សមាគមវិនិយោគអន្តរជាតិមួយរបស់ចិន សម្លឹងរកឱកាសវិនិយោគលើវិស័យទេសចរណ៍នៅកម្ពុជា
ភ្នំពេញ៖សមាគមសម្ព័ន្ធសហគ្រាសធុនតូច និងមធ្យមសកល (Global Alliance of SMEs) ដែលជាសមាគមវិនិយោគអន្តរជាតិមកពីប្រទេសចិននោះ កំពុងសម្លឹងរកឱកាសវិនិយោគលើវិស័យទេសចរណ៍នៅកម្ពុជា ខណៈរដ្ឋមន្រ្តីក្រសួងទេសចរណ៍អះអាងថា កម្ពុជាត្រូវការពង្រីកការវិនិយោគបង្កើន ហេដ្ឋារចនាសម្ព័ន្ធ និងផលិតផលទេសចរណ៍ថ្មី ការរៀបចំយុទ្ធសាស្ត្រផ្សព្វផ្សាយទៅកាន់ទីផ្សារទេសចរណ៍ចិន។

ឆ្លៀតពេលកំពុងទស្សនកិច្ចនៅកម្ពុជាកាលពីថ្ងៃទី៣ ខែមេសាឆ្នាំ២០២៣ លោក ឆាវ ហ្វាង (Cao Fang) អគ្គលេខាធិការសមាគម Global Alliance of SMEs បានជម្រាបរដ្ឋមន្ត្រីក្រសួងទេសចរណ៍ឯកឧត្តម ថោង ខុន ថា ដំណើរទស្សនកិច្ចរបស់ប្រតិភូសមាគមរបស់លោកនៅកម្ពុជានេះដើម្បីសម្លឹងរកឱកាសវិនិយោគនៅប្រទេសកម្ពុជា ក្នុងនោះសមាគមរបស់លោកក៏បានចាប់អារម្មណ៍លើការ វិនិយោគវិស័យទេសចរណ៍ផងដែរ។

លោកបានរៀបរាប់ថា សមាគមលោកមានកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាលក្ខណៈអន្តរជាតិ។ សមាគម នេះត្រូវបានផ្ដួចផ្ដើមបង្កើតឡើងដោយសហគ្រិនឆ្នើមដែលស្រឡាញ់សន្តិភាព និងការអភិវឌ្ឍទូទៅនៃប្រទេសផ្សេងៗ។
បច្ចុប្បន្ននេះការិយាល័យទំនាក់ទំនងនៃសមាគម Global Alliance of SMEs ត្រូវបានបង្កើតឡើងនៅក្នុងប្រទេសចិន កម្ពុជា ថៃ សិង្ហបុរី ម៉ាឡេស៊ី វៀតណាម ឥណ្ឌូណេស៊ី ឡាវ ហ្វីលីពីន ស្រីលង្កា កូរ៉េខាងត្បូង ជប៉ុន ទីក្រុងហុងកុង ទីក្រុងម៉ាកាវ ក្រិក អារ៉ាប់រួម អាហ្វ្រិកខាងត្បូង តួកគី បារាំង អ៊ីតាលី អាល្លឺម៉ង់ សហរដ្ឋអាមេរិក នូវែលសេឡង់ អូស្ត្រាលី រុស្ស៉ី និងតំបន់ផ្សេងទៀត។
លោក ឆាវ ហ្វាង បានបញ្ជាក់ដូច្នេះថា សមាគម Global Alliance of SMEs មានគោលបំណងផ្ដោតលើការតភ្ជាប់ទំនាក់ទំនង និងការប្រឹក្សាយោបល់រួមគ្នារវាងចិននិងកម្ពុជា និងរួមគ្នាចែករំលែកយុទ្ធសាស្ត្រឈ្នះ-ឈ្នះទាំងអស់គ្នា ដើម្បីបង្កើតទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងសហគ្រិនមកពីជុំវិញពិភពលោក សំដៅចូលរួមជំរុញការអភិវឌ្ឍសេដ្ឋកិច្ច។
លោកបន្តថា កិច្ចការទាំងអស់របស់សមាគម គឺប្រព្រឹត្តទៅក្រោមគោលនយោបាយ ខ្សែក្រវាត់ និងផ្លូវ របស់រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន ដែលមានលោកប្រធានាធិបតី ស៊ី ជិនពីង ជាប្រមុខ។
