកុមារអាយុក្រោម ៥ឆ្នាំ នៅកម្ពុជា បានធ្លាក់ចុះគួរឱ្យកត់សម្គាល់។ ជាក់ស្ដែង មរណភាពទារក ធ្លាក់មកត្រឹម ១២នាក់ រីឯអាត្រាមរណភាពកុមារអាយុក្រោម ៥ឆ្នាំ ធ្លាក់មកត្រឹម ១៦នាក់ ក្នុងចំណោម ១០០០នាក់ ។

អង្កេតប្រជាសាស្រ្ត និងសុខភាពកម្ពុជាឆ្នាំ ២០២១-២០២២ បង្ហាញថា អាត្រាមរណភាពទារក និងកុមារអាយុក្រោម ៥ឆ្នាំ នៅកម្ពុជា បានធ្លាក់ចុះគួរឱ្យកត់សម្គាល់។ អង្កេតដែលជាការធ្វើរួមគ្នា រវាងក្រសួងផែនការ និងក្រសួងសុខាភិបាលនេះបង្ហាញថា អាត្រាមរណភាពរបស់ទារក គឺបានថយចុះពី ២៨នាក់ ក្នុងឆ្នាំ ២០១៤ក្នុងចំណោម ១០០០នាក់ មកត្រឹម ១២នាក់ក្នុងចំណោម ១០០០នាក់ នៅឆ្នាំ ២០២១-២០២២។
រីឯអាត្រាមរណភាពរបស់កុមារអាយុក្រោម ៥ឆ្នាំវិញ ក៏មាននិន្នាការថយចុះផងដែរ ជាក់ស្ដែងគឺថយចុះពី ៣៥នាក់នៅឆ្នាំ ២០១៤ មកត្រឹម ១៦នាក់ ក្នុងចំណោម ១០០០នាក់ ក្នុងឆ្នាំ ២០២១-២០២២។

ក្រៅពីភាពជោគជ័យលើចំណុចនេះ អង្កេតប្រជាសាស្រ្ត និងសុខភាពកម្ពុជាឆ្នាំ ២០២១-២០២២ ក៏បានបង្ហាញទិន្នន័យសំខាន់ៗជាច្រើនផ្សេងទៀត។ ទិន្នន័យទាំងនោះ សុទ្ធតែបង្ហាញពីភាពវិជ្ជមានល្អប្រសើរទាំងអស់។ នេះជាការបញ្ជាក់ថែមរបស់ លោកជំទាវ ហង់ លីណា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកវិទ្យាស្ថានជាតិស្ថិតិ។

ក្នុងឱកាសផ្សព្វផ្សាយលទ្ធផលអង្កេតនេះ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានលើកឡើងថា សុខភាពប្រជាជនកម្ពុជា មានភាពប្រសើរកើនឡើងជាលំដាប់ តាមរយៈការពង្រឹងការផ្ដល់សេវាសុខភាព ទាំងការគ្របដណ្ដប់ ទាំងគុណភាពសេវា រួមទាំងការពង្រីកប្រព័ន្ធគាំពារសង្គម និងភាពប្រសើរឡើងនៃកត្តាសង្គម ដូចជាកម្រិតអក្ខរកម្ម ការទទួលបានទឹកស្អាត អគ្គិសនី បរិស្ថាន អនាម័យ ការប្រើប្រាស់បង្គន់ ការពង្រីកបណ្ដាញគមនាគមន៍ សេវាដឹកជញ្ជូន ជាដើម។
ជារួមសម្រាប់អង្កេតប្រជាសាស្រ្ត និងសុខភាពកម្ពុជា ជាអង្កេតសំខាន់ដែលកម្ពុជាត្រូវធ្វើវាឡើង។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ឆាយ ថន រដ្ឋមន្រ្តីក្រសួងផែនការបានមានប្រសាសន៍ថាលទ្ធផលនៃអង្កេតនេះ មានគុណភាពខ្ពស់ស្របតាមនិយាមអន្តរជាតិ បង្ហាញអំពីព័ត៌មានលំអិតពីចរិតលក្ខណៈប្រជាសាស្ត្រ សង្គមសម្រាប់គ្រួសារ ការវាស់វែងពីសូចនាករប្រជាសាស្ត្រ និងសុខភាព ដែល
ឆ្លើយតបទៅនឹងតម្រូវការសម្រាប់រៀបចំផែនការ គោលនយោបាយ និងតាមដាន ត្រួតពិនិត្យ វាយតម្លៃនៃការខិតខំសម្រេចបានរបស់រាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ លើផ្នែកសុខភាព ការអនុវត្តកម្មវិធីសុខាភិបាល កម្មវិធីសង្គមកិច្ច និងស្តារនិតិសម្បទា
សម្រាប់ជនពិការ និងរៀបចំផែនការតាមវិស័យជាច្រើនទៀត។ លើសពីនេះទៀត លទ្ធផលអង្កេតនេះ ក៏នឹងបំពេញតម្រូវការប្រើប្រាស់ទិន្នន័យ របស់ប្រព័ន្ធស្ថិតិជាតិ លេខាធិការអាស៊ាន និងអន្តរជាតិ ពិសេសលទ្ធផលអង្កេតប្រជាសាស្ត្រ និងសុខភាពនេះ នឹងផ្ដល់ឲ្យរដ្ឋាភិបាលធ្វើរបាយការណ៍អំពីវឌ្ឍនភាពស្ត្រីប្រចាំឆ្នាំជូនអង្គការសហប្រជាជាតិផងដែរ ។

