ព្រះអគ្គីជ័យកីឡាដង្ហែរក្នុងប្រទេសម៉ាឡេស៊ី (Video Inside)

ព្រះអគ្គីជ័យកីឡានៃនិមិត្តរូបព្រឹត្តិការណ៍ស៊ីហ្គេម ដែលនឹងប្រព្រឹត្តទៅនៅក្នុងប្រទេសកម្ពុជា ត្រូវបានដង្ហែរក្នុងក្រុងពូត្រាហ្សាយ៉ា នៃប្រទេសម៉ាឡេស៊ី នៅថ្ងៃទី១១ មេសានេះ ដោយមានអ្នកចូលរួមប្រមាណ ៣០០នាក់។

បេសកជនពិសេស នៃគណៈកម្មាធិការជាតិអូឡាំពិករបស់កម្ពុជាលោក ហោ សារុន បានបញ្ជាក់ឱ្យដឹងដែរថា ក្នុងពិធីដង្ហែរនោះ មានការអញ្ជើញចូលរួមពីរដ្ឋមន្ត្រីក្រសួងយុវជន និងកីឡា ម៉ាឡេស៊ី លោកស្រីហាណា យ៉េអូ Hannah Yeoh និងមន្ត្រីពាក់ព័ន្ធជាច្រើនទៀត។

ព្រះអគ្គីជ័យកីឡានឹងបន្តធ្វើដំណើរមកកាន់ប្រទេសសឹង្ហបុរី បន្ទាប់ពីការដង្ហែររួចក្នុងប្រទេសម៉ាឡស៊ី។ យោងតាមគំរោងការដង្ហែរព្រះអគ្គីកីឡាក្នុងសឹង្ហបុរីនឹងគ្រោងធ្វើនៅថ្ងៃទី១៥ មេសា មុននឹងបន្តមកប្រទេសថៃ …បន្ទាប់មកទៅប្រទេសមីយ៉ាន់ម៉ា និងចុងក្រោយទៅប្រទេសឡាវ មុននឹងដង្ហែរចូលមកដល់ប្រទេសកម្ពុជាវិញ។

ព្រះអគ្គីជ័យកីឡា នឹងបន្តដង្ហែរជាច្រើនបន្ថែមទៀតក្នុងប្រទេសកម្ពុជា ដោយធ្វើដំណើរឆ្លងកាត់ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ និងកំពង់ចាម និងវិលត្រឡប់មកពហុកីឡាដ្ឋានជាតិមរតកតេជោ នាវេលាម៉ោង៨កន្លះយប់ គឺនៅចំពេលពិធី ដែលប្រកាសបើកការប្រកួតកីឡាស៊ីហ្គេមជាផ្លូវការ លើកទី៣២ ឆ្នាំ២០២៣។

គិតត្រឹមថ្ងៃទី១១មេសានេះ ព្រឹត្តិការណ៍កីឡាស៊ីហ្គេម ដែលកម្ពុជាទន្ទឹងរង់ចាំ៦៤ឆ្នាំរួចមកនោះ នឹងមកដល់ក្នុងរយៈពេល២៤ថ្ងៃ ទៅមុខទៀតនេះ។

ads banner