ព្រះមហាក្សត្រ ប្រោសប្រទានសញ្ជាតិខ្មែរ ដល់កីឡាករប្រដាល់ Thiago និងភរិយា
ភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ស្ដេចទ្រង់សព្វព្រះរាជហឫទ័យ ឡាយព្រះហត្តលេខានៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ លើព្រះរាជក្រឹត្យប្រោសប្រទានសញ្ជាតិខ្មែរដល់កីឡាករ Thiago ជនជាតិបេស៊ីល និងភរិយាជនជាតិប៉ូឡូញ ។
ព្រះរាជក្រឹត្យ បានត្រាស់បង្គាប់ប្រោសប្រទានសញ្ជាតិខ្មែរ ដោយសញ្ជាតូបនីយកម្មជាចង្កោមគ្រួសារ ដល់គ្រួសារ លោក ធីអាហ្គូ តេយសឺរ៉ា ម៉ាឆាដូ ដែលមានសមាជិក៖ ១-កីឡាករ ធីអាហ្គូ តេយសឺរ៉ ម៉ាឆាដូ (THIAGO TEIXEIRA MACHADO) ជាជនជាតិប្រេស៊ីល សញ្ជាតិប្រេស៊ីល កើតថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ១៩៨៨ នៅរដ្ឋ Sao Paulo សាធារណរដ្ឋសហព័ន្ធប្រេស៊ីល , ២-ភរិយារបស់លោក គឺលោកស្រី រ៉ូម៉ា ម៉ារៀ ហៀនស្ក ស្តេហ្វហ្វន (ROMA MARIA ROZANSKA STEFFEN) ជាជនជាតិប៉ូឡូញ សញ្ជាតិអាមេរិក កើតថ្ងៃទី២១ ខែមេសា ឆ្នាំ១៩៨៣ នៅសាធារណរដ្ឋប៉ូឡូញ។
សូមរំលឹកថា កីឡាករ Thiago និងភរិយា ទទួលបានសញ្ជាតិខ្មែរ គឺធ្វើឡើងក្រោយតែ៣ថ្ងៃ សម្ដេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា បានស្នើគាល់ព្រះមហាក្សត្រ ផ្ដល់សញ្ជាតិខ្មែរដល់អ្នកទាំងពីរកាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣ ជាមួយនឹងការផ្តល់ប្រាក់លើកទឹកចិត្តចំនួន ២ម៉ឺនដុល្លារបន្ថែមទៀត ក្រោយពីកីឡាករ Thiago ត្រូវបានសហព័ន្ធកីឡាមួយថៃ WMO ប្រកាសដកខ្សែក្រវ៉ាត់ដែលប្រកួតឈ្នះនៅប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃទី០១ ខែមេសា ក្រោមហេតុផលថា ប្រកួតតំណាងឱ្យគុនខ្មែរ ។
ជាមួយគ្នានេះ WMO បានប្រកាសជាផ្លូវការនៃការដកកីឡាកររូបនេះ ចេញពីបញ្ជីកីឡាកររបស់ខ្លួន ពោលលែងឱ្យកីឡាករ Thiago ចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ WMO នាពេលអនាគត៕ ដោយ វណ្ណលុក


