២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង ១ពាន់ករណី (Video Inside)

តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាននៃរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ១ពាន់ ២៧៤ករណី ដែលកើនឡើងវិញចំនួន ១៧ករណី ធៀបនឹងការឆ្លងកាលពីម្សិលមិញ។

ការឆ្លងក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ បានកើតលើប្រទេសចំនួន៦ នៅអាស៊ាន រួមមាន ប្រទេសឥណ្ឌូនេស៊ី, ហ្វីលីពីន, ម៉ាឡេស៊ី, មីយ៉ាន់ម៉ា, វៀតណាម និងប្រទេសកម្ពុជា ។ ប្រទេសម៉ាឡេស៊ី គឺជាប្រទេសដែលមានតួលេខឆ្លងច្រើនជាងគេ ដែលមានចំនួន ៥២០ករណី។ តួលេខឆ្លងតិចជាងគេ គឺប្រទេសកម្ពុជា ដែលមានចំនួនអ្នកឆ្លងចំនួន ១ករណីប៉ុណ្ណោះ។ ប្រទេសថៃ, ឡាវ, សឹង្ហបុរី និងប្រទេសប្រុយណេ គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ ជុំវិញតួលេខឆ្លង និងស្លាប់ឡើយក្នុងរយៈពេល២៤ម៉ោង ចុងក្រោយនេះ។

តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ៤នាក់ ដែលមាន ៣នាក់ ជាពលរដ្ឋ នៃប្រទេសឥណ្ឌូនេស៊ី និងម្នាក់ជាពលរដ្ឋនៃប្រទេសម៉ាឡេស៊ី ។

គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបមានចំនួន ៣៥លាន ៦៦ម៉ឺន ៨ពាន់ ៤០១ករណី, និងការស្លាប់សរុបមានចំនួន ៣៦ម៉ឺន ៦ពាន់ ៧៧៣ នាក់ ។ បើគិតសរុបនៅលើសាកលលោកនោះវិញ ការឆ្លងវីរុសកូវីដ១៩ សរុបមានចំនួនជាង ៦៨៤ លានករណី, និងការស្លាប់មានជាង ៦លាន ៨៣ម៉ឺននាក់ ៕

ads banner