កម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម បើកចរចាលើកិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នាជុំទី២

អត្ថបទដោយ៖
CPA

​ភ្នំពេញ៖តបតាមការអញ្ជើញរបស់ក្រសួងហិរញ្ញវត្ថុ នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម កម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម បានបើកចរចាលើកិច្ចព្រ​មព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា (Double Taxation Agreement-DTA) ជុំទី២ ក្នុងរយៈពេល៣ ពោលគឺចាប់ពីថ្ងៃទី៤-៦ ខែមេសា ឆ្នាំ២០២៣ នៅទីក្រុងឌូបៃ ប្រទេសអេមីរ៉ាតអារ៉ាប់រួម ។កិច្ចចរចានេះសម្រេចបានការឯកភាពគ្នាលើ​មាត្រាចំនួន២៤ ក្នុងចំណោមមាត្រាសរុប៣១នៃកិច្ចព្រមព្រៀង។នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារ។

តាមរយៈសេចក្តីប្រកាសព័ត៌មាននេះ លោក សេង ជាសិទ្ធ ប្រធាននាយកដ្ឋាននីតិកម្ម គោលនយោបាយសារពើពន្ធ និងសហប្រ​តិបត្តិការពន្ធដារអន្តរ និងជាអ្នកដែលបានចូលរួមកិច្ចប្រជុំចរចាកិច្ចព្រមព្រៀង​​នេះ បានឱ្យដឹងថា ភាគីទាំងពីរបានធ្វើការច​រចា DTA ជុំទី១ កាលពីថ្ងៃទី២៧-២៩ ខែកញ្ញា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ។

លោកក៏បានវាយតម្លៃខ្ពស់អំពីកិច្ចខិតខំរបស់ក្រសួងហិរញ្ញវត្ថុនៃ ប្រទេសអេមីរ៉ាតអារ៉ាប់រួម ដើម្បីរៀបចំឱ្យមានកិច្ចប្រជុំចរចា DTA ជុំទី២ នេះ ជាលក្ខណៈរូបវន្តនាពេលនេះ។

លោកបញ្ជាក់ថា ៖ «ជារួម ភាគីទាំងពីរបានពិភាក្សាលម្អិតលើគ្រប់មាត្រាទាំងអស់ ដែលនៅសល់ពីការ ចរចាជុំទី១ និងជាល​ទ្ធផល បានដោះស្រាយបញ្ហាដែលនៅសេសសល់ជាច្រើនដែលក្នុងនេះ មាត្រាចំនួន ២៤ ក្នុង ចំណោមមាត្រាសរុបចំនួន ៣១ ត្រូវបានឯកភាពទាំងស្រុង»។

លោក សេង ជាសិទ្ធ​ បានបន្តថា ដោយឡែកសម្រាប់មាត្រា និងចំណុចដែលនៅ សេសសល់ ភាគីទាំងពីរនឹងបន្តពិភាក្សា និងស្នើសុំការសម្រេចពីថ្នាក់ដឹកនាំរៀងៗខ្លួនបន្ថែមទៀត ដើម្បីឈានទៅបញ្ចប់ការចរចា ទាំងស្រុងឱ្យបានឆាប់។

សូមជម្រាបថា កាលពីពាក់កណ្តាលខែមីនា ឆ្នាំ២០២៣នេះ កម្ពុជា និងនិងអេមីរ៉ាតអារ៉ាប់រួម ទើបតែបានប្រកាសរួមគ្នាអំពីកា​របញ្ចប់ការចរចាផ្លូវការ នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ(Cambodia-UAE CEPA) តាមរយៈប្រព័ន្ធវីដេអូ ដោយមានវត្តមានចូលរួមពីប្រធានក្រុមចរចា, តំណាងក្រុមការងារចរចា និងអន្តរក្រសួង-ស្ថាប័នពាក់ព័ន្ធនៃភាគីទាំងពីរ។ កិច្ចព្រមព្រៀងដ៏មានសារៈសំខាន់នេះគ្របដណ្តប់លើ ពាណិជ្ជកម្មទំនិញ, វិធានដើមកំណើតទំនិញ, នីតិវិធីគយ និងកិច្ចសម្រួ លពាណិជ្ជកម្ម, អនាម័យ និងភូតគាមអនាម័យ, របាំងបច្ចេកទេសពាណិជ្ជកម្ម, ឧបាស្រ័យពាណិជ្ជកម្ម, វិនិយោគ, ពាណិជ្ជកម្មសេវា, ពាណិជ្ជកម្មឌីជីថល, កម្មសិទ្ធិបញ្ញា, កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេស, សហគ្រាសធុនតូច

និងមធ្យម តម្លាភាព, យន្តការដោះស្រាយវិវាទ, អញត្រកម្ម, រដ្ឋបាលកិច្ចនៃកិច្ចព្រមព្រៀង និងអវសានប្បញ្ញត្តិ។

តាមរយៈកិច្ចព្រមព្រៀងនេះប្រទេសទាំងពីរ នឹងអាចទាញយកអត្ថប្រយោជន៍ជាអតិបរមាក្រោមក្របខ័ណ្ឌនេះ ដើម្បីជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចសម្រាប់ប្រជាជននៃភាគីទាំងពីរ តាមរយៈការលើកកម្ពស់ខ្សែច្រវាក់តម្លៃ កិច្ចសម្រួលពាណិជ្ជកម្ម ការជំរុញវិនិយោគទ្វេភាគី និងការពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យសក្តានុពលនានា ដែលជាកាលានុវត្តភាពថ្មីៗ ផ្តល់ដោយអាស៊ាន និងតំបន់មជ្ឈិមបូព៌ា៕

ដោយ៖វណ្ណសុជាតា

ads banner