ស.ស.យ.ក ខេត្តបាត់ដំបង បង្កើតនូវព្រឹត្តិការណ៍”សង្រ្កាន្តបាត់ដំបង” ក្នុងលក្ខណៈទ្រង់ទ្រាយធំ ដើម្បីទាក់ទាញដល់ការកម្សាន្ត ជាងឆ្នាំមុន ៗ
ខេត្តបាត់ដំបង ៖ ដោយសារតែប្រទេសជាតិមានសុខសន្តិភាពពេញលេញ និងបន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាធ្វើការគ្រប់គ្រងជំងឺកូវីដ19បានដោយជោគជ័យ បានផ្ដល់ឱកាសឱ្យប្រជាជននៅទូទាំងប្រទេស មានការជួបជុំបានដើរលេងកម្សាន្តសប្បាយឡើងវិញ នៅគ្រប់ទីកន្លែង ។
ជាក់ស្ដែង ស,ស,យ,ក ខេត្តបាត់ដំបង បង្កើតនូវព្រឹត្តិការណ៍”សង្រ្កាន្តបាត់ដំបង” ក្នុងលក្ខណៈទ្រង់ទ្រាយធំ ដើម្បីទាក់ទាញដល់ការកម្សាន្ត ជាងឆ្នាំមុន ៗ ក្នុងឱកាស នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរមកដល់ឆាប់ៗនេះ ។
ឯកឧត្តម ស រដ្ឋា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង ឱ្យដឹងថា៖សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត បានសហការជាមួយរដ្ឋបាលខេត្តបាត់ដំបង ក្នុងការរៀបចំឲ្យមានព្រឹត្តិការណ៍សង្ក្រាន្តបាត់ដំបងចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៦ ខែមេសាឆ្នាំ២០២៣ នៅក្នុងបរិវេណវិទ្យាល័យ នេត យ៉ង់ ទីប្រជុំជនខេត្តបាត់ដំបង នៅជិតរង្វង់មូលលោកតាដំបងក្រញូង។
ឯកឧត្តម ស រដ្ឋា ក៏បានបង្ហាញនូវក្ដីសង្ឃឹមយ៉ាងមុតមាំថា ព្រឹត្តិការណ៍សង្ក្រាន្ត នៅក្នុងខេត្តបាត់ដំបង អាចនឹងមានប្រជាពលរដ្ឋ និងយុវជនចូលរួមយ៉ាងច្រើនកុះករដើម្បីមកចូលរួមលេងកម្សាន្តសប្បាយនូវក្នុងព្រឹត្តិការណ៍សង្រ្កាន្តបាត់ដំបងនាឆ្នាំនេះ ខណៈដែលព្រឹត្តិការណ៍សង្រ្កានកាលពីឆ្នាំ២០១៩ មុនការរាតត្បាតពីជំងឺកូវីដ-19ទទួលបានភ្ញៀវទេសចរប្រមាណជិត១លាននាក់ផងដែនោះ។
សូមបញ្ជាក់ថា៖ នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ មានកម្មវិធីការរាំលេងកំសាន្តតាមបទភ្លេងចង្វាក់ប្រពៃណីខ្មែរ តំបន់ត្រជាក់ចិត្ត លេងល្បែងប្រជាប្រិយខ្មែរ ដែលជាកេរតំណែលដ៏ល្អផូរផង់បន្សល់ពីដូនតា ។ មានការសម្តែងសិល្បៈចម្រុះគ្រប់ទម្រង់ និងជួបជាមួយតារាចម្រៀងល្បីៗ ប្រចាំព្រះរាជាណាចក្រកម្ពុជា ការថតរូបអនុស្សវរីយ៍ជាមួយទន្សាយយក្ស ពោតយក្ស ម្នាស់យក្ស ក្រូចយក្ស និង ក្រឡានយក្សជាដើម ព្រមទាំងកម្មវិធីប្រដាល់គុណខ្មែរ និងការទស្សនា កម្មវិធីកំសាន្តប្លែកៗដែលមាននៅក្នុងតំបន់ទាំង៩ និងការលក់ទំនិញច្រើនសំបូរបែបទៀតផង ៕ អ៊ុក សំអាន




