ពិព័រណ៍ពាណិជ្ជកម្មអាស៊ាន នឹងប្រព្រឹត្តទៅរយៈពេល៥ថ្ងៃ នៅទីក្រុងអ៊ីលសាន សាធារណរដ្ឋកូរ៉េ
ភ្នំពេញ៖ ពិព័រណ៍ពាណិជ្ជកម្មអាស៊ាន (ASEAN Trade Fair) នឹង ប្រព្រឹត្តទៅរយៈពេលប្រាំថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែឧសភា ដល់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣ នៅទីក្រុងអ៊ីលសាន (ILsan)សាធារណរដ្ឋ កូរ៉េ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ។
នៅក្នុងសេចក្តីជូនដំណឹងនេះបានឱ្យដឹងថា ក្រសួងពាណិជ្ជកម្ម សូម ជម្រាបជូនដំណឹងដល់លោក លោកស្រី ដែលជាម្ចាស់ក្រុមហ៊ុន សហ គ្រាស និងសាធារណជនទូទៅដែលកំពុងធ្វើធុរកិច្ចក្នុ ងវិស័យ ម្ហូបអាហារ និងភេសជ្ជៈឱ្យបានជ្រាបថា មជ្ឈមណ្ឌលអាស៊ាន-កូរ៉េ នឹងបន្តរៀបចំពិព័រណ៍ពាណិជ្ជកម្មអាស៊ាន (ASEAN Trade Fair) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣០ ខែឧសភា ដល់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣ នៅទីក្រុងអ៊ីលសាន សាធារណរដ្ឋកូរ៉េ។
ប្រភពដដែលបន្តថា ពិព័រណ៍ពាណិជ្ជកម្មអាស៊ាន រៀបចំឡើងដោយ ចូលរួមជាមួយពិព័រណ៍ម្ហូបអាហារ សេអ៊ូល ២០២៣ ដែលជា ព្រឹត្តិការណ៍ពិព័រណ៍អន្តរជាតិដ៏ធំទី៤ ស្តីពី ឧស្សាហកម្មម្ហូបអាហារ និងភេសជ្ជៈ នៅអាស៊ី។ ជុំវិញការចូលរួមក្នុងព្រឹត្តិការណ៍ខាងលើ មជ្ឈមណ្ឌលអាស៊ាន-កូរ៉េ នឹងផ្តល់ស្តង់ជូនកម្ពុជា ចំនួនប្រាំ ដោយ ឥតគិតថ្លៃ។ មជ្ឈមណ្ឌលអាស៊ាន-កូរ៉េ បានស្នើសុំក្រសួងពាណិជ្ជកម្ម ជ្រើសរើសក្រុមហ៊ុន សហគ្រាសកម្ពុជា ដែលកំពុងធ្វើធុរកិច្ច ក្នុងវិស័យ ម្ហូបអាហារ និងភេសជ្ជៈដើម្បីចូលរួមក្នុង ព្រឹត្តិការណ៍ ខាងលើ។
ក្នុងអំឡុងពេលពិព័រណ៍ គណៈកម្មការរៀបចំពិព័រណ៍ នឹងមានរៀបចំ សិក្ខាសាលា និងកម្មវិធីបណ្តុះបណ្តាលទាក់ទងនឹងគោលនយោបាយ សាធារណៈរវាងអាស៊ាន និងសាធារណរដ្ឋកូរ៉េ សម្រាប់អ្នក ចូលរួមពីតំបន់អាស៊ានផងដែរ៕
ដោយ៖ ង៉ាន់ ទិត្យ


