សមាគមធនាគារ​ ពង្រីកដៃគូសហការ ដើម្បីលើកកម្ពស់ការផ្តល់ហិរញ្ញប្បទានប្រកបដោយបរិយាបន្ន និងការទទួលខុសត្រូវក្នុងវិស័យហិរញ្ញវត្ថុកម្ពុជា

អត្ថបទដោយ៖
CPA

ភ្នំពេញ៖សមាគមធនាគារនៅកម្ពុជា (ABC) និងអង្គការ Social Performance Task Force (SPTF) បានចុះអនុស្សរណៈយោគយល់គ្នា ក្នុងគោលបំណងពង្រឹងនិងលើកកម្ពស់ការផ្តល់ហិរញ្ញប្បទានប្រកបដោយបរិយាបន្ន និងការទទួលខុសត្រូវ ក្នុងវិស័យហិរញ្ញវត្ថុកម្ពុជា។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់​សមាគមធនាគារនៅកម្ពុជា ​​ថ្ងៃទី ៩ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា អនុស្សរណៈយោគយល់គ្នានេះ នឹងផ្តល់នូវក្រ​បខ័ណ្ឌមួយក្នុងការពង្រឹងនូវកិច្ចសហប្រតិបត្តិការរវាង ភាគីទាំងពីរ ដើម្បីពង្រឹងនូវការអនុវត្តប្រ​កបដោយបរិយាបន្ន​ និងការទទួលខុសត្រូវ​ រាប់ចាប់ពីទស្សន វិស័យនៃការគ្រប់គ្រងហានិភ័យក្នុងការជំរុញកំណើនប្រ​កបដោ​យការទទួលខុសត្រូវ ធ្វើឱ្យប្រសើរ ឡើងនូវស្ថិរភាពហិរញ្ញវត្ថុ និងការលើកកម្ពស់កិច្ចការពារអតិថិជននៅកម្ពុជា។

សមាគមធនាគារនៅកម្ពុជាបានឱ្យដឹងទៀតថា សមាគមធនាគារនៅកម្ពុជា (ABC) និងSPTF ព្រមព្រៀងសហការទៅលើកិច្ចកា​រមួយចំនួន រួមមាន៖ ការគាំទ្រសមាជិកគ្រឹះស្ថានធនាគារ ក្នុងការអនុវត្តឱ្យបានជោគជ័យនូវក្រមប្រតិបត្តិសម្រាប់ គ្រឹះស្ថានធ​នាគារ និងហិរញ្ញវត្ថុ។

ប្រភពដដែលបន្តថា កិច្ចព្រមព្រៀង​លើការគាំទ្រសមាជិកក្នុងការវាយតម្លៃទៅលើអនុលោមភាពនៃការអនុវត្តក្រមប្រតិបត្តិ កំ​ណ​ត់ផ្នែក ឬវិស័យដែ​លត្រូវធ្វើឱ្យប្រសើរឡើង ដែលមានចែងក្នុងក្រមត្រួតពិនិត្យពីការអនុវត្ត និងបញ្ហាប្រឈមចំពោះការអនុវត្តក្រមប្រតិបត្តិនៅក្នុងប្រព័ន្ធធនាគារ ដោយប្រើប្រាស់ក្រមប្រតិបត្តិ និងស្តង់ដារនៃកិច្ចការពារអតិថិជន ក្នុងការវាស់វែងពីការអនុវត្តក្រមប្រ​តិបត្តិ ក​សាង សមត្ថភាពសមាជិកក្នុងការអនុវត្តកិច្ចការពារអតិថិជននៅក្នុងក្រមប្រតិបត្តិ។

ទន្ទឹមនេះដែរ សមាជិក សមាគមធនាគារក៏បានប្តេជ្ញាចិត្តផងដែរ ក្នុងការលើកកម្ពស់នូវចំណេះដឹងហិរញ្ញវត្ថុសម្រាប់ប្រជាជនកម្ពុជា និងធ្វើឱ្យប្រសើរឡើងនូវយន្តការនៃការការពារអតិថិជនរបស់ពួកគេ។

