ព្យុះខ្សាច់ និងការបំពុលខ្យល់អាកាសដ៏គ្រោះថ្នាក់ វាយប្រហារទីក្រុងប៉េកាំងសាជាថ្មី

ប៉េកាំង៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិនបានរាយការណ៍ថា ព្យុះខ្សាច់ដ៏ក្រាស់នឹងវាយប្រហារទីក្រុងប៉េកាំង និងខេត្តមួយចំនួនរបស់ប្រទេសចិន រហូតដល់ថ្ងៃពុធទី១២ ខែមេសានេះ ហើយអ្នកព្យាករណ៍ចិនបានណែនាំពលរដ្ឋ អំពីគ្រោះថ្នាក់ផ្លូវដង្ហើម និងហានិភ័យនៅពេលធ្វើដំណើរ។

ទីក្រុងប៉េកាំង របស់ប្រទេសចិន បានឃើញការបំពុលខ្យល់អាកាសជាទៀងទាត់ និងចំនួនព្យុះខ្សាច់មិនទៀងទាត់ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ។ ជាក់ស្តែង នៅព្រឹកថ្ងៃអង្គារសប្តាហ៍នេះ ផ្សែងអ័ព្ទ និងពពកពណ៌ប្រផេះអាចត្រូវបានគេមើលឃើញគ្របដណ្តប់ទីក្រុងប៉េកាំង ហើយសន្ទស្សន៍គុណភាពខ្យល់តាមពេលវេលាជាក់ស្តែងរបស់ទីក្រុង គឺស្ថិតក្នុងកម្រិតនៃការបំពុលយ៉ាងធ្ងន់ធ្ងរ។ នេះបើយោងតាមគេហទំព័ររបស់មជ្ឈមណ្ឌលតាមដានបរិស្ថាន និងអេកូឡូស៊ីក្រុងប៉េកាំង។

ទន្ទឹមគ្នា ក្រុមសង្កេតការណ៍ឧតុនិយមកណ្តាល បានបញ្ជាក់ថា ខេត្តចំនួន ១០ រួមមាន សានស៊ី, អានហួយ, ជាំងស៊ូ, សៀងហៃ និងហឺណានជាដើម នឹងរងផលប៉ះពាល់ដោយសារព្យុះខ្សាច់ និងកម្ទេចធូលីធំៗរហូតដល់ម៉ោង ៨ព្រឹកថ្ងៃពុធសប្តាហ៍នេះ (ម៉ោងក្នុងតំបន់)។
គួរបញ្ជាក់ផងដែរថា ទីក្រុងប៉េកាំងជួបប្រទះព្យុះខ្សាច់ជាទៀងទាត់នៅក្នុងខែមីនា និងខែមេសា ដោយសារទីក្រុងនេះនៅជិតវាលខ្សាច់ Gobi ដ៏ធំ។

មន្ត្រីរដ្ឋាភិបាលចិននៅក្រសួងបរិស្ថាន និងអេកូឡូស៊ី បាននិយាយនាពេលថ្មីៗនេះថា ចំនួនព្យុះខ្សាច់ ឥឡូវនេះ កើនឡើង ៤ដង ច្រើនជាងកាលពីទសវត្សរ៍ឆ្នាំ ១៩៦០ ដែលបណ្តាលមកពីការកើនឡើងសីតុណ្ហភាព និងភ្លៀងធ្លាក់តិចតួចនៅតំបន់វាលខ្សាច់ភាគខាងជើងប្រទេសចិន និងប្រទេសម៉ុងហ្គោលីដែលនៅជិតខាង៕ ប្រភព៖ TheStar ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner