ក្រុមប្រឹក្សាធម្មនុញ្ញនឹងបញ្ចប់ការកែសម្រួលសៀវភៅជំនួយស្មារតីគ្រូពាក់ព័ន្ធនឹងបទប្បញត្តិ នៃគ្រឹះរដ្ឋធម្មនុញ្ញនៅពាក់កណ្តាលខែឧសភា
ភ្នំពេញ៖ ក្រុមប្រឹក្សាធម្មនុញ្ញគ្រោងនឹងបញ្ចប់ការកែសម្រួលសៀវភៅជំនួយស្មារតីគ្រូពាក់ព័ន្ធនឹងបទប្បញត្តិនៃគ្រឹះរដ្ឋធម្មនុញ្ញនៅពាក់កណ្តាលខែឧសភាខាងមុខនេះ ខណៈក្រុមការងារចំពោះកិច្ច ត្រូវរៀបចំកែម្រួលចំណុចមួយចំនួនដែលមានភាពជាន់គ្នា និងធ្វើឱ្យដូចទៅនឹងកាំជណ្តើរដើម្បីងាយស្រួលដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សងាយយល់។
ក្នុងកម្មវិធីពិគ្រោះយោបល់សៀវភៅជំនួយស្មារតីគ្រូពាក់ព័ន្ធនឹងបទប្បញត្តិ នៃគ្រឹះរដ្ឋធម្មនុញ្ញ នៅថ្ងៃទី១៨ ខែមេសាឆ្នាំ២០២៣ នាសាលសន្និសីទនៃក្រុមប្រឹក្សាធម្មនុញ្ញឯកឧត្តម ហោ ប៉េង ទីប្រឹក្សាក្រុមប្រឹក្សាធម្មនុញ្ញបានលើកឡើងថា សៀវភៅនេះសរសេរបានល្អ និងគ្រប់ជ្រុងជ្រោយច្រើន ពិសេសមានលក្ខណៈទាំងបច្ចេកទេសផ្នែកច្បាប់ និងការស្រាវជ្រាវ។ ការស្រាវជ្រាវចងក្រងសៀវភៅនេះ មានកម្រិតខ្ពស់ ពិសេសមានព័ត៌មានមួយចំនួនទៀតក៏បង្ហាញពីទិដ្ឋភាពច្បាប់មកពីក្រៅប្រទេស ហើយនិងប្រវត្តិសាស្ត្រខ្មែរផងដែរ ដែលទាំងអស់នេះ នឹងអាចជួយបំពេញឱ្យលោកគ្រូ អ្នកគ្រូ យកទៅបង្រៀនបាន ប៉ុន្តែបើយកទៅង្រៀននៅកម្រិតជាសាលាអាចនឹងមានការលំបាកទាំងគ្រូ និងសិស្សក្នុងការចាប់យកតម្លៃរដ្ឋធម្មនុញ្ញ។
ឯកឧត្តម ហោ ប៉េង បានបញ្ជាក់ថា ៖ «ដូច្នេះត្រូវតែមានការបំពេញបន្ថែមទៀតឱ្យមានភាពសាមញ្ញ និងស្រាលៗ សម្រាប់កម្រិតថ្នាក់ទី១ ដល់ថ្នាក់ទី ១២ មុននឹងបញ្ចូលទៅក្នុងប្រព័ន្ធសិក្សាផ្លូវការ»។
ជាមួយគ្នានេះដែរឯកឧត្តម ព្រហ្ម វិចិត្រអក្ខរា អ្នកនាំពាក្យក្រុមប្រឹក្សាធម្មនុញ្ញ និងជាប្រធានក្រុមការងារចំពោះកិច្ចនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញបានលើកឡើងថា សៀវភៅនេះ នឹងក្លាយជាឧបករណ៍សំខាន់មួយ សម្រាប់ធ្វើការបណ្ដុះបណ្ដាលគ្រូទូទាំងប្រទេស ក្នុងកម្រិតជ្រើសរើសតាមភូមិភាគ ហើយឲ្យពួកគាត់ទទួលបានចំណេះដឹងផ្នែកនីតិរដ្ឋធម្មនុញ្ញនេះទាំងបីកម្រិត ដែលបានបញ្ជ្រាប និងបញ្ជូនបន្តទៅក្រុមគ្រូបង្គោលដទៃទៀត ដើម្បីបានជ្រួតជ្រាបទូទាំងប្រទេស។
ឯកឧត្តមបន្តថា ក្នុងដំណាក់កាលកសាងឯកសារគោល សៀវភៅនេះត្បិតត្រូវបានរៀបចំ និងមានការព្រមព្រៀងពីក្រុមការងារចំពោះកិច្ច ប៉ុន្តែធាតុចូលសំខាន់ៗនៅតែបើកចំហរ ហើយនិងធ្វើការកែសម្រួល រហូតដល់សប្ដាហ៍ទីមួយ ឬសប្ដាហ៍ទីពីរ នៃខែឧសភា ឆ្នាំ២០២៣ បន្ទាប់មកនឹងធ្វើការបណ្ដុះបណ្ដាលដល់លោកគ្រូ អ្នកគ្រូផងដែរ។
ដោយឡែក ការពិគ្រោះយោបល់លើកនេះ នឹងប្រមូលធាតុចូលបន្ថែម ដើម្បីឲ្យក្រុមការងារពិចារណាអាចនឹងធ្វើការកែសម្រួល។
សូមរំឮកផងដែរថា ក្រោមអនុស្សរណៈនៃការយោគយល់គ្នា (MoU) កាលពីឆ្នាំ២០១៩ រវាងក្រុមប្រឹក្សាធម្មនុញ្ញ និងក្រសួងអប់រំ យុវជន និងកីឡា ភាគីទាំងពីរបានសម្រេចប្រកាសជាផ្លូវការ ចាប់ផ្តើមអនុវត្តបញ្ចូលខ្លឹមសាររដ្ឋធម្មនុញ្ញ ទៅក្នុងកម្មវិធីសិក្សា។
ខ្លឹមសាររដ្ឋធម្មនុញ្ញមាន ៤០មាត្រា ត្រូវបានបញ្ចូលទៅក្នុងកម្មវិធីសិក្សាទាំងបីកម្រិត ពោលចាប់ពីថ្នាក់ទី១ ដល់ថ្នាក់ទី១២។
អនុស្សរណៈដដែលនេះដែរ បានកើតឡើងក្រោយក្រុមប្រឹក្សាធម្មនុញ្ញជួបជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីពិភាក្សាលម្អិតលើនីតិវិធីមួយចំនួន ក្នុងការដាក់បញ្ចូលខ្លឹមសារសំខាន់ៗរបស់រដ្ឋធម្មនុញ្ញទៅក្នុងកម្មវិធីអប់រំ កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩។
ក្រុមប្រឹក្សាធម្មនុញ្ញជាអ្នកផ្តល់ជំនួយបច្ចេកទេសក្នុងការរៀបចំខ្លឹមសារគោល និងខ្លឹមសារមេរៀន ដែលពាក់ព័ន្ធនឹងបទបញ្ញត្តិគ្រឹះរដ្ឋធម្មនុញ្ញ ដែលត្រូវដាក់ក្នុងកម្មវិធីសិក្សាទាំងបីកម្រិត រីឯក្រសួងអប់រំជាអ្នករៀបរៀង និងបោះពុម្ពផ្សាយខ្លឹមសារគោល និងខ្លឹមសារមេរៀនដែលពាក់ព័ន្ធ៕ ដោយ៖គឹម យុត្ថារ៉ូ