ការចុះពិនិត្យបើកហឹបវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៨-២០១៩

ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ គឺជាថ្ងៃដែលសិស្សានុសិស្សថ្នាក់ទី១២ គ្រប់វិទ្យាល័យនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ប្រឡងបញ្ចប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។ ដោយឡែកនៅខេត្តសៀមរាប ក៏មានការចុះត្រួតពិនិត្យបើកកេសវិញ្ញាសាប្រឡងនៅគ្រប់មណ្ឌលប្រឡងទាំង១៣ ក្នុងខេត្តសៀមរាប ក្រោមវត្តមានចូលរួមរបស់ឯកឧត្តម អ៊ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ពិត ចំណាន រដ្ឋលេខាធិ ការក្រសួងអប់រំ យុវជន និងកីឡា និង ជាប្រធានគណៈមេប្រយោគទូទាំង ប្រទេសប្រចាំខេត្តសៀមរាប។  វត្តមានថ្ងៃនោះដែរក៏មានការអញ្ជើញចូលរួម ពីសំណាក់ឯកឧត្តម លោកជំទាវ ជាសមាជិក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត អស់លោក លោកស្រីជា គណៈមេប្រយោគ អ្នកស្មគ្រចិត្តសង្កេតការណ៍ នៅតាមមណ្ឌលប្រឡងទាំង១៣ផងដែរ។

តាមសេចក្តីរាយការណ៍របស់លោក សយ ទិត្យាវង្ស ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានឲ្យដឹងថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិទូទាំងខេត្តសៀមរាប ឆ្នាំ២០១៨-២០១៩នេះ  មានបេក្ខជនប្រឡងចំនួនសរុប៨ពាន់៤២៨នាក់ (ស្រី៤ពាន់៦៨៩នាក់) មាន១៣ មណ្ឌល នៅក្នុងក្រុងសៀមរាប ស្មើ៣៨៤បន្ទប់ ដោយចែកចេញជា២ផ្នែក គឺផ្នែកវិទ្យាសាស្ត្រពិត៖ មាន៤មណ្ឌល ស្មើនឹង ១១៨បន្ទប់ មានបេក្ខជនចំនួន២ពាន់៩៤៤នាក់ (ស្រីចំនួន១ពាន់៧០៧នាក់) និងផ្នែកវិទ្យាសាស្ត្រសង្គម មាន០៩មណ្ឌល ស្មើនឹង១៣០បន្ទប់ មានបេក្ខជនចំនូន៥ពាន់៧៧០នាក់ (ស្រីចំនួន១២២នាក់) និង កើនឡើងចំនួន១មណ្ឌល ដែលនៅឆ្នាំ២០១៨ មានតែ១២ មណ្ឌលប៉ុណ្ណោះ។

ក្នុងពិធីបើកកេសវិញ្ញាសាប្រឡងនោះ ឯកឧត្តម អ៊ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្ត ក៏ដូចសមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត នៅតាមមណ្ឌលទាំង១៣ បានធ្វើការណែនាំ និងផ្តាំផ្ញើមួយចំនួនដល់លោកគ្រូអ្នកគ្រូ ជាអនុរក្ស និងមេប្រយាគ ព្រមទាំងក្មួយៗសិស្សានុសិស្សទាំងពីរភេទ ដោយបញ្ជាក់ថាការប្រឡងនេះ គឺជាការវាស់ស្ទង់នូវរាល់កម្រិតនៃចំណេះដឹងរបស់ក្មួយៗ បានខិតខំសិក្សារៀនសូត្រ នៅមធ្យមសិក្សាទុតិយភូមិ ហើយក៏ជាការឈានចូលទៅសិក្សានៅកម្រិតថ្នាក់មហាវិទ្យាល័យ សកលវិទ្យាល័យបន្តទៀត។ ម៉្យាងទៀតវិញ្ញាសាប្រឡងដែលក្មួយៗ បានធ្វើការពិនិត្យនាពេលនេះ ក្រសួងអប់រំក៏មិនបានធ្វើឲ្យមានបញ្ហាបែកចេញទៅក្រៅឡើយ គឺមានតែក្មួយៗទាំងអស់ បានឃើញក្នុងពេលប្រឡងតែប៉ុណ្ណោះ ហើយសូមរក្សានូវវិន័យ គោរពនូវលក្ខន្តិកៈក្នុងពេលប្រឡងឲ្យបានល្អ។

ក្នុងនោះឯកឧត្តម ក៏បានក្រើនរំលឹកចំពោះលោកគ្រូ អ្នកគ្រូ ដែលជាអនុរក្ស មេប្រយោគ និងកម្លាំងសន្តិសុខ នៅគ្រប់មណ្ឌលប្រឡងទាំងអស់ ត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់ និងទប់ស្កាត់ឲ្យបាន នូវរាល់ការហូរចូលរាល់ការបោះវិញ្ញាសាចេញ និងចូល ដើមី្បធានានូវគុណភាពនៃការបណ្តុះបណ្តាលនូវធនធានមនុស្ស ដោយក្មួយៗសិស្សានុសិស្សទាំងនេះហើយ ដែលជាសសរស្តម្ភដ៏រឹងមាំរបស់ប្រទេសជាតិទៅពេលអនាគត។ ដូច្នេះក្មួយៗទាំងត្រូវធ្វើការបញ្ចេញនូវសមត្ថភាពរបស់ខ្លួនដែលបានសិក្សាអស់រយៈពេល១២ឆ្នាំមកនេះ ពេលនេះ បើក្មួយចេះ គឺក្មួយជាប់ និងសូមឲ្យទទួលបានលទ្ធផលល្អទាំងអស់គ្នាផងដែរ៕ម.ន ដោយៈ ម៉ី សុខារិទ្ធ

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner