កាកាទក្រហមកម្ពុជា នាំយកអំណោយនិងរៀបចំអាហារសាមគ្គី ក្នុងមជ្ឈមណ្ឌលសំចតសង្គមកិច្ចរាជធានីភ្នំពេញ (ព្រៃស្ពឺ)
ភ្នំពេញ៖ អនុវត្តតាមអនុសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលឈានមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ នៅថ្ងៃទី ៤ ខែមេសា ឆ្នាំ២០២៣ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងសហការី រួមជាមួយសប្បុរសជន អញ្ជើញចុះសួរសុខទុក្ខ នាំយកអំណោយជាសម្ភារប្រើប្រាស់ និងរៀបចំអាហារសាមគ្គីមួយពេលជូនជនងាយរងគ្រោះបំផុតរួមមាន ជនអនាថា ទុរគតជន អ្នកដែលត្រូវក្រុមគ្រួសារបោះបង់ចោល និងជនវិបល្លាសស្មារតីចំនួន ៩០នាក់ និងបុគ្គលិក-គ្រូពេទ្យ ៦៤នាក់ នៃមជ្ឈមណ្ឌលសំចតសង្គមកិច្ចរាជធានីភ្នំពេញ (ព្រៃស្ពឺ) ស្ថិតនៅភូមិស្រែជម្រៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
លោកជំទាវ ម៉ែន នារីសោភ័គ បញ្ជាក់ថា ថ្ងៃនេះគឺជាលើកទី៤ហើយ ដែលកាកបាទក្រហមកម្ពុជា បានចុះមកដល់មជ្ឈមណ្ឌលសំចតសង្គមកិច្ចរាជធានីភ្នំពេញ (ព្រៃស្ពឺ) នេះ។ ជាមួយនឹងការរៀបចំអាហារសាមគ្គីមួយពេលនេះ កាកបាទក្រហមកម្ពុជា ក៏បាននាំយកនូវសម្ភារប្រើប្រាស់ដែលជាសេចក្តីត្រូវការ និងសំណូមពររបស់មជ្ឈមណ្ឌល ក្នុងការរស់នៅប្រចាំថ្ងៃ ដើម្បីមានសុខភាពល្អ ការហូបចុកបានគ្រប់គ្រាន់ និងជួយខាងផ្នែកផ្លូវចិត្តដល់បងប្អូនងាយរងគ្រោះទាំងអស់ ដោយមិនមាននរណាម្នាក់ត្រូវបានបោះបង់ចោលឡើយ។
លោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ បានឱ្យដឹងថា ៖ មជ្ឈមណ្ឌលសំចតសង្គមកិច្ចរាជធានីភ្នំពេញ មានតួនាទីក្នុងការទទួល-ផ្តល់សេវាស្នាក់នៅបណ្តោះអាសន្នប្រកបដោយសុវត្ថិភាព និងគ្មានការរើសអើងដល់ជនរងគ្រោះ និងជនងាយរងគ្រោះ (ជនវ័យចាស់ជរាគ្មានទីពឹង, ទុរគតជន, ជនអនាថា, ជនមានសតិមិនប្រក្រតី(វិបល្លាស), ជនពិការគ្មានទីពឹង, ជនស្មូមទាន, ស្រ្តីរកស៊ីផ្លូវភេទគ្មានសុវត្ថិភាព, ស្ត្រីរងគ្រោះដោយអំពើជួញដូរផ្លូវភេទ, ជួញដូរពលកម្មដែលបានបញ្ជូនមកពីតាមបណ្តាខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ ដើម្បីឱ្យពួកគេទទួលបាននូវកិច្ចការពារ និងស្វែងរកក្រុមគ្រួសារ អាណាព្យាបាល បងប្អូន សាច់ញាតិ ឱ្យមកទទួលត្រឡប់ទៅវិញ។
លោកស្រី បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ដែលបានយកចិត្តទុកដាក់ គិតគូរ ប្រកបដោយគតិបណ្ឌិតមានភាពប៉ិនប្រសប់ឈ្លាសវៃបំផុតដែលតែងតែយកចិត្ដទុកដាក់ និងដោះស្រាយរាល់បញ្ហាប្រឈមរបស់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ដោយក្តីមេត្តា ករុណា គិតគូរ និងផ្តល់ក្តីសង្ឃឹម ជំនឿទុកចិត្តដល់ប្រជាជនទូទៅដែលជួបការលំបាកដោយគ្មានការរើសអើង មិនប្រកាន់វណ្ណៈ ពូជសាសន៍ ពណ៌សម្បុរ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ ដោយកន្លែងណា មានទុក្ខលំបាក គឺមានកាកបាទក្រហមកម្ពុជា ។
ឆ្លើយតបទៅនឹងសំណូមពររបស់មជ្ឈមណ្ឌល និងបន្ថែមពីលើអាហារសាមគ្គី១ពេល, កាកបាទក្រហមកម្ពុជា បានឧបត្ថម្ភដល់មជ្ឈមណ្ឌលសំចតសង្គមកិច្ចរាជធានីភ្នំពេញ (ព្រៃស្ពឺ) នូវថវិកាចំនួន ១០លានរៀល ។ ឧបត្ថម្ភដល់ជនងាយរងគ្រោះទាំង ៩០នាក់ ក្នុងម្នាក់ៗទទួលបាន ៖ ខោអាវ ស្បែកជើង ១ឈុត, សាប៊ូដុសខ្លួន, សាប៊ូកក់សក់, ថ្នាំដុសធ្មេញ, ច្រាស់ដុសធ្មេញ និងថវិកា ១ម៉ឺនរៀល ។ ឧបត្ថម្ភដល់បុគ្គលិក-គ្រូពេទ្យ ៦៤នាក់ ក្នុងម្នាក់ៗទទួលបាន៖ សាប៊ូដុសខ្លួន, សាប៊ូកក់សក់ និងថវិកា ៥ម៉ឺនរៀល ៕ ដោយ / គ្រី សម្បត្តិ



