សំណង់អគារក្រសួងមហាផ្ទៃ គ្រោងសម្ពោធដាក់ប្រើប្រាស់ ក្នុងខែមិថុនា (Video Inside)

សំណង់អគារថ្មី នៃទីស្តីការក្រសួងមហាផ្ទៃ ត្រៀមនឹងដាក់សម្ពោធប្រើប្រាស់ជាផ្លូវការ នៅមុនការបោះឆ្នោតសកល ខែកក្កដា ឆ្នាំ២០២៣ ក្រោយដំណើរការសាងសង់អស់រយៈពេលជាងមួយឆ្នាំមកនេះ។

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករធ្វើសំណង់ ទីស្តីការក្រសួងមហាផ្ទៃ នៅថ្ងៃទី១១ មេសា ឆ្នាំ២០២៣ បានវាយតម្លៃខ្ពស់លើកិច្ចប្រឹងប្រែងជួយសាងសង់ និងចាត់ទុកសំណង់អគារ៩ជាន់ ដែលទើបបានសម្រេចបាន៨០ភាគរយមកនេះ គឺជាការចូលរួមចំណែកមួយ នៃការកសាងប្រទេសជាតិ។

សំណង់អគារថ្មី នៃទីស្តីការក្រសួងមហាផ្ទៃ បានចាប់ផ្តើមធ្វើពិធីបញ្ចុះបឋមសិលាកាលពីថ្ងៃទី១១ វិច្ឆិកា ឆ្នាំ២០២២ ដែលមានកម្មករសំណង់ជួយកសាងចំនួនប្រមាណពី២ពាន់ទៅ៣ពាន់នាក់។ សំណង់នេះ ត្រូវគេគ្រោងធ្វើឱ្យហើយក្នុងរយៈពេល២២ខែ ប៉ុន្តែដំណើរការបានធ្វើលឿនជាងការកំណត់ ដែលនឹងមានរយៈពេល២០ខែតែប៉ុណ្ណោះ រហូតដល់ខែមិថុនា ឆ្នាំ២០២៣ ដែលត្រៀមនឹងធ្វើការសម្ពោធចុងក្រោយ។

សម្តេចក្រឡាហោម ស ខេង បានសម្តែងការអរគុណចំពោះកិច្ចប្រឹងប្រែងរបស់កម្មករ ដែលបានជម្រុញឱ្យសំណង់ថ្មីនេះ បានលេចជារូបរាង និងគ្រោងបញ្ចប់ក្នុងរយៈពេល២ខែទៅមុខទៀត។

សំណង់ថ្មីនៃអគារក្រសួងមហាផ្ទៃកម្ពស់៩ជាន់នេះ គឺជាសំណង់ដែលចំណាយថវិកាចំនួន ៦០លានដុល្លារ ដែលយកលំនាំរចនាបទខ្មែរដំបូលប្រក់ក្បឿងស្រកាលិញ មានបុស្សបុកចំនួន៥ តាមលំនាំប្រាសាទអង្គរវត្តកំពូលប្រាំ និងជាអគាររដ្ឋបាលដ៏ធំជាងគេបង្អស់មួយនៅក្នុងប្រទេសកម្ពុជា។

ads banner