ធនាគារជាតិនៃកម្ពុជា និងស្ថាប័នទូទាត់ប្រាក់អន្តរជាតិរបស់ឥណ្ឌា ជំរុញការសិក្សាពីលទ្ធភាពក្នុងការដាក់ឱ្យដំណើរការ ការផ្ទេរប្រាក់ភ្លាមៗរវាងប្រទេសទាំងពីរ
ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា(NBC) និងស្ថាប័នទូទាត់ប្រាក់អន្តរជាតិ ( NPCI) របស់ឥណ្ឌា នឹងធ្វើការរួមគ្នាដើម្បីសិក្សាពីលទ្ធភាពក្នុងការដាក់ឱ្យដំណើរការការផ្ទេរប្រាក់ភ្លាមៗរវាងប្រទេសកម្ពុជានិងប្រទេសឥណ្ឌា ហើយលទ្ធផលនៃកិច្ចសហប្រតិបត្តិការនេះត្រូវបានជឿថា នឹងផ្តល់ជាធាតុចូលដ៏សំខាន់សម្រាប់ការទូទាត់ និងការផ្ទេរប្រាក់ឆ្លងដែន។
ការសិក្សាពីលទ្ធភាពក្នុងការដាក់ឱ្យដំណើរការ ការផ្ទេរប្រាក់ភ្លាមៗរវាងប្រទេសទាំងពីរ នឹងត្រូវធ្វើឡើងក្នុងពេលឆាប់ៗនេះ បន្ទាប់ពីស្ថាប័នទាំងពីរ បានចុះអនុស្សរណៈយោគយល់ស្តីពី កិច្ចសហប្រតិបត្តិការលើការទូទាត់ និងការផ្ទេរប្រាក់ឆ្លងដែន រវាងគ្នា តាមរយៈប្រព័ន្ធអនឡាញនៅថ្ងៃទី១៧ ខែមីនាឆ្នាំ២០២៣ ក្រោម អធិបតីភាព លោកជំទាវ ជា សិរី ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា និងលោក រីតេស ស៊ូក្លា(Ritesh Shukla) នាយកប្រតិបត្តិនៃស្ថាប័នទូទាត់ប្រាក់អន្តរជាតិ ។
តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ធនាគារជាតិនៃកម្ពុជាបង្ហាញថាក្រៅពីការជំរុញពីការសិក្សាពីលទ្ធភាពក្នុងការដាក់ឱ្យដំណើរការ ការផ្ទេរប្រាក់ភ្លាមៗហើយ អនុស្សរណៈនេះក៏មានគោលបំណងក្នុងការបង្កើតជាក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការសម្រាប់ប្រទេសទាំងពីរសិក្សា និងពិភាក្សាបន្ថែមលើផ្នែកបច្ចេកទេស ពាណិជ្ជកម្ម ប្រតិបត្តិការ និងផ្នែកផ្សេងៗទៀត ក្នុងការអភិវឌ្ឍការតភ្ជាប់ និងអន្តរប្រតិបត្តិការជាឌីជីថល គាំទ្រដល់ការទូទាត់ និងការផ្ទេរប្រាក់ឆ្លងដែនរវាងប្រទេសទាំងពីរ។ ការចុះអនុស្សរណៈយោគយល់នេះ នឹងផ្តល់អត្ថប្រយោជន៍កាន់តែច្រើនដល់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ ក្នុងការប្រើប្រាស់បណ្តាញផ្លូវការសម្រាប់ធ្វើប្រតិបត្តិការទូទាត់ និងផ្ទេរប្រាក់ឆ្លងដែន ប្រកបដោយសុវត្ថិភាព ងាយស្រួល និងតម្លៃសមរម្យ។
ប្រភពដដែលថា លើសពីនេះការតភ្ជាប់ការទូទាត់ និងផ្ទេរប្រាក់ ឆ្លងដែនខាងលើត្រូវបានរំពឹងថា នឹងក្លាយជាកិច្ចសហប្រតិបត្តិការដ៏មានសក្តានុពលមួយ ដើម្បីគាំទ្រ ដល់ការអភិវឌ្ឍទំនាក់ទំនងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលនឹងរួមចំណែកក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ទេសចរណ៍ និងពាណិជ្ជកម្ម សម្រាប់ប្រទេសទាំងពីរនាពេលអនាគត។
បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា បានឱ្យដឹងនៅថ្ងៃទី១៨ ខែមេសា ថា កិច្ចសហការរវាងធនាគាជាតិនៃកម្ពុជា ជាមួយនឹងស្ថាប័នទូទាត់ប្រាក់អន្តរជាតិគឺជាដំណឹងដ៏ល្អមួយសម្រាប់វិស័យហិរញ្ញវត្ថុ និងធនាគារនៅកម្ពុជា ដែលរំពឹងថាវានឹងជួយសម្រួល និងចំណេញ សម្រាប់អតិថិជន ក្នុងការទូទាត់ប្រាក់បានយ៉ាងងាយស្រួល។
បណ្ឌិត អ៊ិន ចាន់នី បានបញ្ជាក់ថា ៖ «ខ្ញុំគិតថាវាល្អខ្លាំងណាស់សម្រាប់អាជីវកម្មក៏ដូចជាអតិថិជន ឬអ្នកទេសចរនៃប្រទេសទាំងពីរ គឺកម្ពុជា និងឥណ្ឌា។ វានឹងជួយក្នុងការបង់ប្រាក់ឆ្លងដែនតាមពេលវេលាជាក់ស្តែងជាមួយនឹងការចំណាយទាប ហើយលើសពីនេះ វានឹងជួយបង្កើនទាំងបរិមាណ និងតម្លៃនៃប្រតិបត្តិការ ហើយជាការពិតណាស់ វានឹងជួយជំរុញសេដ្ឋកិច្ចនៃប្រទេសទាំងពីរ និងអ្នកផ្សេងទៀត ដែលជាបណ្តាញទូទាត់»។
ចំណែក លោក កាំង តុងងី អ្នកនាំពាក្យសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា បានលើកឡើងដែរថា ប្រជាជននៃប្រទេសទាំងពីរ ជាអ្នកដែលទទួលបានផលប្រយោជន៍ច្រើនជាងគេ បន្ទាប់ពីមានកិច្ចសហការរវាងធនាគារជាតិនៃកម្ពុជា និងស្ថាប័នទូទាត់ប្រាក់អន្តរជាតិរបស់ឥណ្ឌាននេះ។
លោកបានបន្ថែមថា ការណ៍ដែលធនាគារជាតិនៃកម្ពុជា សិក្សាពីលទ្ធភាពក្នុងការពង្រីកប្រតិបត្តិការភ្ជាប់ទៅប្រទេសផ្សេងៗទៀតនៅលើពិភពលោក នេះគឺនឹងផ្តល់ផលវិជ្ជមានខ្លាំងដល់ប្រជាពលរដ្ឋខ្មែរ ដែលគាត់ត្រូវការធ្វើដំណើរទៅទេសចរណ៍ ការធ្វើពាណិជ្ជកម្មផ្សេងៗ ការទូទាត់ប្រាក់ជាដើម វានឹងផ្តល់ភាពរលូនក្នុងការរវាងប្រទេសនានាលើពិភពលោក។
លោកបានបញ្ជាក់ទៀតថា ៖ «កន្លងមកយើងបានធ្វើហើយ ជាមួយនឹងប្រទេសវៀតណាម និងថៃ ។ដូចនេះនៅពេលយើងបន្ថែមការភ្ជាប់ទំនាក់ទំនងលើការទូទាត់ប្រាក់ជាមួយខាងប្រទេសឥណ្ឌាទៀតនោះ វានឹងជាឱកាសដែលផ្តល់ភាពងាយស្រួលប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់ មិនថាតែនៅក្នុងប្រទេសកម្ពុជាទេ។ នៅពេលដែលប្រជាពលរដ្ឋឥណ្ឌាមកទេសចរណ៍ ឬមកធ្វើពាណិជ្ជកម្មនៅកម្ពុជា គឺគាត់អាចទូទាត់បានយ៉ាងងាយស្រួល»។
លោក កាំង តុងងី យល់ថា ក្រៅពីផ្តល់ភាពងាយស្រួលក្នុងការទូទាត់ និងការផ្ទេរប្រាក់ឆ្លងដែន រវាងប្រទេសទាំងពីរហើយ ការចុះអនុស្សរណៈនេះ នឹងអនុញ្ញាតឱ្យកម្ពុជា រៀនសូត្របន្ថែមបានពីការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យារបស់ឥណ្ឌា ខណៈដែលប្រទេសនេះ មានភាពល្បីល្បាញដែរ លើការរីកចំរើននៃប្រព័ន្ធព័ត៌មានវិទ្យានេះ៕

ដោយ៖វណ្ណ សុជាតា