សម្តេចតេជោ ហ៊ុន សែន៖នៅតែបន្តហៅ «អាខ្មៅ» ជារៀងរហូតបើបុគ្គលពាលដែលកំពុងជ្រកក្រោមព្រះពុទ្ធសាសនាមិនសុំទោសសម្ដេច ជុំវិញការចោទប្រកាន់លោក ជេម សុខ បានទទួលលុយ ១០ ម៉ឺនដុល្លារពីសម្តេច
ភ្នំពេញ៖ នៅក្នុងពិធីសំណេះសំណាលជាមួយ អាចារ្យ អាចារិនី ទូទាំងប្រទេស លើកទី៨ នៅមជ្ឍមណ្ឌលកោះពេជ្រ នាព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានផ្ដាំទៅបុគ្គលពាល ដែលកំពុងជ្រកក្រោមព្រះពុទ្ធសាសនា ហៅ«អាខ្មៅ» រកឱ្យឃើញជុំវិញការចោទប្រកាន់លោក ជេម សុខ ហៅ សុខ សុគន្ធ បានទទួលលុយចំនួន១០ម៉ឺនដុល្លារអាមេរិកពីសម្តេច ។ សម្តេចតេជោ បញ្ជាក់ថា ចំណុចនេះ បើសុំទោស រួចខ្លួន បើ មិនសុំទោសទេ សម្តេចនៅតែបន្តហៅថា «អាខ្មៅ» ជារៀងរហូត ។

សម្តេតេជោ ហ៊ុន សែន បានថ្លែងផ្តាំទៅ «អាខ្មៅ» ដែលគេដឹងច្បាស់ថា សំដៅទៅបុគ្គល ប៊ុត ប៊ុនតិញ ឲ្យផ្តល់នូវភស្តុតាងដែលចោទសម្តេចថា បានផ្តល់លុយ ១០ម៉ឺនដុល្លារឲ្យលោក ជេម សុខ ឬ សុខ សុគន្ធ។ បុគ្គល ប៊ុត ប៊ុនតិញ សម្តេច មិនហៅវាជាព្រះសង្ឃទេ ព្រោះជាក្មេង ពាល គ្រាន់តែយកស្បង់ចីពរ ទៅគ្របដណ្តប់ធ្វើជាសង្ឃតែប៉ុណ្ណោះ។

សម្តេច បានថ្លែងទៅកាន់ ប៊ុត ប៊ុនតិញ ថា ប្រសិនបើ «អាខ្មៅ» រកមិនឃើញភស្តុតាង ដែលចោទសម្តេចផ្តល់លុយ ១០ម៉ឺនដុល្លារឲ្យ ជេម សុខ ទេនោះ សម្តេចមិនឈប់រករឿងនោះឡើយ។ សម្តេចតេជោ ចាត់ទុកការចោទរឿងផ្តល់លុយឱ្យលោក ជេម សុខ ពីសំណាក់ «អាខ្មៅ» គឺជាធម៌មុសា ល្មើសធម៌វិន័យមួយ ក្នុងព្រះពុទ្ធសាសនា។

ទោះយ៉ាងណា សម្តេច ក៏បានទុកផ្លូវឱ្យបុគ្គល ប៊ុត ប៊ុនតិញ ចេញ មុខសុំទោសសម្តេច នោះសម្តេច នឹងឈប់រករឿង ។ សម្តេច ថា ឥឡូវ បើចេញមកសុំទោស បានសម្ដេចហៅតេជគុណ។ កាលណា មិនព្រមសារភាពរឿង ១០ម៉ឺនដុល្លារថា ហ៊ុន សែន ផ្តល់ឱ្យជេម សុខ ឬសុខ សុគន្ធ ទេ កុំឱ្យសង្ឃឹមថា ឈប់រករឿងអាខ្មៅឯង។

សម្តេច ក៏បានឆ្លើយតបចំពោះការលើកឡើងរបស់ ប៊ុត ប៊ុនតិញ ថា រូបគេ មានរាសីខ្ពស់ជាងសម្តេចទៅទៀត។ សម្តេចសង្កត់ទៅវិញថា បើរាសីខ្ពស់ជាង ហ៊ុន សែន មិនមែនរត់ចោលស្រុកទេ តែក៏ អរគុណដែរ ដែលពួកលោកឯករត់ចោលស្រុក ធ្វើឲ្យស្រុកមាន ស្ថិរភាព មិនរញ៉េរញ៉ៃ ។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានមានប្រសាសន៍ សូមឱ្យមានការប្រុងប្រយ័ត្នជាប់ជានិច្ច ចំពោះឧបាយកល ទុច្ចរិតរបស់បុគ្គលប្រឆាំងមួយចំនួនតូច ដែលចិញ្ចឹមចិត្ត និងមានបំណងបង្កមហន្តរាយដល់សង្គម និងបំផ្លាញសុខសន្តិភាព ដែលកម្ពុជា រកបានដោយកម្រនោះ ៕
អត្ថបទ៖ ស៊ូ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