សម្ដេចក្រឡាហោម ស ខេង៖ ការពារសុវត្ថិភាពល្អរបស់បុគ្គលិក កម្មករ ជាប្រផ្នូលដ៏ល្អមួយរួមចំណែកជោគជ័យរួមរបស់រដ្ឋាភិបាល
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចាត់ទុកការពារសុវត្ថិភាពល្អរបស់បុគ្គលិក កម្មករ ថាជាប្រផ្នូលដ៏ល្អមួយសម្រាប់អគាររដ្ឋបាលក្រសួងនិងអ្នកបម្រើការងារទៅអនាគត មានអារម្មណ៍ល្អ សប្បាយរីករាយ។ ជាផ្នែកមួយនៃចិត្តសាស្រ្ត និងពិសេសជាជោគជោគជ័យមួយក្នុងការរួមចំណែកជាមួយនឹងជោគជ័យរួមរបស់រដ្ឋាភិបាល។
ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ សាងសង់សំណង់អគារទីស្តីការក្រសួងថ្មី ក្រសួងមហាផ្ទៃ នាថ្ងៃទី១១ ខែមេសានេះ សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថា ថ្វីដ្បិតរយៈពេលមួយឆ្នាំ ការសាងសង់សម្រេចបាន៨០ភាគរយក៏ ប៉ុន្តែការដ្ឋាននេះរក្សាបានការធានាគុណភាព មានការត្រួតពិនិត្យយ៉ាងម៉ត់ចត់ ពិសេសរក្សាសុវត្ថិភាពបានយ៉ាងល្អ។
សម្ដេចបន្តថា សំណង់នេះមិនមែនប្រើប្រាស់តែមួយថ្ងៃ ពីរថ្ងៃ ឬ មួយឆ្នាំ ពីរឆ្នាំនោះទេ ប៉ុន្តែអាចប្រើប្រាស់ចាប់ពីមួយទៅបីជំនាន់មនុស្សក៏ថាបាន អាស្រ័យលើការងារថែទាំបានល្អ ដូច្នេះលោកចាត់ទុកការពារសុវត្ថិភាពល្អរបស់បុគ្គលិក កម្មករ កម្មការិនី ថាជាប្រផ្នូរដ៏ល្អមួយសម្រាប់អគាររដ្ឋបាលក្រសួង និងអ្នកបម្រើការងារទៅអនាគត មានអារម្មណ៍ល្អ សប្បាយរីករាយ ជាផ្នែកមួយនៃចិត្តសាស្រ្ត។
សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថា ៖ «ខ្ញុំសង្ឃឹមថា នៅសល់ ២០ភាគរយ ទៀត នឹងត្រូវសាងសង់បញ្ចប់ ដោយឈរនៅលើគោការណ៍សុវត្ថិភាពជាចម្បង គុណភាព សោភណភាពនៃសំណង់នេះ ព្រោះថាមានសំណង់មួយចំនួន មិនថា នៅទីនេះ ឬទីនោះ ក្នុងប្រវត្តិតែងតែជួបប្រទះនឹងបញ្ហា។ អីចឹងទេ! ក្តីសង្ឃឹមរបស់ខ្ញុំ គឺថាសម្រាប់រយៈពេលសេសសល់ អ្នកទាំងអស់គ្នាត្រូវបន្តលើកកម្ពស់ការប្រុងប្រយត្ន ហើយធានានូវសុវត្ថិភាពឱ្យបានទាំងស្រុង»។
លោក ទូច គីម អគ្គនាយកក្រុមហ៊ុន គីមម៉ិចខនស្ត្រាក់ស៊ិន និងអ៊ិនវេសមេន ក៏បានលើកឡើងថា ការដ្ឋានសាងសង់អគារទីស្ដីការក្រសួងមហាផ្ទៃ បានប្រារព្ធពិធីបញ្ចុះបឋមសិលា កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ ហើយគ្រោងនឹងបញ្ចប់នៅដំណាច់ខែមិថុនា ឆ្នាំ២០២៣ ដោយមានរយៈពេល២២ខែ។
លោកបានបន្តថា គិតមកដល់ពេលនេះ ក្រុមហ៊ុនប្រើប្រាស់ពេលវេលាអស់ចំនួន១៨ខែ ដោយទទួលបានលទ្ធផលសាងសង់សម្រចបាន៨០ភាគរយតាមទំហំការងារក្នុងកិច្ចសន្យា។ ក្នុងការដ្ឋាននេះមានបុគ្គលិកកម្មករ កម្មការិនី វិស្វករ ស្ថាបត្យករ កំពុងធ្វើការ ចន្លោះពី ២ពាន់ ទៅ៣ពាន់នាក់ និងគ្មានគ្រោះថ្នាក់លើកម្មករ ឬបុគ្គលិកណាមួយឡើយ។
លោក ទូច គីម បានថ្លែងថា ៖ «ចំពោះសុវត្ថិភាពវិញ ក្រុមហ៊ុនបានអនុវត្តជាប្រចាំនូវស្តង់ដារសុវត្ថិភាព ដោយមានក្រុមការងារត្រួតពិនិត្យសុវត្ថិភាពជាប្រចាំ និងតាមដាននូវរាល់សកម្មភាពការងាររបស់បុគ្គលិករ ដែលកំពុងធ្វើការនៅក្នុងការដ្ឋានសាងសង់នេះ »៕ ដោយ៖គឹម យុត្ថារ៉ូ

