Airbus នឹងបើករោងចក្រដំឡើងយន្តហោះទីពីរនៅប្រទេសចិន
ប៉ារីស៖ ក្រុមហ៊ុន Airbus បានបញ្ជាក់ថា ខ្លួននឹងបង្កើនសមត្ថភាពផលិតរបស់ខ្លួនទ្វេដងនៅក្នុងប្រទេសចិន ស្របពេលដែលក្រុមហ៊ុនផលិតយន្តហោះអឺរ៉ុបមួយនេះ កំពុងព្យាយាមឈរជើងរឹងមាំនៅក្នុងទីផ្សារដ៏សំខាន់ និងបញ្ចៀសហានិភ័យភូមិសាស្ត្រនយោបាយ។

នាយកប្រតិបត្តិក្រុមហ៊ុន Airbus លោក ហ្គីលលូម ហ្វូរី បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌមួយ ដើម្បីសាងសង់រោងចក្រដំឡើងយន្តហោះទីពីរ (FAL) នៅបរិវេណរោងចក្ររបស់ខ្លួនក្នុងទីក្រុងធានជីង ភាគឦសានប្រទេសចិន សម្រាប់យន្តហោះធុនមធ្យម A320 របស់ក្រុមហ៊ុន Airbus នៅក្នុងពិធីមួយដែលមានការចូលរួមពីលោក ម៉ាក្រុង និងលោក ស៊ី។ រោងចក្រដំឡើងយន្តហោះថ្មីនេះ នឹងចាប់ផ្តើមដំណើរការនៅចុងឆ្នាំ ២០២៥ខាងមុខ។

ទីតាំងរោងចក្រថ្មីនៅប្រទេសចិននេះ គឺជាផ្នែកមួយនៃគោលដៅរបស់ក្រុមហ៊ុន Airbus ក្នុងការបង្កើនការផលិតយន្តហោះប្រចាំឆ្នាំជាសកលរបស់ខ្លួនសម្រាប់យន្តហោះធុន A320 និង A321 រហូតដល់ ៧៥គ្រឿងក្នុងមួយខែ នាអំឡុងឆ្នាំ ២០២៦ ពោលគឺកើនឡើង ៤៣គ្រឿង។ ក្រុមហ៊ុន Airbus បានទទួលការបញ្ជាទិញយន្តហោះប្រហែល ៧,៣០០គ្រឿងពីអតិថិជន។

គួរបញ្ជាក់ថា តំបន់អាស៊ី ជាពិសេសប្រទេសចិន គឺជាគោលដៅសំខាន់សម្រាប់ទាំងក្រុមហ៊ុន Airbus និងគូប្រជែងក្រុមហ៊ុន Boeing ដែលកំពុងសម្លឹងទាញយកប្រយោជន៍ពីការកើនឡើង នៃតម្រូវការសម្រាប់ការធ្វើដំណើរតាមផ្លូវអាកាស ពីសំណាក់ក្រុមវណ្ណៈកណ្តាលដែលកំពុងកើនឡើងយ៉ាងឆាប់រហ័ស៕
ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

