ក្រុមវេជ្ជបណ្ឌិតនៅអង់គ្លេស ចាប់ផ្តើមធ្វើកូដកម្មជាប្រវត្តិសាស្រ្ត ជុំវិញបញ្ហាតម្លើងប្រាក់ឈ្នួល

ឡុងដ៍៖ ក្រុមវេជ្ជបណ្ឌិតរាប់ម៉ឺននាក់បានដើរចេញពីការងារនៅទូទាំងប្រទេសអង់គ្លេស នៅថ្ងៃទី១១ ខែមេសានេះ ដោយចាប់ផ្តើមធ្វើកូដកម្មរយៈពេលបួនថ្ងៃ ដែលសកម្មភាពនេះត្រូវបានគេចាត់ទុកថា ជាការរំខានបំផុតនៅក្នុងប្រវត្តិសាស្ត្រ នៃសេវាសុខភាពសាធារណៈរបស់ចក្រភពអង់គ្លេស។

ការធ្វើកូដកម្មរបស់ក្រុមវេជ្ជបណ្ឌិតវ័យក្មេង ដែលជាឆ្អឹងខ្នងនៃការថែទាំនៅតាមមន្ទីរពេទ្យ និងគ្លីនិកក្នុងសេវាសុខភាពជាតិ នឹងត្រូវបន្តរហូតដល់ម៉ោង ៧ព្រឹកថ្ងៃសៅរ៍ទី១៥ ខែមេសានេះ (ម៉ោងក្នុងតំបន់)។ ខ្សែបន្ទាត់ Picket បានបង្កើតឡើងនៅខាងក្រៅមន្ទីរពេទ្យធំៗ ដើម្បីឱ្យគ្រូពេទ្យរាប់រយនាក់ដើរកាត់លំនៅដ្ឋាននៅតាមដងផ្លូវ 10 Downing Street របស់នាយករដ្ឋមន្ត្រី ឆ្ពោះទៅកាន់សភា ដោយស្រែកថា “យើងទៅអូស្ត្រាលីហើយ” សំដៅលើប្រាក់ឈ្នួលខ្ពស់របស់វេជ្ជបណ្ឌិតនៅបរទេស។

សមាគមវេជ្ជសាស្ត្រអង់គ្លេស ដែលជាសហជីពរបស់វេជ្ជបណ្ឌិតកំពុងស្វែងរកការដំឡើងប្រាក់ឈ្នួល ៣៥ភាគរយ ដើម្បីឆ្លើយតបនូវអ្វីដែលខ្លួនបាននិយាយថា ជាឆ្នាំនៃការកើនឡើងអតិផរណា។ទោះបីជាយ៉ាងណា រដ្ឋាភិបាលអង់គ្លេសបានបញ្ជាក់ថា ខ្លួនមានឆន្ទៈក្នុងការចរចា ប្រសិនបើកូដកម្មត្រូវបានបញ្ឈប់ ប៉ុន្តែបានហៅការទាមទារតម្លើងប្រាក់ឈ្នួល ៣៥ភាគរយថា ជារឿងមិនអាចធ្វើបាន។

រលកនៃកូដកម្មបានរំខានដល់ជីវិតរបស់ជនជាតិអង់គ្លេសអស់ជាច្រើនខែមកហើយ ដោយសារក្រុមបុគ្គលិកបានទាមទារដំឡើងប្រាក់ឈ្នួល ដើម្បីរក្សាល្បឿនជាមួយនឹងអតិផរណាដែលកើនឡើងស្មើនឹង ១០.៤ភាគរយនៅក្នុងខែកុម្ភៈឆ្នាំនេះ។ គិលានុបដ្ឋាយិកា បុគ្គលិករថយន្តសង្គ្រោះបន្ទាន់ គ្រូបង្រៀន បុគ្គលិកព្រំដែន អ្នកបើកបររថយន្តក្រុង និងបុគ្គលិកប្រៃសណីយ៍ជាដើម សុទ្ធតែបានដើរចេញពីការងាររបស់ពួកគេ ដើម្បីទាមទារតម្លើងប្រាក់ខែ។

សហជីពនិយាយថា ប្រាក់ឈ្នួល ជាពិសេសក្នុងវិស័យសាធារណៈបានធ្លាក់ចុះជាក់ស្តែងក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ ហើយវិបត្តិតម្លៃនៃការរស់នៅ ដែលបណ្តាលមកពីការកើនឡើងតម្លៃម្ហូបអាហារ និងថាមពល បានធ្វើឱ្យមនុស្សជាច្រើនមានការតស៊ូក្នុងការទូទាត់វិក្កយបត្ររបស់ពួកគេ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner