រដ្ឋមន្រ្តីកិច្ចការនារី ជំរុញឱ្យសហគ្រិនស្រ្តីវ័យក្មេង បន្តអភិវឌ្ឍន៍សមត្ថភាពចំណេះជំនាញលើផ្នែកឌីជីថល
ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងកិច្ចការនារី លោកជំទាវ អ៊ឹង កន្ថាផាវី បានជំរុញទៅដល់សមាគមសហគ្រិនវ័យក្មេងកម្ពុជា ពិសេសស្រ្តីជាសហគ្រិន គួរបន្តគិតគូរ និងយកចិត្តទុកដាក់លើការអភិវឌ្ឍជំនាញ និងសមត្ថភាពផ្នែកឌីជីថលរបស់ខ្លួនបន្ថែមទៀត។
ការជំរុញនេះ ត្រូវបានធ្វើឡើងនៅក្នុងជំនួបរវាងលោកជំទាវ អ៊ឹង កន្ថាផាវី និងគណៈប្រតិភូ សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) កាលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣កន្លងមក នាក្រសួងកិច្ចការនារី។
យោងតាមគេហទំព័ររបស់ក្រសួងកិច្ចការនារី ក្នុងកិច្ចប្រជុំនោះ លោកជំទាវ អ៊ឹង កន្ថាផាវី បានកោតសរសើរចំពោះភាពសកម្មរបស់គណៈកម្មការស្រ្តី ក្នុងសមាគម ជាពិសេសតាមរយៈកិច្ចសហការ ជាមួយនឹងក្រសួងកិច្ចការនារី ក្នុងការរៀបចំកម្មវិធីពានរង្វាន់សហគ្រិនស្រ្តីអាស៊ាន កាលពីឆ្នាំ២០២២កន្លងមក ក្នុងពេលកម្ពុជាជាម្ចាស់ផ្ទះអាស៊ាន។
ទន្ទឹមគ្នានេះ លោកជំទាវ អ៊ឹង កន្ថាផាវី ក៏បានលើកទឹកចិត្តឱ្យសមាគមសហគ្រិនវ័យក្មេងកម្ពុជា បន្តគិតគូរ និងយកចិត្តទុកដាក់លើការអភិវឌ្ឍជំនាញ និងសមត្ថភាពផ្នែកឌីជីថលផងដែរ។
លោកជំទាវបន្តថា ៖ «សូមបន្តគិតគូរដល់ការអភិវឌ្ឍជំនាញ និងសមត្ថភាពផ្នែកឌីជីថល និងជំនាញទន់សមាជិករបស់ខ្លួន និងបុគ្គលិករបស់សហគ្រាស ដែលដឹកនាំដោយសមាជិកខ្លួន ដើម្បីឱ្យមានលទ្ធភាព កាន់តែបានឆ្លើយតប និងទាញផលប្រយោជន៍ពីយុគសម័យឌីជីថល នៅក្នុងស្រុក តំបន់ និងជាសកល»។
ឆ្លើយតបទៅនឹងការជំរុញនេះ នាឱកាសនោះ លោក ប៉ិច បូឡែន ប្រធាសមាគមសហគ្រិនវ័យក្មេងកម្ពុជា បានឱ្យដឹងថា គោលបំណងសំខាន់នៃជំនួបសម្ដែងការគួរសមនេះ គឺដើម្បីបង្ហាញបច្ចុប្បន្នភាព វឌ្ឍនភាពរបស់សមាគម ជាពិសេស កិច្ចអន្តរាគមន៍របស់សមាគមក្នុងការកសាងសមត្ថភាពសហគ្រិនស្រ្តីក្នុងការដឹកនាំអាជីវកម្ម និងផែនការអទិភាពរបស់សមាគមនៅក្នុងឆ្នាំ២០២៣។
លោកថា សមាគមសហគ្រិនវ័យក្មេងកម្ពុជា ក៏បានសុំនូវទស្សនទានអនុសាសន៍គន្លឹះ ពីរដ្ឋមន្រ្តីក្រសួងកិច្ចការនារីក្នុងការដឹកនាំសមាគម ជាពិសេសការធ្វើឱ្យប្រសើរឡើងនូវភាពជាអ្នកដឹកនាំ និងអាជីវកម្មរបស់សហគ្រិនស្រ្តីផងដែរ។
លោក ប៉ិច បូឡែន បានបន្តថា ៖ «សមាគមបានប្ដេជ្ញាខិតខំប្រឹងប្រែងបន្តពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងគ្នា ដើម្បីជួយជំរុញដល់សហគ្រិនភាពកម្ពុជា ជាពិសេសសហគ្រិនស្ត្រី ឱ្យមានភាពរីកចម្រើនទៅមុខជានិរន្តរ៍»។
ពាក់ព័ន្ធនឹងការអភិវឌ្ឍលើជំនាញឌីជីថលនេះដែរ ក្នុងខែកុម្ភៈ កន្លងទៅសម្ដេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏ធ្លាប់បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ដែលបានរួមចំណែកយ៉ាងសកម្មក្នុងការកសាង និងអភិវឌ្ឍសង្គមជាតិ ខណៈលោកបានចាត់ទុកថា បច្ចុប្បន្នស្ត្រី បានចូលរួមចំណែកក្នុងកិច្ចការងារជាច្រើនវិស័យ។
សម្ដេចតេជោ ហ៊ុន សែន បានបំផុសគំនិតដល់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី និងសហគ្រិនស្រ្តីនៅកម្ពុជា ត្រូវពង្រីកសក្តានុពលរបស់ខ្លួន តាមរយៈការពង្រឹងសមត្ថភាពជំនាញបច្ចេកវិទ្យាឌីជីថល ដើម្បីចាប់យកនូវកាលានុវត្តភាព និងសក្តានុពលថ្មីៗបន្ថែមទៀតទាំងក្នុងប្រទេស និងក្រៅប្រទេស។
គួរបញ្ជាក់ថា យោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី បានបង្ហាញថា នៅឆ្នាំ២០២២ មន្ត្រីរាជការស្ត្រី មានចំនួន ៦៨២២ នាក់ នៃមន្ត្រីរាជការសរុប ២៨ ៥៤២ នាក់ បានទទួលការពង្រឹងសមត្ថភាពលើចំណេះដឹង និងជំនាញផ្សេងៗ ទាំងនៅក្នុងប្រទេស និងក្រៅប្រទេស។
ក្នុងវិស័យសេដ្ឋកិច្ចនៅកម្ពុជា ស្ត្រីបានក្លាយជាកម្លាំងចលករដែលបានរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច ជាតិ និងការអភិវឌ្ឍសង្គម ដែលមានកម្លាំងពលកម្មស្រ្តីមានប្រមាណ ៨៤ភាគរយ ហើយក្នុងនោះស្រ្តីប្រមាណ ៦១ភាគរយជាម្ចាស់អាជីកម្ម ឬអ្នកធ្វើធុរកិច្ច ដែលជាអត្រាខ្ពស់ក្នុងតំបន់។ លើសពីនេះទៀត កាលឆ្នាំ២០២២ នៅកម្ពុជា ស្ត្រីជាម្ចាស់ក្រុមហ៊ុន មានកើនឡើងចន្លោះពី ២០ភាគរយទៅ ២២ភាគរយ និងស្ត្រីជាម្ចាស់សហគ្រាសកើនពីចន្លោះពី ៣០ភាគរយ ទៅ ៣២ភាគរយថែមទៀត៕ដោយ៖សែម ពិសី