លោក Raymond Sia ប្រធានសមាគមធនាគារនៅកម្ពុជា បានមានប្រសាសន៍ថា សេវា និងផលិតផលធនាគារត្រូវបានបង្កើតឡើ​ងផ្សារភ្ជាប់នឹងការសាងទំនុកចិត្ត និងភាពជឿជាក់ ជាមួយនឹងអតិថិជន ការការពារអតិថិជនគឺជារឿងចាំបាច់សម្រាប់សេវាធ​នាគារ។ អនុស្សរណៈយោគយល់គ្នា ជាមួយនឹង​SPT នឹងចូលរួមចំណែកលើកកម្ពស់កិច្ចការពារអតិថិជននៅកម្ពុជា និងព​ង្រឹ​ងបន្ថែមនូវ ភាពខ្លាំង រឹងមាំ កេរ្តិ៍ឈ្មោះ នៃឧស្សាហកម្មធនាគារ។

លោកបានបញ្ជាក់ថា ៖ «យើងអំពាវនាវឱ្យសមាជិករបស់យើងទាំងអស់អនុវត្តនូវគោលការណ៍នៃក្រមប្រតិបត្តិ និងដាក់បញ្ចូលក្រ​មនេះទៅក្នុង នីតិវិធី និងគោលនយោបាយរបស់ពួកគេ»។

«យើងពិតជារីករាយដើម្បីផ្សារភ្ជាប់នូវទំនាក់ទំនងជាមួយសមាគមធនាគារនៅកម្ពុជា (ABC)។ ការងាររបស់យើងជាមួយស​មា​គមធនាគារនៅកម្ពុជា នឹងរួមបញ្ចូលនូវការរៀបចំសិក្ខាសាលាកសាងសមត្ថភាពមួយចំនួនលើអភិបាលកិច្ច និងកិច្ចការមួយចំ​នួន​ទៀតក្នុងការពង្រឹងនូវកិច្ចការពារអតិថិជននៅក្នុងវិស័យធនាគារនៅកម្ពុជា។ នេះជាការលើកឡើងរបស់លោក Nitin Madan នាយកផ្នែកបរិយាបន្នហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវប្រចាំអាស៊ីអាគ្នេយ៍នៃអង្គការ SPTF។

លោកបញ្ជាក់បន្ថែមថា ៖«បន្ថែមលើនេះ ខ្ញុំក៏សូមអរគុណដល់រដ្ឋាភិបាលប្រទេសឡុចហ្សំបួរតាមរយៈក្រសួងការបរទេសអឺ​រ៉ុប ដែលបានផ្តល់មូលនិធិដល់ RIFF-SEA និងផ្ដល់ការគាំទ្រដល់ការងាររបស់យើងនៅកម្ពុជា ដើម្បីបង្កើតនូវផលប៉ះពាលជា​វិជ្ជមាន»។

ជាមួយគ្នានេះ លោក ហេង បូមករា អគ្គនាយករងត្រួតពិនិត្យ នៃធនាគារជាតិនៃកម្ពុជា បាន​ឱ្យដឹងដែរថា អនុស្សរណៈយោគយ​ល់គ្នានេះនឹងជួយត្រួសត្រាយផ្លូវ​ដើម្បីជំរុញ និងលើកកម្ពស់ការអនុវត្តក្រមប្រតិបត្តិសម្រាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុឱ្យមានប្រសិទ្ធភាព ក្នុងការគោលដៅលើកម្ពស់កំណើនប្រកបដោយការទទួលខុសត្រូវ ធ្វើឱ្យប្រសើរឡើងនូវស្ថិរភាពហិរញ្ញ វត្ថុនិ​ងបង្កើនកិច្ចការពារអតិថិជន។

លោកបានសង្កត់ធ្ងន់ថា កិច្ចការពារអតិថិជនគឺជាកិច្ចការអាទិភាព ដែលគ្រប់ភាគីពាក់ព័ន្ធទាំងអស់ត្រូវយកចិត្តទុកដាក់ខ្ពស់ ដើ​ម្បីរក្សាបាននូវទំនុកចិត្តពីសាធារណជន និងលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា និងរក្សានូវស្ថិរភាពប្រព័ន្ធធនាគារទាំង​មូលផងដែរ៕ដោយ៖វណ្ណ សុជាតា

ads banner