អង្គការសុខភាពពិភពលោក៖ មនុស្ស​ម្នាក់​ក្នុង​ចំណោម​​ប្រាំមួយនាក់​ ទូទាំង​ពិភព​លោក​ ​​មាន​​​ជំងឺ​អារ​ ​

អ.ស.ប៖ របាយការណ៍​ថ្មី​​របស់​អង្គការ​សុខភាព​ពិភព​លោក​ (WHO) ​បាន​ឱ្យ​ដឹង​ថា​ មនុស្ស​​ម្នាក់​ក្នុង​ចំណោម​ប្រាំមួយនាក់​​នៅ​ជុំ​វិញ​ពិភព​លោក​រង​​​ផល​ប៉ះ​ពាល់​ដោយ​ភាព​គ្មាន​កូន​ ឬជំងឺ​អារ​​​​ក្នុងឆាក​​​​​ជីវិត​របស់​ពួក​គេ​។

ទីភ្នាក់ងារ​សុខាភិបាល​របស់​អង្គការ​សហប្រជាជាតិ(អ.ស.ប)​​មួយ​នេះ​ បាន​និយាយ​ថា​ ប្រហែល​ ១៧,៥ ភាគ​រយ​នៃ​ចំនួន​ប្រជាជន​ពេញ​​វ័យ​ ជួប​ប្រទះ​នឹង​ភាព​គ្មាន​កូន​ ​ដោយ​អត្រា​នេះ​មាន​ភាព​ខុស​គ្នា​តិច​តួច​ទៅ​តាម​ថ្នាក់​នៃ​​​ប្រទេស​និមួយ​ៗ​។

​ក្នុង​ប្រទេស​មាន​ប្រាក់​ចំណូល​ខ្ពស់អត្រា​នេះ​ស្ថិត​នៅ​ ១៧,៨ ភាគរ​យ​ ខណៈ​នៅ​បណ្ដា​ប្រទេស​ដែល​មាន​ប្រា​ក់​ចំណូល​ទាប​ និង​មធ្យម​ អត្រា​ដូច​គ្នា​មាន​ត្រឹម​ ១៦,៥ ភាគ​រយ​។ ​

​អគ្គ​នាយក​អង្គការ​សុខភាព​ពិភព​លោក​ លោក​វេជ្ជ​បណ្ឌិត ​Tedros Adhanom Ghebreyesus ​បាន​និយាយ​​ក្នុង​សេចក្តី​ថ្លែងការណ៍​​ថា​​៖ «​របាយការណ៍​បង្ហាញ​ពី​ការ​ពិត​ដ៏​សំខាន់​មួយ​ថា​ ភាពអារ​​គ្មាន​កូន​​អាច​កើត​មាន​លើ​មនុស្ស​គ្រប់​គ្នា​»។  ​ លោក​និយាយ​​​ថា​ ចំនួន​ដ៏​ច្រើន​នៃ​អត្រា​​មនុស្ស​ដែល​រង​ផល​ប៉ះ​ពាល់ដោយ​ជំងឺ​អារ​​ បង្ហាញ​ពី​តម្រូវ​ការ​​​​ក្នុង​ការ​ពង្រីក​លទ្ធភាពថែទាំ​សុខភាព​ដើម្បី​ឱ្យ​មាន​កូន​ និង​ធានា​ថា​ ​បញ្ហា​នេះ​​​មាន​ការ​​ស្រាវ​ជ្រាវ​គ្រប់​គ្រាន់​ និង​មាន​ក្នុង​គោល​នយោបាយ​សុខាភិបាល​។ លោក​បន្ត​ថា​ ​​ដូច្នេះ

ជម្រើស​ដែល​មាន​​សុវត្ថិភាព​ ប្រសិទ្ធ​ភាព​ និងមាន​​តម្លៃ​សម​រម្យ​ ដើម្បី​អាច​ក្លាយ​ជា​​ឪពុក​​ម្តាយ​ ​​អាច​មាន​សម្រាប់​មនុស្ស​គ្រប់​គ្នា​។ ​

គួរ​បញ្ជាក់​ថា​ ​​អារ​​គឺ​ជា​​​ជំងឺ​នៃ​ប្រព័ន្ធ​បន្ត​ពូជ​របស់​បុរស​ ឬ​ស្ត្រី ​ដែល​ធ្វើ​ឱ្យ​ពួក​គេ​​មិន​អាចមាន​​កូន​បាន​ ក្រោយពេល​​​ព្យាយាម​អស់​​រយៈ​ពេល​ ១២ ខែ​ ឬ​យូរ​ជាង​នេះ​។

