មនុស្ស ៤នាក់ស្លាប់ និងរបួស ២៨នាក់ ក្នុងហេតុការណ៍បាញ់ប្រហារក្នុងពិធីខួបកំណើតនៅរដ្ឋអាឡាបាម៉ា សហរដ្ឋអាមេរិក

អាឡាបាម៉ា៖ អ្នកនាំពាក្យរបស់ទីភ្នាក់ងារអនុវត្តច្បាប់រដ្ឋអាឡាបាម៉ា លោកពលបាល ជើរ៉េមមី ប៊ូខេត បាននិយាយថា ករណីបាញ់ប្រហារនៅឯពិធីខួបកំណើតមួយនៅរដ្ឋអាឡាបាម៉ា ភាគខាងត្បូងសហរដ្ឋអាមេរិក បានបណ្តាលឲ្យមនុស្ស ៤នាក់ស្លាប់ និង ២៨នាក់ផ្សេងទៀតរងរបួស។

ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានរាយការណ៍ថា ការបាញ់ប្រហារនេះបានកើតឡើងនៅឯទីតាំង Sweet 16 ដែលជាស្ទូឌីយ៉ូរាំកំសាន្តមួយកន្លែងក្នុងទីក្រុងឌេតវីល ដែលជាទីក្រុងតូចមួយនៅភាគឦសាននៃរដ្ឋម៉ុនហ្គោមឺរី។ ជាមួយគ្នានេះ អ្នកនាំពាក្យរបស់ទីភ្នាក់ងារអនុវត្តច្បាប់រដ្ឋអាឡាបាម៉ា លោកពលបាល ជើរ៉េមមី ប៊ូខេត បានជំរុញឱ្យអ្នកស្រុកផ្តល់ព័ត៌មានដល់អាជ្ញាធរ ខណៈដែលគាត់មិនបានផ្តល់ព័ត៌មានលម្អិតបន្ថែម អំពីរបៀបដែលការបាញ់ប្រហារនេះកើតឡើង និងមូលហេតុអ្វីនោះទេ ក៏ដូចជាអត្តសញ្ញាណជនសង្ស័យនៅឡើយទេ។

ដោយឡែកប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ដែលត្រូវបានគេប្រាប់ដោយសង្ខេបអំពីការបាញ់ប្រហារនោះ បាននិយាយថា សហរដ្ឋអាមេរិកជួបរឿងដ៏គួរឱ្យសោកស្ដាយម្ដងទៀត ចំពោះយុវជនអាមេរិកដែលត្រូវបានគេសម្លាប់ក្នុងអំពើហិង្សាដោយកាំភ្លើង។
លោក បៃដិន ដែលបានស្វែងរកវិធានការសុវត្ថិភាព ដើម្បីទប់ស្កាត់អំពើហិង្សាដោយកាំភ្លើងជាយូរមកហើយនោះ បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា កាំភ្លើងគឺជាឃាតករឈានមុខគេ ដែលគំរាមកំហែងដល់អាយុជីវិតកុមារនៅសហរដ្ឋអាមេរិក ហើយចំនួនអ្នកស្លាប់ និងរងរបួសកំពុងកើនឡើង… នេះជាការហួសចិត្ត និងជារឿងមិនអាចទទួលយកបានឡើយ៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner