លោកជំទាវ ម៉ែន សំអន ប្រគល់ផ្ទះទេវតាជូនដល់ទុរគតជនពីរគ្រួសារ នៅស្វាយរៀង
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានប្រគល់ផ្ទះទេវតាចំនួន០២ខ្នង ជូនដល់ទុរគតជន ចាស់ជរា គ្មាន ទីពឹង នៅលើទឹកដីខេត្តស្វាយរៀង នៅព្រឹកថ្ងៃច័ន្ទ ៤រោច ខែស្រាពណ៍ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩។ ក្នុងឱកាសនោះដែរ លោកជំទាវក៏បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលលោកទាំងពីរជារឿយៗតែងតែយកចិត្តទុកដាក់ពីសុខទុក្ខប្រជាពលរដ្ឋគ្រប់នៅទីកន្លែង។
គួរឲ្យដឹងថា ផ្ទះទេវតា០២ខ្នងនោះ រួមមាន៖ ទី១)ផ្ទះលេខ២៧១ ជាអំណោយដ៏ថ្លៃថ្លាររបស់មហាឧបាសិកា ប៊ុន ស៊ាងលី ត្រូវបានប្រគល់ជូនលោកយាយ សំ ស៊ាំ អាយុ៧៩ឆ្នាំ រស់នៅភូមិត្រពាំងពោន ឃុំធ្មា ស្រុករំដួល ខេត្តស្វាយរៀង និងទី២)ផ្ទះលេខ២៧០ ជាអំណោយរបស់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រគល់ជូនលោកយាយ ស្រី សារ៉ីន អាយុ៦៦ឆ្នាំ រស់នៅភូមិត្រពាំងពោន ឃុំធ្មា ស្រុករំដួល ខេត្តស្វាយរៀង។
ក្រៅពីប្រគល់ផ្ទះជូនហើយនោះ លោកជំទាវ ក៏បាននាំយកនូវគ្រឿងឧបភោគ បរិភោគចំនួន ជូនដល់ផ្ទះទាំងពីរ រួមមាន៖ អង្ករ១០០គីឡូក្រាម ចានជ័រធំ១ ឆ្នាំងបាយ១ ឆ្នាំងសម្ល១ ខ្ទះ១ ចានបាយ១ឡូ ចានសម្ល១ឡូ កាំបិត២ ជ្រុញ១ ស្លាបព្រា២ឡូ វែកបាយ១ វែកសម្លរ វែកឆា១ កំសៀវទឹក១ វិទ្យុ១ ទឹកត្រី៦ដប ទឹកស៊ីអ៊ីវ៦ដប ប៊ីចេង២ថង់ អំបិល៤ថង់ ស្លាបព្រា ត្រីខ១០កំប៉ុង ខ្ទឹមស១គីឡូក្រាម មី១កេស ទឹក្រូច ១កេស ទឹកសុទ្ធ ១កេស មីសួរ ១គីឡូក្រាម សាប៊ូ ១ថង់ មុង ១ ភួយ ១ ក្រមា១ សារុង២ កន្ទេល១ ខ្នើយ១ ប្រេងឆា១ដប និងថវិកា៥០ម៉ឺនរៀល៕ធ.ដ