សីតុណ្ហភាពកម្តៅកើនខ្លាំងក្នុងសប្តាហ៍ដែលមានពិធីបុណ្យចូលឆ្នាំ (Video Inside)

សីតុណ្ហភាពកម្ដៅអតិបរមា នឹងកើតមានក្នុងសប្តាហ៍នេះខណៈបាតុភូតភ្លៀង ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ នៅតែបន្ដកើតមានថែមទៀតក្នុងសប្ដាហ៍ទៅមុខនេះ។ យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម មូលហេតុដែលបង្ករឱ្យកើតមានការប្រែប្រួលអាកាសធាតុបែបនេះ គឺដោយសារកម្ពុជាទទួលរងនូវឥទ្ធិពលពីជ្រលងសម្ពាធទាបក្នុងកម្រិតពីខ្សោយទៅមធ្យម គួបផ្សំនិងខ្យល់ប្រែប្រួល។

យោងតាមការព្យាករណ៍រវាងពីថ្ងៃទី១២ រហូត ដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ នៅតំបន់ទំនាបកណ្តាល នឹងមានសីតុណ្ហភាពអប្បបរមា រវាងពី ២៥ទៅ២៧ អង្សាសេ ប៉ុន្តែសីតុណ្ហភាពអតិបរមាមានរវាងពី៣៥ទៅ៣៩អង្សាសេ, ដែលសីតុណ្ហទាំង២នេះ គឺមានការកើនឡើង រវាងពី១ទៅ២ អង្សាសេ បើប្រៀបធៀបទៅនឹងសប្ដាហ៍មុន។ នៅថ្ងៃទី១២ដល់១៤ ខែមេសា តំបន់ទំនាបកណ្តាល អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅតិចតួច ។ បន្ទាប់ពីនោះបរិមាណភ្លៀង និងកើនឡើង ក្នុងកម្រិត ពីមធ្យមទៅបង្គួរ ដែលលាយឡំ ទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។

ចំណែកនៅតំបន់ខ្ពង់រាប សីតុណ្ហភាពអប្បបរមា មានរវាងពី ២៥ទៅ២៧ អង្សាសេ , សីតុណ្ហភាពអតិបរមា មានរវាងពី ៣៦ទៅ៣៨ អង្សាសេ។ បើប្រៀបធៀបនឹងសប្ដាហ៍មុន សីតុណ្ហភាព ទាំង២នេះ គឺមានការកើនឡើងរវាងពី១ទៅ២អង្សាសេ។ នៅថ្ងៃទី១២ ដល់១៤ ខែមេសា អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅតិចតួច។ បន្ទាប់ពីនោះ បរិមាណភ្លៀង និងកើនឡើងក្នុងកម្រិតពីមធ្យមទៅបង្គួរ ដែលលាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

ដោយឡែកនៅតំបន់មាត់សមុទ្រនោះវិញ សីតុណ្ហភាពអប្បបរមា មានរវាងពី ២៤ទៅ២៦ អង្សាសេ, សីតុណ្ហភាពអតិបរមា មានរវាងពី ៣៤ទៅ៣៦ អង្សាសេ, ដែលសីតុណ្ហទាំង២នេះ គឺមានការកើនឡើង២អង្សាសេ បើប្រៀបធៀបទៅនឹងសប្ដាហ៍មុន។ ការព្យាករណ៍តំបន់មាត់សមុទ្រនេះ អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម ដែលលាយឡំទៅ ដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

ក្រសួងធនធានទឹក និងឧតុនិយម បានព្យាករណ៍ដាស់តឿនដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្ន ចំពោះបាតុភូតធម្មជាតិ ដែលអាចកើតមានឡើងជាយថាហេតុនេះ។

ads banner