២៥ក្រុមចូលរួមប្រជែងពានរង្វាន់បាល់ទាត់ក្នុងសាល ខេមអេដ រដូវកាល ២០២៣
ភ្នំពេញ៖ការប្រកួតកីឡាបាល់ទាត់ក្នុងសាលពានរង្វាន់វិទ្យាស្ថានខេមអេដ រដូវកាល ២០២៣ (CAMED’S Men Futsal 2023) បានបើកជាផ្លូវការ ដោយមានក្រុមចូលរួមសរុបចំនួន ២៥ក្រុម។

លោក ខេស៊ី បាណេត នាយកវិទ្យាស្ថានខេមអេដ និងជាអនុប្រធានសហព័ន្ធ កីឡា ចំបាប់កម្ពុជាបញ្ជាក់ថា នេះជាកម្មវិធីប្រកួតមួយដ៏សំខាន់ ដើម្បីផ្តល់ ឱកាស ជូនដល់កីឡាករ ដែលជាក្រុមនិស្សិតបានចូលរួមប្រកួតប្រជែង ដើម្បី សុខភាព មិត្តភាព និងសាមគ្គីភាព រួមទាំងបណ្តុះ ស្មារតីឲ្យក្រុមនិស្សិតចេះ ធ្វើការ ជាក្រុម។ ម្យ៉ាងទៀត តាមរយៈព្រឹត្តិការណ៍នេះក៏ដើម្បីកសាងធនធាន កីឡាករឱ្យកាន់តែមានបច្ចេកទេសល្អៗ ដើម្បីត្រៀមចូលរួមប្រកួត ដណ្តើម មេដាយ ក្នុងការប្រកួតកីឡានិស្សិតឧត្តមសិក្សា ក្រោមការរៀបចំរបស់ ក្រសួង អប់រំ យុវជន និងកីឡា នាពេលខាងមុខ។

២៥ក្រុមនេះ មួយចំនួនធំមកពីវិទ្យាស្ថានខេមអេដ និងពីរក្រុមមកពី វិទ្យាស្ថាន អេស៊ីលីដា និងក្រុមហ៊ុនឯកជន។ ការបើកទូលាយចូល រួម ប្រកួតនេះ ត្រូវបាន នាយកវិទ្យាស្ថានរូបនេះបានបង្ហាញពីគោលបំណងចម្បងរបស់ខ្លួនដើម្បីផ្តល់ឱកាសដល់និស្សិតខេមអេដ និងក្រុម ដទៃទៀតបានចូលរួមប្រកួតផ្លាស់ ប្តូរបទ ពិសោធន៍ជាមួយគ្នាឲ្យបានកាន់តែប្រសើរបន្ថែមទៀត។

លោក ខេស៊ី បាណេត បញ្ជាក់ថា នេះជាការជំរុញទឹកចិត្តដល់វិទ្យាស្ថាន ផ្សេងៗ បានចូលរួមប្រកួតប្រជែង ដោយខេមអេដផ្តល់ការចូលរួម ដោយ ឥតគិតថ្លៃតែម្តង។ ម្យ៉ាងទៀត ពានរង្វាន់នេះក៏ដើម្បីរួមចំណែក លើកកម្ពស់ ឱ្យកម្ពុជាមានវប្បធម៌កីឡា ហើយកីឡាបានផ្តល់ អត្ថប្រយោជន៍យ៉ាងច្រើន ដល់ ដូចជាផ្លាស់ប្តូរបទពិសោធន៍ ការប្រកួតប្រជែង និងការកសាងមិត្តភាព សាមគ្គីភាព និងសុខភាពល្អ។

គួរបញ្ជាក់ថា ពានរង្វាន់បាល់ទាត់ ខេមអេដ រដូវកាល ២០២៣ មាន២៥ក្រុម ចូលរួម ដោយបែងចែកជា៨ពូល ដោយក្នុងមួយពូលៗ មានបីក្រុមស្មើៗគ្នា លើកលែងតែពូល H មួយប៉ុណ្ណោះដែលមានបួនក្រុម។ ការប្រកួតនេះ ធ្វើឡើង នៅកីឡដ្ឋាន Central Park Sports Complex រាជធានីភ្នំពេញ៕ ដោយ៖ចាន់ វិចិត្រ
