អៀរឡង់ខាងជើង ប្រារព្ធខួប ២៥ ឆ្នាំនៃសន្តិភាព ចំពេលមានកុប្បកម្ម

ប៊ែលហ្វាស់៖ ប្រទេសអៀរឡង់ខាងជើងប្រារព្ធ ខួបលើកទី ២៥ នៃកិច្ចព្រមព្រៀងសន្តិភាពរបស់ បៀរឺណេស សានតូ (Viernes Santo) ដែលបានបញ្ចប់រយៈពេលបីទសវត្សរ៍ នៃជម្លោះអន្តរសហគមន៍ ដ៏បំផ្លិចបំផ្លាញ។

នៅថ្ងៃទី ១០ ខែមេសា ឆ្នាំ ១៩៩៨ ត្រូវបានចាត់ទុកជាថ្ងៃបរិសុទ្ធ ហើយមេដឹកនាំជាតិនិយមអៀរឡង់ ដែលភាគច្រើនជាកាតូលិក និងក្រុមសហជីពដែលគាំទ្រចក្រភពអង់គ្លេស ភាគច្រើនជាប្រូតេស្ដង់ បានឈានដល់កិច្ចព្រមព្រៀងសន្តិភាពមួយបន្ទាប់ពីការចរចា ម៉ារ៉ាតុង ដែលរដ្ឋាភិបាលទីក្រុងឡុងដ៍ ឌុលលីន និងវ៉ាស៊ីនតោនបានចូលរួម។ កិច្ចព្រមព្រៀងនេះបានបញ្ចប់អំពើហិង្សារយៈពេលបីទសវត្សរ៍ដែលបានឆក់យកជីវិតមនុស្សជាង៣.៥០០នាក់។

មួយភាគបួន នៃសតវត្សក្រោយមក បរិយាកាសកាន់តែឆ្លុះបញ្ចាំង ជាងការប្រារព្ធពិធីទៅទៀត តែលើកលែងតែនៅក្នុងទីក្រុងព្រំដែន ឡនដន់ ដឺរី (Londonderry) ជាកន្លែងដែលកុប្បកម្មបានផ្ទុះឡើង បន្ទាប់ពីប៉ូលីសត្រូវបានវាយប្រហារនៅក្នុងក្បួនដង្ហែរ ដែលមិនមានការប្រកាសឲ្យដឹងមុន ពីសំណាក់ក្រុមអ្នកប្រឆាំងសាធារណរដ្ឋ។ រថយន្តមួយគ្រឿងត្រូវបានគេដុតក្នុងអំឡុងពេលមានអំពើហិង្សាដែលមិនបណ្តាលឱ្យមានជនរងគ្រោះឡើយ ក៏ប៉ុន្តែ ប៉ូលីសបានអំពាវនាវឱ្យស្ងប់ស្ងាត់។

សមាជិកសភាអៀរឡង់ខាងជើង លោកស្រី ឃែលលី អានស្ត្រង (Kellie Armstrong) បានប្រតិកម្មនឹងសកម្មភាពរបស់ក្រុមប្រឆាំងទាំងនោះថា ជា “អ្វីដែលគួរឱ្យខ្មាស់អៀន” ហើយបានចាត់ទុកថាពួកគេជាទង្វើដែលបានប្រព្រឹត្តថា “ដោយអ្នកខ្លះដែលចង់ឱ្យអៀរឡង់ខាងជើង ត្រឡប់ទៅសម័យងងឹត” ។

ឥស្សរជននយោបាយជាច្រើននឹងទៅបំពេញទស្សនកិច្ចនៅអៀរឡង់ខាងជើង ក្នុងសប្តាហ៍នេះ ក្នុងចំណោមពួកគេ ក៏មានលោក បៃឌិន (Biden) ដែលមានដើមកំណើតអៀរឡង់។

នាយករដ្ឋមន្ត្រីអង់គ្លេស លោក រីស៊ី សុនណាក់ (Rishi Sunak) បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ថ្ងៃនេះយើងចងចាំការចាប់ផ្តើមនៃជំពូកថ្មីមួយនៅក្នុងប្រវត្តិសាស្រ្តនៃប្រជាជនអៀរឡង់” ។

ក្នុងប៉ុន្មានឆ្នាំបន្ទាប់ពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀង ទាហានអៀរឡង់ខាងជើងបានដកហូតអាវុធ ព្រំដែនដីយោធាត្រូវបានរុះរើ ហើយកងទ័ពអង់គ្លេសបានដកខ្លួនចេញ៕ ប្រភពពី AFP ប្រែសម្រួលដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner