ក្រសួងធនធានទឹក អំពាវនាវដល់បណ្ដាខេត្តទាំងអស់ ត្រូវប្រុងប្រយ័ត្នចំពោះការកើនឡើងកម្ដៅ
ភ្នំពេញ៖ ក្រសួងធនធានទឹកនិងឧតុនិយម បានអំពាវនាវទៅដល់បណ្ដាខេត្តទាំងអស់ ត្រូវប្រុងប្រយ័ត្នចំពោះការកើនឡើងកម្ដៅ និងបញ្ហាខ្យល់កន្ត្រាក់ ខណៈដែលអាជ្ញាធរបណ្ដាខេត្តមួយចំនួនបានណែនាំឲ្យប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ត្រៀមការពារខ្លួនពីការកើនឡើងកម្ដៅ។
យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹកនិងឧតុនិយមចុះថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា ចាប់ពីថ្ងៃទី១៩ ដល់ទី២៥ ខែមេសា នៅតាមតំបន់ទំនាបកណ្ដាល តំបន់ខ្ពង់រាប និងតំបន់មាត់សមុទ្រ នឹងមានសីតុណ្ហភាពកើនដល់ជិត ៤០អង្សាសេ និងអាចមានភ្លៀងពីខ្សោយទៅតិចតួច លាយឡំផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។
ប្រភពដដែលបន្តថា ដោយសារប្រទេសកម្ពុជានៅតែបន្តទទួលឥទ្ធិពលពីជ្រលងសម្ពាធទាប ក្នុងកម្រិតពីខ្សោយទៅមធ្យម គួបផ្សំនឹងខ្យល់ប្រែប្រួល ទើបធ្វើឲ្យនៅតាមបណ្ដាខេត្តវាលទំនាបកណ្ដាល និងតំបន់ខ្ពង់រាប នឹងអាចមានសីតុណ្ហភាពកើនឡើងកម្ដៅទៅដល់ជិត ៤០អង្សាសេ ហើយក៏អាចនឹងកើតមានភ្លៀងពីខ្សោយទៅតិចតួច លាយឡំផ្គររន្ទះ និងខ្យល់កន្ត្រាក់ផងដែរ»។
ចំណែកតំបន់មាត់សមុទ្រវិញ ក្រសួងធនធានទឹក និងឧតុនិយមថានឹងអាចមានសីតុណ្ហភាពកើនឡើងកម្ដៅទៅដល់ ៣៥អង្សាសេ រួមជាមួយនឹងមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំទៅដោយផ្គររន្ទះ និងខ្យល់កន្ត្រាក់។
ស្ថានភាពអាកាសធាតុនេះ ក្រសួងធនធានទឹក និងឧតុនិយមបានសូមអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ ប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិដូចជា ផ្គររន្ទះ ខ្យល់កន្ត្រាក់ និងការកើនឡើងកម្ដៅ ដែលអាចកើតមានឡើងជាយថាហេតុណាមួយ។
ទាក់ទិននឹងរឿងនេះអ្នកនាំពាក្យសាលាខេត្តស្ទឹងត្រែង លោក ម៉ែន គង់ បានឱ្យដឹងថា អាជ្ញាធរខេត្តបានផ្សព្វផ្សាយព័ត៌មានទាំងនេះ ទៅគ្រប់អាជ្ញាធរទាំងអស់ និងអ្នកដែលពាក់ព័ន្ធក្នុងខេត្តនេះ ដើម្បីឲ្យបានជ្រាបពីស្ថានភាពនៃការប្រែប្រួលអាកាសធាតុ។
លោកបានបន្តថា កន្លងមក ខេត្តស្ទឹងត្រែងបានទទួលរងគ្រោះធម្មជាតិ មានខ្យល់កន្ត្រាក់ និងក៏មានការកើនឡើងកម្ដៅខ្លាំងផងដែរ។ ហេតុនេះបញ្ហាដែលកើតឡើងកន្លងមកនេះ អាជ្ញាធរបានសម្របសម្រួល ដោះស្រាយបានមួយចំនួនធំដែរ ដោយបានជូនដំណឹង និងចុះអន្តរាគមន៍ជួយដល់ប្រជាពលរដ្ឋដែលរងគ្រោះ។
លោក ម៉ែន គង់ បានប្រាប់ថា ៖ «ឥលូវមកដល់ពេលនេះ នៅក្នុងសភាពការណ៍ថ្មីនេះ ក៏នឹងបន្តជូនដំណឹងបន្តទៀត ហើយនិងបន្តប្រុងប្រយ័ត្នខ្ពស់ទៅលើកិច្ចការងារនៃការប្រែប្រួលអាកាសធាតុដោយយថាហេតុ។ នៅក្នុងខេត្តស្ទឹងត្រែងស្ថានភាពបច្ចុប្បន្ននេះ គឺវាកើនឡើងកម្ដៅរួចហើយ អ៊ីចឹងផលប៉ះពាល់ទាំងអស់នេះប្រជាពលរដ្ឋ គាត់ក៏អាចដឹងពីការប្រែប្រួលស្ថានភាពកម្ដៅនេះផងដែរ»។
លើសពីនេះទៀត លោក ម៉ែន គង់ ថា ទាក់ទងនឹងការសម្របស្ថានភាពនេះ ជារួមប្រជាពលរដ្ឋនៅក្នុងខេត្ត មិនមានផលប៉ះពាល់ធ្ងន់ធ្ងរទៅលើបញ្ហាកើនឡើងកម្ដៅនោះទេ។ នេះបើតាមការពិនិត្យមើលស្ថានភាពជាក់ស្ដែងពីសំណាក់អាជ្ញាធរ។ ប៉ុ
លោកបានបន្ថែមថា ប៉ុន្តែទោះជាយ៉ាងណា ផ្នែកពាក់ព័ន្ធទាំងអស់គួរតែមានការប្រុងប្រយ័ត្ន និងរួមទាំងផ្នែកសុខាភិបាល ដែលត្រូវក្រើនរំលឹកទៅលើមណ្ឌលសុខភាពទាំងអស់ក្នុងខេត្តស្ទឹងត្រែង ដើម្បីតាមដានសភាពការណ៍ និងមានត្រៀមលក្ខណៈសម្បត្តិ ក្នុងករណីចាំបាច់ជួយទៅកាន់ប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។
ជាមួយគ្នានេះ អភិបាលខេត្តកំពង់ស្ពឺ ឯកឧត្កម វ៉ី សំណាង ក៏បានថ្លែងដែរថា ក្រោយពីបានចុះចែកអំណោយ និងចុះជួយប្រជាពលរដ្ឋដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់នាពេលកន្លងមកនេះ អាជ្ញាធរខេត្តនៅតែបន្តជូនដំណឹងទៅកាន់ប្រជាពលរដ្ឋ ឲ្យបន្តប្រុងប្រយ័ត្នចំពោះការប្រែប្រួលអាកាសធាតុ។
ឯកឧត្តមបានបន្តថា លោកក៏បានណែនាំឱ្យអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវតែបន្តព្យាយាម តាមដានក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋ ទាក់ទងទៅនឹងការប្រែប្រួលអាកាសធាតុ ដូចជា ខ្យល់កន្ត្រាក់ គ្រោះរាំងស្ងួត និងគ្រោះទឹកជំនន់ផងដែរ។
ចំណែកបញ្ហាការកើនឡើងកម្ដៅនេះ ឯកឧត្តមបញ្ជាក់ថា អាជ្ញាធរខេត្ត គ្រាន់តែណែនាំឲ្យពួកគាត់ មានប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ទៅលើជនងាយរងគ្រោះ ក្នុងនោះមាន មនុស្សចាស់ ក្មេងៗជាដើម។ លោកបន្តថា ប្រសិនជាមានការកើនឡើងកម្ដៅខ្លាំង ក៏មិនមែនប៉ះពាល់តែខេត្តកំពង់ស្ពឺមួយនោះដែរ គឺវាប៉ះពាល់ទាំងអស់ ដែលធ្វើឲ្យប្រជាពលរដ្ឋមានការលំបាកក្នុងការរស់នៅ ជាពិសេសតំបន់ខ្លះដែលស្ថិតនៅឆ្ងាយពីទឹកអាចនឹងមានបញ្ហា។
ឯកឧត្តម វ៉ី សំណាង បន្ថែមថា៖ «សម្រាប់ខេត្តកំពង់ស្ពឺ បញ្ហាកើនឡើងកម្ដៅមិនមែនជាក្ដីបារម្ភធ្ងន់ធ្ងរទេ ពីព្រោះយើងមានទឹកគ្រប់អស់ហើយ ទាំងនៅក្នុងភូមិ និងទាំងនៅក្នុងស្រុក»៕ ដោយ៖ជា សុខនី