រដ្ឋមន្រ្តីការបរទេសហ្វីលីពីន៖ ហ្វីលីពីននិងអាមេរិកត្រូវការពិភាក្សាគ្នាពីលទ្ធភាពចូលប្រើប្រាស់មូលដ្ឋានយោធារបស់ហ្វីលីពីន
ម៉ានីល៖ រដ្ឋមន្ត្រីការបរទេសហ្វីលីពីន លោក អ៊ីនរីគ ម៉ាណាលូ (Enrique Manalo) បាននិយាយកាលពីថ្ងៃចន្ទថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននិងម៉ានីល នឹងត្រូវពិភាក្សាពីអ្វីដែលសហរដ្ឋអាមេរិកអាចធ្វើ មុនចូលប្រើប្រាស់មូលដ្ឋានយោធាមួយចំនួននៅលើទឹកដីហ្វីលីពីន។
ការថ្លែងយ៉ាងដូច្នេះរបស់លោក ម៉ាណាលូ ធ្វើឡើងបន្ទាប់ពីហ្វីលីពីនកាលពីសប្ដាហ៍មុន បានប្រកាសពីមូលដ្ឋានយោធាចំនួន៤បន្ថែមទៀត ដែលសហរដ្ឋអាមេរិកអាចចូលប្រើប្រាស់ ចំពេលមានការព្រួយបារម្ភរួមគ្នាពីភាពក្លៀវក្លាក្នុងតំបន់របស់ចិន។
ថ្លែងមួយថ្ងៃមុន អាមេរិក និងហ្វីលីពីនរៀបចំកិច្ចប្រជុំមួយដែលចូលរួមដោយមន្រ្តីក្រសួងការបរទេស និងការពារជាតិនៃប្រទេសទាំងពីរ លោក ម៉ាណាលូ ក៏បានជំរុញផងដែរ ឱ្យមានកិច្ចសន្ទនា និងការសហការគ្នារវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង។
លោកបានថ្លែងប្រាប់មជ្ឈមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិនៅទីក្រុងវ៉ាស៊ីនតោនថា ៖ «កិច្ចប្រជុំ ២+២ រវាងសម្ព័ន្ធមិត្តយូរអង្វែងដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអង្គារ បង្ហាញពីគន្លងវិជ្ជមាននៃទំនាក់ទំនងទ្វេភាគីរបស់យើង ដែលកំពុងមាននៅគ្រប់កម្រិតទាំងអស់នាពេលនេះ»។
គួរបញ្ជាក់ថា អ្នកជំនាញនិយាយថា សហរដ្ឋអាមេរិកសម្លឹកឃើញថាហ្វីលីពីនជាទីតាំងដ៏មានសក្តានុពលសម្រាប់ដាក់ប្រព័ន្ធរ៉ុក្កែត មីស៊ីល និងកាំភ្លើងធំរបស់ខ្លួន ដើម្បីទប់ទល់នឹងការឈ្លានពានដែលអាចកើតមានរបស់ចិនទៅលើកោះតៃវ៉ាន់ ដែលក្រុងប៉េកាំងចាត់ទុកថាជារបស់ខ្លួន។
នៅពេលសួរថាតើហ្វីលីពីននឹងអនុញ្ញាតឱ្យការដាក់ពង្រាយប្រព័ន្ធអាវុធទាំងនេះ ក្លាយជាផ្នែកមួយនៃការចូលប្រើប្រាស់មូលដ្ឋានទ័ពរបស់ហ្វីលីពីន ក្រោមកិច្ចព្រមព្រៀងពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិ (EDCA) ដែរឬយ៉ាងណា លោក ម៉ាណាលូ បានលើកឡើងថា៖ «ជាធម្មតា យើងកំណត់តំបន់។ ដូចករណីនៅតំបន់(នៃមូលដ្ឋានទ័ព)ផ្សេងទៀតដែរ វាត្រូវមានការពិភាក្សាលើលក្ខខណ្ឌតាមប្រភេទនៃសកម្មភាព(យោធា)។ បញ្ហាទាំងអស់នេះ ត្រូវតែមានការយល់ព្រមគ្នា ហើយវានឹងអាស្រ័យលើការពិភាក្សាគ្នា»។
ជុំវិញបញ្ហានេះផងដែរ មន្ទីរបញ្ចកោណអាមេរិកមិនបាននិយាយឱ្យជាក់លាក់អំពីអ្វីដែលនឹងត្រូវធ្វើលើទីតាំងយោធារបស់ហ្វីលីពីននោះទេ ក្រៅតែពីការងារដែលមានក្នុងការពង្រីកអាកាសយានដ្ឋាន និងការហ្វឹកហ្វឺនដែលពាក់ព័ន្ធនឹងកងទ័ពជើងទឹក។
គួររំឭកថា កិច្ចព្រមព្រៀង EDCA អនុញ្ញាតឱ្យសហរដ្ឋអាមេរិកចូលប្រើប្រាស់មូលដ្ឋានទ័ពហ្វីលីពីនសម្រាប់ការហ្វឹកហ្វឺនរួមគ្នា ការកំណត់ទីតាំងជាមុនសម្រាប់ការដាក់បរិក្ខារយោធា និងការកសាងគ្រឿងបរិក្ខារដូចជាផ្លូវរត់យន្តហោះ កន្លែងស្តុកប្រេងឥន្ធនៈ និងកន្លែងស្នាក់នៅរបស់យោធា។ ប៉ុន្តែកន្លែងទាំងនេះ មិនបម្រើឱ្យកិច្ចការជាអចិន្ត្រៃយ៍នោះទេ៕
ប្រែសម្រួល៖ហួន ឌីណា