ឥស្សរជនប្រឆាំងរុស្សី លោក វ្លាឌីមៀរ ការ៉ា មួរហ្សាជាប់ពន្ធនាគាររយៈពេល ២៥ ឆ្នាំក្រោមបទរិះគន់រដ្ឋាភិបាលរុស្សី

មូស្គូ៖ សកម្មជនប្រឆាំងនឹងរដ្ឋាភិបាលរុស្សីលោក វ្លាឌីមៀរ ការ៉ា មួរហ្សា(Vladimir Kara Murza) កាលពីថ្ងៃទី១៧ ខែមេសា ត្រូវបានកា​ត់ទោសឱ្យ​ជាប់ពន្ធនាគាររយៈពេល ២៥ឆ្នាំ និងពិន័យជាទឹកប្រាក់ជាង ៤០០០ ដុល្លារ ក្រោយការរិះគ​ន់​របស់ខ្លួនទៅលើសង្គ្រាមលុកលុយអ៊ុយក្រែន។ 

អតីតអ្នកកាសែត និងអ្នកនយោបាយជនជាតិរុស្សី-អង់គ្លេស លោក Kara Murza អាយុ ៤១ ឆ្នាំ ​ជាគូប្រ​ជែ​ងជាមួយនឹង​ប្រធានាធិបតីរុស្ស៊ី លោកវ្លាឌីមៀ ពូទីន ត្រូវបានចោទប្រកាន់ពីបទក្បត់ជាតិ ផ្សព្វផ្សាយព័ត៌មានមិនពិតពីកងទ័ពរុស្សី និងជាប់ពាក់ព័ន្ធអង្គការបរទេសខាងក្រៅ។ កាលពីសប្តាហ៍មុនលោកបានបង្ហោះសារជាសុន្ទរកថានៅលើប្រព័ន្ធផ្សព្វផ្សាយមួយថា ៖ «​ខ្ញុំ​ដឹង​ថា​ថ្ងៃ​ណាមួយ​ភាព​ងងឹត​ដែល​លេប​ត្រ​បាក់​ប្រទេស​របស់​យើង​នឹង​បាន​ធូរស្រាល​។ សង្គម​របស់​យើង​នឹង​បើក​ភ្នែក​ឡើងវិញ ហើយពិចារណាទៅលើ​ឧក្រិដ្ឋកម្ម​អ្វីដែលខ្លួនបានប្រព្រឹត្ត»។

ការកាត់ទោសរយៈពេល ២៥ ឆ្នាំរបស់លោក ការ៉ា គឺជាទោសរយៈពេលវែងបំផុតមួយ បើប្រៀបធៀបទៅនិ​ងសកម្មជនដទៃទៀតដែលបានចាប់ខ្លួន ចាត់តាំងពីសង្គ្រាមអ៊ុយក្រែនបានចាប់ផ្តើម។ ​

ការកាត់ទោសដ៏តឹងតែងនេះ ជាសញ្ញាមួយដែលកំពុងបង្ហាញពីសកម្មភាពនយោបាយនៅក្នុងប្រទេសរុស្ស៊ីនា​ពេលបច្ចុប្បន្ននេះ ដែលអាជ្ញាធរមិនត្រឹមតែបានប្តេជ្ញាចិត្តដើម្បីបំបិទមាត់អ្នករិះគន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំ​ងព្យាយាមលុបបំបាត់នូវអ្វីៗទាំងអស់ដែលពួកគេជឿថាផ្តល់ការគំរាមកំហែងដល់ប្រព័ន្ធនយោបាយផងដែ​រ។

​ក្នុងអំឡុងពេលសវនាការ លើលោក ការ៉ា  មាន​សារព័ត៌មានបរទេសយ៉ាងច្រើន រួមមាន BBC ផងដែរ មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូល​ទៅ​ក្នុង​បន្ទប់​ទេ ដោយអាជ្ញាធររុស្ស៊ីកំណត់ត្រឹមតែអ្នកកាសែតមួយចំនួនតូចរបស់រ​​ដ្ឋាភិបាលរុស្ស៊ី និងក្រុមគ្រួសាររបស់ចុងចោទប៉ុណ្ណោះដែលបានអនុញ្ញាតឱ្យចូល​សវនាការ។

ផ្ទុយទៅវិញ អ្នកយកព័ត៌មាន និងឯកអគ្គរដ្ឋទូតបរទេសបានប្រមូលផ្តុំគ្នានៅក្នុងបន្ទប់ដាច់ដោយឡែកមួយ ដើម្បីមើលដំណើរការកាត់ក្តីតាមរយៈកញ្ចក់ទូរទស្សន៍។ 

មេធាវីរបស់លោក ការ៉ា អ្នកនាង ម៉ារីយ៉ា អ៊ីសមូន(Maria Eismon )បានប្រាប់ទៅដល់អ្នកសារព័ត៌មាននៅខាងក្រៅតុ​លាកា​រថា ការកាត់ទោសទៅលើលោក ការ៉ា ​ពិតជាគួរឱ្យ​ខ្លាច ហើយបានបន្ថែមទៀតថា លោក Kara Murza នឹងទទួលខុសត្រូវទៅលើអ្វីដែលខ្លួនបានប្រព្រឹត្ត។ ​

សូមរំឮកផងដែរថា លោក Kara Murza ធ្លាប់បានដើរតួយ៉ាងសំខាន់ក្នុងការបញ្ចុះបញ្ចូលរដ្ឋាភិបាលលោ​ក​ខាងលិចឱ្យដាក់ទណ្ឌកម្មមន្ត្រីរុស្ស៊ីចំពោះការរំលោភសិទ្ធិមនុស្ស និងអំពើពុករលួយ។​​

សូមបញ្ជាក់​ថា លោក Kara-Murza ​ជាសកម្មជនម្នាក់ដែលមកពីគ្រួសារអ្នកប្រឆាំងសូវៀតដ៏ល្បីល្បាញមួយ។ ​គាត់បានចាប់ផ្តើមអាជីពជាអ្នកសារព័ត៌មាន មុនពេលក្លាយជាទីប្រឹក្សារបស់លោក Boris Nemtsov ដែលជាមេដឹកនាំបក្សប្រឆាំង និងជាអ្នកនយោបាយដ៏លេចធ្លោម្នាក់ទៀតរបស់រុស្ស៊ី ដែលត្រូវបានបាញ់សម្លាប់នៅទីក្រុងមូស្គូក្នុងឆ្នាំ ២០១៥៕

ដោយ៖ឡេង អារីតា

ប្រភព៖ ​Vladimir Kara-Murza: Russian opposition figure jailed for 25 years

ads banner