បើតាមក្រសួងទេសចរណ៍ឯកឧត្តម ថោង ខុន បានលើកឡើងដែរថា កម្ពុជានៅតែមានចំណុចសំខាន់ៗក្នុងការវិនិយោគ ក្នុងនោះកម្ពុជាមានសន្តិភាព ក្រោមការដឹកនាំរបស់សម្ដេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ហើយសន្តិភាពជានិរន្តរ៍ គឺជាកត្តាគន្លឹះ ដែលផ្ដល់នូវការជឿទុកចិត្តដល់វិនិយោគិន។ ឯកឧត្តមបន្តថា ទំនាក់ទំនងរវាងប្រជាជនកម្ពុជា-ចិន គឺល្អូកល្អឺននឹងគ្នាតាំងពីបុរាណមក ។សហគមន៍ចិន
និងសហគមន៍ខ្មែររស់នៅមិនដែលមានជម្លោះជាមួយគ្នានោះឡើយ។ ស្រឡាញ់គ្នាដូចបងប្អូន ហើយជនជាតិខ្មែរក៏មានចិត្តស្រឡាញ់មិត្តភក្តិចេញពីបេះដូង។
ឯកឧត្តម ថោង ខុន បានបញ្ជាក់ថា គោលនយោបាយវិនិយោគរបស់រាជរដ្ឋាភិបាលកម្ពុជា គឺមានភាពរស់រវើក និងលើកទឹកចិត្តខ្ពស់ចំពោះអ្នកវិនិយោគមកពីក្រៅប្រទេស។ ចំពោះប្រជាជនកម្ពុជាក៏បានត្រៀមស្វាគមន៍ទេសចរចិន រួចរាល់អស់ហើយដែរ។
ក្រសួងទេសចរណ៍ក៏បានរៀបចំសៀវភៅស «China Ready» តាំងពីឆ្នាំ២០១៥មកម្ល៉េះ ប៉ុន្តែកម្ពុជាក៏ត្រូវការពង្រីកការវិនិយោគបង្កើន ហេដ្ឋារចនាសម្ព័ន្ធ និងផលិតផលទេសចរណ៍ថ្មី ការរៀបចំយុទ្ធសាស្ត្រផ្សព្វផ្សាយទៅកាន់ទីផ្សារទេសចរណ៍ចិន ដើម្បីទាក់ទាញកំណើនភ្ញៀវទេសចរចិនបន្ថែមទៀត។
ទាក់ទងនឹងចំណុចនេះដែរ លោក ហូ វណ្ឌី ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានប្រាប់ឱ្យដឹងថា ជាការពិតណាស់ កម្ពុជាពិតជាត្រូវការ ការវិនិយោគបន្ថែម លើផ្នេកហេដ្ឋារចនាសម្ពន្ធនិងផលិតផលទេសចរណ៍ថ្មីៗបន្ថែមទៀត ដើម្បីទាក់ទាញទេសចរ។ លោកថ្លែងថា យើងស្វាគមន៍ជានូវវិនិយោគិនបរទេស មិនថាប្រទេសណានោះទេ ក្នុងជួយអភិវឌ្ឍន៍វិស័យទេសចរណ៍កម្ពុជា ឱ្យកាន់តែមានភាពសម្បូរបែប ទាំងហេដ្ឋារចនាសម្ព័ន្ធ និងផលិតផលទេសចរណ៍ថ្មី ក៏ដូចជាការកែច្នៃតំបន់ទេសចរណ៍ធម្មជា
តិកម្ពុជា ដែលមានស្រាប់ ឱ្យកាន់តែមានភាពទាក់ទាញបន្ថែមទៀត ដើម្បីជំរុញការអភវិឌ្ឍសេដ្ឋកិច្ចជាមួយគ្នា»។
គួរជម្រាបថា រយៈពេលបីខែដើមឆ្នាំនៃឆ្នាំ២០២៣ (មករា-មីនា) កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ១.២លាន ហើយក្នុងកំណើនជាង៧១៨ ភាគរយ ក្នុងនោះទេសចរចិនប្រមាណ១២ម៉ឺននាក់៕
ដោយ៖វណ្ណ សុជាតា