កម្ពុជានាំចេញអង្ករមានតម្លៃ ១២៦ លានដុល្លារក្នុងត្រីមាសទី១
ភ្នំពេញ៖ ក្នុងត្រីមាសទី១ ប្រទេសកម្ពុជាបានសម្រេចការនាំចេញអង្ករទៅក្រៅប្រទេស ក្នុងទំហំទឹកប្រាក់ ១២៦ លានដុល្លារអាមេរិកដោយកើនឡើងប្រមាណ ២០,៩ លានដុល្លារ ដែលស្មើនឹងប្រមាណ ១៩,៩ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។ នេះបើយោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អ.គ.រ)។
លោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជាបានឱ្យដឹងនៅថ្ងៃទី១៨ ខែមេសាថា ការឡើងកើនឡើងនៃការនាំចេញអង្ករនៅក្នុងត្រីមាសទីមួយនេះ គឺទីមួយកំណើនបរិមាណ ដែលមានជាងពីរម៉ឺនតោន និងកំណើនបរិមាណនាំចេញអង្ករក្រអូបច្រើនជាងមុន ជាពិសេសទៅអឺរ៉ុប ធ្វើឱ្យតំលៃ ថ្លៃជាងអង្ករស ដែលធ្លាប់ចេញច្រើនពីពេលមុន។
«មកពីអឺរ៉ុបបើកទីផ្សារឡើងវិញធម្មតា ទើបអ្នកនាំចេញនាំអង្ករក្រអូបបានច្រើនវិញ ព្រោះអត់បង់ពន្ធ។ កាលពីមុនយើងពិបាកលក់ ឥឡូវវាស្រួលលក់បន្តិច ដោយសារពន្ធដែលធ្លាប់ដាក់នោះ វាបានបញ្ចប់តាំងពីដើមឆ្នាំ២០២២មក ខណៈដែលថ្លៃដឹកជញ្ជូនក៏មានការធូរថ្លៃជាងមុនដែរ»។ នេះបើតាមលោក លន់ យ៉េង ប្រាប់បន្ថែម។
លោកបានបន្តថា កត្តាមួយទៀត ដែលធ្វើឱ្យមានកំណើននៃការនាំចេញអង្ករក្រអូបរបស់កម្ពុជានេះដែរ គឺដោយសារតែចុងឆ្នាំ២០២២កន្លងទៅនេះ អង្ករក្រអូបកម្ពុជា បានជាប់ចំណាត់ថ្នាក់ជាអង្ករល្អផ្តាច់គេ ស្របដែលកសិករកំពុងប្រមូលផល ដូចនេះការបញ្ជាទិញនៅដើមឆ្នាំ២០២៣នេះក៏មានកំណើនទៅតាមហ្នឹងដែរ។
ទាក់ទងនឹងការបង្កើនការនាំចេញអង្ករក្រអូបនេះដែរ នៅក្នុងអំឡុងពេលបំពេញទស្សនកិច្ចនៅប្រទេសបារាំង កាលពីពេលកន្លងទៅ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការនាំចេញអង្ករផ្ការំដួល ដែលជាប្រភេទអង្ករក្រអូបទៅកាន់ទីផ្សារប្រទេសបារាំង និងបណ្តាប្រទេសជាច្រើនទៀត បន្ទាប់ពីអង្ករកម្ពុជា បានជាប់ជាអង្ករល្អដាច់គេនៅលើពិភពលោកជាច្រើនលើកមក។
លោករដ្ឋមន្ត្រីក្រសួងកសិកម្ម ធ្លាប់បានថ្លែងថា កម្ពុជានឹងជំរុញការនាំចេញ ប្រភេទអង្ករផ្ការំដួល ទៅកាន់ទីផ្សារប្រទេសបារាំងនាពេលខាងមុខ។ចំពោះទីផ្សារអង្ករ ផ្ការំដួល ដែលកម្ពុជានឹងជំរុញការនាំចេញទៅកាន់ទីផ្សារប្រទេសបារាំងនាពេលខាងមុខ ត្រូវតែមានការចុះបញ្ជីម៉ាកសម្គាល់ផលិតផលខ្មែរពិតប្រាកដ ដែលអាចឱ្យអតិថិជនទុកចិត្ត និងចំណាំតាមការស្នើសុំរបស់សមាគមខ្មែរនៅប្រទេសបារាំង។
ឯកឧត្តមបន្តថា ម្យ៉ាងវិញទៀត គួរតែមានការបង្កើតចេញនូវ ឃ្យូអ កូត(QR Code) ដែលអាចកំណត់នូវប្រភព និងខ្សែចង្វាក់តម្លៃសំដៅផ្តល់ការទុកចិត្តដល់អ្នកទិញផលិតផលកសិកម្ម ទាំងក្នុង និងក្រៅប្រទេស។
ដោយឡែកក្នុងបទសម្ភាសន៍ជាមួយវិទ្យុបារាំងអន្តរជាតិ នៅប្រទេសបារាំងឯកឧត្តម ឌិត ទីណា ធ្លាប់លើកឡើងទៀតថា ផលិតផលកសិកម្មរបស់កម្ពុជា ត្រូវការការគាំទ្រឱ្យបានច្រើនជាពិសេសពីអាណិកជនខ្មែរ ដែលរស់នៅប្រទេសបារាំង គឺអង្ករផ្ការំដួលរបស់កម្ពុជា ដែលបានជាប់លេខ ១ ជាអង្ករល្អជាងគេលើពិភពលោក ៤ ដងមកហើយ ខណៈដែលកន្លងទៅពួកគាត់ស្គាល់ និងនិយមទទួលទានតែអង្ករផ្កាម្លិះ។
ទន្ទឹមនឹងនេះដែរ នៅក្នុងពិធីដាក់ឱ្យប្រើប្រាស់នូវពូជស្រូវចំប៉ីស៧០ ក្នុងទិវាច្រូតស្រូវ ចំប៉ីស៧០ នៅវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា កាលពីពេលថ្មីៗនេះ ឯកឧត្តម ឌិត ទីណាមានប្រសាសន៍ថា៖ « ពូជស្រូវថ្មីចំប៉ីស៧០ មួយនេះ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងដំណើរការពិពិធកម្មផលិកម្មអង្ករក្រអូប និងការនាំចេញអង្ករក្រអូបទៅកាន់ទីផ្សារអន្តរជាតិ ដែលធ្វើឱ្យជីវភាពរបស់ប្រជាកសិករកម្ពុជាកាន់តែប្រសើរឡើង»៕ ដោយ៖វណ្ណ សុជាតា