ជា​ទូទៅ​ ​​ក្នុង​ប្រព័ន្ធ​បន្ត​ពូជ​របស់​បុរស​ ភាព​​គ្មាន​កូន​​​​បង្ក​ឡើង​​ដោយ​សារ​បញ្ហា​​ទឹក​កាម​ ដូច​ជា​​​អវត្ត​មាន​ ឬ​​កម្រិត​ទាប​នៃ​មេ​ជីវិត​ឈ្មោល ​ឬ​រូប​រាង​មិន​ប្រក្រតី​ (morphology) ​និង​ចលនា​​នៃ​មេជីវិត​ឈ្មោល​។​ ក្នុង​​​ប្រព័ន្ធ​បន្ត​ពូជ​របស់​ស្ត្រី​វិញ​ ភាព​គ្មាន​កូន​អាច​បណ្តាល​មក​ពី​ភាព​មិន​ប្រក្រតី​​ជា​ច្រើន​នៃ​អូវែរ​ ស្បូន ​បំពង់​ស្បូន ​និង​ប្រព័ន្ធអង់ដូគ្រីន​ ​ក្នុង​ចំណោម​កត្តា​ផ្សេង​ៗ​ទៀត​។​

បន្ថែម​ពី​លើ​នេះ​ WHO ​បាន​និយាយ​ផង​ដែរ​ថា​ ​​ភាព​គ្មាន​កូន​ ឬ​អារ​​អាចបណ្តាល​ឱ្យ​អ្នក​ដែល​រង​ផល​ប៉ះ​ពា​ល់​ ​​​​​​មាន​ទុក្ខ​ព្រួយ​ រង​ការ​​មាក់​ងាយ​ និង​មាន​​ភាព​លំបាក​ផ្នែក​ហិរញ្ញ​វត្ថុ​ ដែល​ប៉ះ​ពាល់​ដល់​សុខុមាល​ភាព​ផ្លូវ​ចិត្ត​របស់​ពួកគេ​។  ​

​ការ​ថែ​ទាំ​វេជ្ជសាស្រ្តភាគ​ច្រើន ​​​សម្រាប់​ការ​ការពារ​ ការ​ធ្វើ​រោគ​វិនិច្ឆ័យ​ និង​ការ​ព្យាបាល​​ជំងឺ​អារ​ រួម​ទាំង​បច្ចេក​វិទ្យា​បន្ត​ពូជ​ជំនួយ​ ដូច​ជា​ការ​បង្ក​កំណើត​ក្នុង​​មន្ទីរ​ពិសោធន៍​ (IVF) ​នៅ​តែ​​ខ្វះ​ខាត​​ និង​មិន​អាច​ឱ្យ​មនុស្ស​គ្រាប់​គ្នា​ទទួល​បាន​​​​ ដោយ​សារ​តែ​ការ​ចំណាយ​ខ្ពស់​ខ្លាំង​​ និង​​ការ​មិន​សូវ​មាន​​​ជា​ដើម​។ ​ លោកស្រី​វេជ្ជបណ្ឌិត​ Pascale Allotey ​នាយិកា​ផ្នែក​សុខភាព​ផ្លូវ​ភេទ​ និង​​បន្ត​ពូជ​ និង​ស្រាវ​ជ្រាវ​នៅ​ WHO បាន​និយាយ​ថា​៖ «​មនុស្ស​រាប់​លាន​នាក់​ប្រឈម​មុខ​នឹង​ការ​ចំណាយ​លើ​ការ​ថែ​ទាំ​សុខភាព​ដ៏​សន្ធឹក​

សន្ធាប់​ បន្ទាប់​ពី​ស្វែង​រក​ការ​ព្យាបាល​​ជំងឺ​អារ​ ​ដែល​ធ្វើ​ឱ្យ​នេះ​​ជា​បញ្ហា​សមធម៌​ដ៏​សំខាន់​ ហើយ​ជា​រឿយ​ៗ​ក៏​ជា​អន្ទាក់​នៃ​ភាព​ក្រីក្រ​ផ្នែក​វេជ្ជសាស្រ្ត​សម្រាប់​អ្នក​ដែល​មាន​ជំងឺ​នេះ​»។ ​

លោក​ស្រី​ Allotey បាន​បន្ត​ថា​៖ «​ការ​មាន​គោល​នយោបាយ​ប្រសើរ​ជាង​មុន​ និង​ហិរញ្ញប្បទាន​សាធារណៈ​ អាច​ធ្វើ​​ឱ្យ​​ប្រសើរ​ឡើង​នូវ​លទ្ធភាព​ទទួល​បាន​ការ​ព្យាបាល ​និង​អាច​​ទប់​ស្កាត់​​​កុំ​ឱ្យ​គ្រួសារ​​ក្រី​ក្រ​កាន់​តែ​ក្រី​ក្រ​ទៅ​ៗ​​»៕

ប្រែសម្រួល៖ហួន ឌីណា

ads banner