ឯកឧត្តមកិត្តិ សេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្រ្តីបានបញ្ជាក់ថារាជរដ្ឋាភិបាលកម្ពុជាបានធ្វើកំណែទម្រង់លើគ្រប់វិស័យ ក្នុងគោលដៅកាត់បន្ថយ ភាពក្រីក្ររបស់ប្រជាជន ដែលជាស្នូលក្នុងការគ្រប់គ្រងគោលនយោបាយ និងយុទសាស្ត្រ អភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល។ ជាក់ស្ដែងទិន្នន័យស្ថិតិ គឺជាមូលដ្ឋានដ៏មានសារៈសំខាន់សម្រាប់ ការរៀបចំគោលនយោបាយ យុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល និងជាឧបករណ៍សម្រាប់វាយតម្ល ពី វឌ្ឍនភាពនៃកិច្ចការទាំងនេះផងដែរ។ ទិន្នន័យស្ថិតិ ដែលប្រមូលបានពីការធ្វើជំរឿន អង្កេត បានផ្តល់ជាមូលដ្ឋានគ្រឹះសម្រាប់ការរៀបចំ តាមដាន ត្រួតពិនិត្យ វាយតម្លៃ នៃការអនុវត្ត ផែនការយុទ្ធសាស្ត្រ អភិវឌ្ឍន៍ជាតិ វាយតម្លៃស្ថានភាពក្រីក្រនៅកម្ពុជា និងការសម្រេចបាន គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា(CSDGs) ក៏ដូចជា ជួយដល់អ្នកសិក្សាស្រាវជ្រាវ រួមទាំងសហគមន៍ជាតិ និងអន្តរជាតិ ដ៏ទូលំទូលាយ។

ឯកឧត្តម ទេស រដ្ឋមន្រ្តីបានបញ្ជាក់ថា អង្កេតប្រជាសាស្ត្រ និងសុខភាពកម្ពុជាឆ្នាំ២០២១-២០២២ ជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ក្នុងឆ្នាំកន្លងមក ដែលលទ្ធផលនេះ បានមកពីការខិតខំរបស់មន្ត្រីត្រួតពិនិត្យ និងមន្ត្រីសម្ភាសន៏ ដើម្បីប្រមូលព័ត៌មាន ហើយមន្ត្រីវិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ បានកែច្នៃ និងវិភាគទិន្នន័យ ដោយសហការជាមួយមន្ត្រីបច្ចេកទេស និងអ្នកជំនាញការអន្តរជាតិ បានបញ្ចប់ទៅ ទាន់ពេលវេលា ទោះជាយើងស្ថិតក្នុងបរិការនៃជំងឺកូវីដ-១៩ ជាសកលក៏ដោយ ៕ ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner