រដ្ឋមន្ត្រីកសិកម្ម​អូស្ត្រាលី និងភាគី​ចិន​ជួប​គ្នា​ចំពេល​មាន​ជម្លោះ​ការទូត

កង់បេរ៉ា៖ សារព័ត៌មានCNAផ្សាយថា អូស្ត្រាលី បានអះអាងសារជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងកសិកម្មជាមួយប្រទេសចិនបន្ទាប់ពីកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីមួយរវាងរដ្ឋមន្ត្រីកសិកម្មអូស្ត្រាលី និងសមភាគីចិន ។ ទីក្រុងកង់បេរ៉ាបានអបអរសាទរចំពោះការរីកចម្រើនឆ្ពោះទៅរកការស្តារឡើងវិញនូវពាណិជ្ជកម្មអង្ករចំពេលមានទំនាក់ទំនងការទូតធ្លាក់ចុះនៃប្រទេសទាំងពីរធ្លាក់ចុះ។

អូស្ត្រាលីបាននិយាយថា ខ្លួនបានឈានដល់កិច្ចព្រមព្រៀងជាមួយប្រទេសចិនដើម្បីដោះស្រាយជម្លោះរបស់ពួកគេលើការនាំចូលស្រូវសាឡីហើយចិនបន្តការទិញធ្យូងថ្មរបស់អូស្ត្រាលីព្រមទាំងសន្យាបង្កើនការនាំចូលសាច់គោពីអូស្ត្រាលីផង។

រដ្ឋមន្ត្រីក្រសួងកសិកម្មលោក Murray Watt បាននិយាយថាប្រទេសទាំងពីរសុទ្ធតែបានទទួលផលប្រយោជន៍ពីការធ្វើឱ្យពាណិជ្ជកម្មមានប្រក្រតីភាពឡើងវិញ។លោកថ្លែងបែបនេះបន្ទាប់ពីជួបប្រជុំជាមួយអនុរដ្ឋមន្ត្រីកសិកម្មចិន Ma Youxiang នៅទីក្រុងកង់បេរ៉ាកាលពីថ្ងៃទី១៧ខែមេសា។

រដ្ឋមន្ត្រីក្រសួងកសិកម្មលោក Murray Watt បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ៖«ខ្ញុំបានរំលឹកឡើងវិញនូវជំហរច្បាស់លាស់ និងជាប់លាប់របស់យើងថា រាល់ឧបសគ្គពាណិជ្ជកម្មដែលប៉ះពាល់ដល់ការនាំចេញរបស់អូស្ត្រាលីគួរតែត្រូវបានដកចេញ»។ លោកបន្ថែមថា អ្នកទាំងពីរបានពិភាក្សាពីបញ្ហាទ្វេភាគីដែលរួមមានកុងស៊ុលនិងពាណិជ្ជកម្មរវាងអូស្ត្រាលីនិងចិន។

ទំនាក់ទំនងការទូតរបស់ប្រទេសអូស្ត្រាលីជាមួយចិនដែលដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ខ្លួន បានតានតឹងយ៉ាងខ្លាំងចាប់តាំងពីឆ្នាំ២០១៨ នៅពេលដែលខ្លួនបានហាមឃាត់ក្រុមហ៊ុន ហួរវៃ របស់ប្រទេសចិនមិនឱ្យផ្ដល់ឧបករណ៍ដំណើរការបណ្តាញ 5G។ ទំនាក់ទំនងនេះកាន់តែអាក្រក់បន្ទាប់ពីទីក្រុងកង់បេរ៉ាបានអំពាវនាវឱ្យមានការស៊ើបអង្កេតឯករាជ្យលើប្រភពដើមនៃកូវីដ១៩ដែលសំដៅដល់ចិន។ចិន​បានខឹងសម្បារនិង​ឆ្លើយ​តប​ដោយ​ការបន្ថែម​ពន្ធ​លើ​ទំនិញ​អូស្ត្រាលី​រួម​មាន​ស្រា និង​ស្រូវសាឡី។

ដំណើរ​ទស្សនកិច្ច​របស់អនុរដ្ឋមន្ត្រីកសិកម្មចិន​លោក Ma Youxiang ធ្វើ​ឡើង​តែ​ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​ដំណើរ​ទស្សនកិច្ច​របស់​អនុរដ្ឋមន្ត្រី​ការបរទេស Ma Zhaoxu ទៅកាន់​ប្រទេស​អូស្ត្រាលី។

រដ្ឋមន្ត្រីក្រសួងកសិកម្មលោក Murray Watt បានប្រាប់កាសែត The Australian ថា មន្ត្រីចិនកំពុងបង្ហាញពី «បំណងប្រាថ្នាដ៏ស្មោះស្ម័គ្រសម្រាប់កិច្ចសហប្រតិបត្តិការ» ដើម្បីដកទណ្ឌកម្មពន្ធដែលចិនធ្លាប់ដាក់លើផលិតផលរបស់អូស្ត្រាលី។ អូស្ត្រាលីរំពឹងថានឹងឈានដល់កិច្ចព្រមព្រៀងជាមួយចិនជុំវិញការស្នើឱ្យបន្ធូរបន្ថយរបាំងពន្ធលើស្រាបន្ទាប់ពីកិច្ចព្រមព្រៀងលើស្រូវសាឡី។

ចិនជាទីផ្សារធំបំផុតនៃផលិតផលស្រាអូស្ត្រាលី។កាលពីឆ្នាំ២០១៩អូស្ត្រាលីនាំស្រាទៅចិនក្នុងតម្លៃប្រមាណជាង១.៣០០លានដុល្លារអូស្ត្រាលី ប៉ុន្តែបន្ទាប់ពីចិនដាក់ទណ្ឌកម្មអូស្ត្រាលីនាំស្រាទៅចិនបានត្រឹមតែជាង១២លានដុល្លារអូស្ត្រាលីប៉ុណ្ណោះ។នេះបើតាមកាសែតនានាដែលស្រង់របាយការណ៍របស់អង្គភាពឧស្សាហកម្មស្រាអូស្ត្រាលីដែលចេញផ្សាយកាលពីខែកុម្ភៈឆ្នាំ២០២៣៕ ប្រែសម្រួល៖វណ្ណ ស័ក្ដិ

ads banner