ការបំពុលខ្យល់អាកាសនៅភាគខាងជើងប្រទេសថៃ ប៉ះពាល់ដល់វិស័យទេសចរណ៍

បាងកក៖ កម្រិតនៃការបំពុលខ្យល់អាកាសដ៏ខ្ពស់នៅក្នុងទីក្រុងឈៀងម៉ៃភាគខាងជើងរបស់ប្រទេសថៃ និងខេត្តជុំវិញ កំពុងធ្វើឱ្យអ្នកទេសចរនៅឆ្ងាយ និងអ្នកស្រុកមានការព្រួយបារម្ភ ដោយរដ្ឋាភិបាលថៃ នៅថ្ងៃចន្ទសប្តាហ៍នេះ បានជំរុញឱ្យប្រជាជនជៀសវាងធ្វើដំណើរចេញទៅខាងក្រៅផ្ទះ។

ឈៀងម៉ៃ ដែលត្រូវបានគេស្គាល់ថា ជាទីក្រុងមានទេសភាពភ្នំដ៏ស្រស់ស្អាត ប្រាសាទ និងហាងកាហ្វេដ៏ទាក់ទាញ បានទទួលអ្នកទស្សនាចំនួន ១០.៨លាននាក់ នៅមុនផ្ទុះជំងឺរាតត្បាតកូវីដ១៩ក្នុងឆ្នាំ ២០១៩ ប៉ុន្តែការកក់សណ្ឋាគារនៅក្នុងទីក្រុងមួយនេះ បានធ្លាក់ចុះមកត្រឹម ៤៥ភាគរយ។ នេះបើតាមប្រធានសមាគមសណ្ឋាគារថៃ លោក ភូនុត ថាណាឡាវផានិច បានប្រាប់កាសែតរ៉យទ័រកាលពីថ្ងៃចន្ទសប្តាហ៍នេះ។

ហើយជាការរំពឹងទុកនោះ ទីក្រុង ឈៀងម៉ៃ នឹងស្រូបទាញភ្ញៀវទេសចរពី ៨០ភាគរយ ទៅ ៩០ភាគរយ នៅមុនថ្ងៃបុណ្យចូលឆ្នាំថៃមកដល់នៅក្នុងសប្តាហ៍នេះ ដែលគេហៅថា “សង្ក្រាន្ត”។ ទាក់ទងនឹងគុណភាពខ្យល់ដែលកាន់តែយ៉ាប់យ៉ឺននៅភាគខាងជើង ក្រសួងសុខាភិបាលថៃ នៅក្នុងថ្ងៃចន្ទសប្តាហ៍នេះ បានជំរុញឱ្យសាធារណជនទូទៅជៀសវាងធ្វើសកម្មភាព ឬធ្វើដំណើរចេញទៅខាងក្រៅ ហើយពាក់ម៉ាស់ដែលអាចចម្រោះភាគល្អិតបាន។

ជុំវិញបញ្ហានេះដែរ អាជ្ញាធរថៃបានស្តីបន្ទោសលើភ្លើងឆេះព្រៃ និងការឆេះដំណាំក្នុងប្រទេសថៃ និងប្រទេសជិតខាង។ ដោយឡែកនាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា បាននិយាយកាលពីសប្តាហ៍មុនថា គាត់កំពុងសម្របសម្រួលជាមួយប្រទេសឡាវ និងមីយ៉ាន់ម៉ា ដើម្បីកាត់បន្ថយចំណុចក្តៅនៅតំបន់ព្រំដែន ដើម្បីទប់ស្កាត់អ័ព្ទឆ្លងដែន៕ ប្រភព៖ TheStar ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner