តម្លៃប្រេងមានស្ថិរភាព នៅចំពោះមុខកំណើន ផលិតផលសរុបក្នុងស្រុក របស់ចិន

ប៉េកំាង៖ សារព័ត៌មានCNAផ្សាយថា តម្លៃប្រេងបានរក្សាស្ថិរភាពក្នុងការជួញដូរនៅថ្ងៃទី១៨ខែមេសា ដោយទីផ្សារកំពុងរង់ចាំការចេញផ្សាយទិន្នន័យសេដ្ឋកិច្ចនៅក្នុងប្រទេសចិន។ការស្ទង់មតិបង្ហាញថា  សេដ្ឋកិច្ច​ចិនមានសញ្ញានៃការងើបឡើងវិញបន្ទាប់ពីបើករបាំងកូវីដ១៩រួចមក។

ប្រភពដដែលស្រង់ទិន្នន័យតម្លៃប្រេងឆៅដែលធ្លាក់ចុះនៅតម្លៃ៨៤.៧៦ដុល្លារក្នុងមួយបារ៉ែល ខណៈពេលដែលប្រេង US West Texas Intermediate កើនឡើង ៥សេននៅ ៨០.៨៨ដុល្លារក្នុងមួយបារ៉ែល។

សេដ្ឋកិច្ចពិភពលោករូមទាំងតម្លៃប្រេងផងនោះមានភាពមិនប្រាកដប្រជាចាប់តាំងពីធនាគារកណ្តាលអាមេរិកសម្រេចដំឡើងការប្រាក់រូបិបណ្ណដុល្លារកាលពីខែឧសភាឆ្នាំ២០២២មក។

យ៉ាងណាក្ដីប្រទេសចិននឹងបង្ហាញទិន្នន័យផលិតផលក្នុងស្រុកសរុប (GDP) នៅសប្ដាហ៍នេះ ខណៈដែលអ្នកសេដ្ឋកិច្ចរំពឹងថា ផលិតផលក្នុងស្រុកសរុបរបស់ចិន(GDP)បានកើនឡើង ដែលនាំក្ដីសង្ឃឹមដល់ការងើបឡើងវិញនៃតម្លៃប្រេងជាអន្តរជាតិ។

ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បានព្យាករណ៍ថាតម្រូវការប្រេងនៅប្រទេសចិននឹងមានការកើនឡើងនៅឆ្នាំ២០២៣។ទោះបីជាយ៉ាងណាក៏ដោយ គេបានព្រមានថា ការកាត់បន្ថយការបូមប្រេងដែលប្រកាសដោយអ្នកផលិតអូប៉ិចផ្លើស ( OPEC+) ប្រថុយនឹង អាចប៉ះពាល់ដល់អ្នកប្រើប្រាស់ និងការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក។

ប្រទេសអ្នកមានទាំងប្រាំពីរ(G7)នឹងរក្សាកម្រិតតម្លៃប្រេងនៅ៦០ដុល្លារក្នុងមួយបារ៉ែល បើទោះបីជាតម្លៃប្រេងឆៅពិភពលោកកើនឡើងក៏ដោយ។ ចំណែកប្រទេសG20បានកំណត់តម្លៃប្រេងរបស់រុស្ស៊ីឱ្យថោកដើម្បីគាបសង្កត់រុស្ស៊ីក្នុងសំណុំរឿងឈ្លានពានអ៊ុយក្រែន។

ការស្ទង់មតិបឋមរបស់សារព័ត៌មានរ៉យទ័របានបង្ហាញថាស្តុកប្រេងឆៅរបស់សហរដ្ឋអាមេរិកទំនងជាធ្លាក់ចុះប្រហែល២លាន៥សែនបារ៉ែលកាលពីសប្តាហ៍មុន៕

ប្រែសម្រួល៖វណ្ណ ស័ក្ដិ

ads banner