គម្រោងយូសេដ ព្រៃឡង់បៃតងផ្ដល់ជំនួយក្នុងការបោះពុម្ពសំបុត្រចូលទស្សនាចំនួន ៣ ៣០០ ច្បាប់ ផ្តល់ដល់សហគមន៍អេកូទេសចរណ៍ចំនួនបី

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ គម្រោង យូសេដ(USAID )ព្រៃឡង់បៃតង (USAID Greening Prey Lang) បានផ្ដល់ជំនួយដល់អង្គការ NTFP-EP ក្នុងការបោះពុម្ព សំបុត្រចូលទស្សនាចំនួន ៣ ៣០០ ច្បាប់ដើម្បីផ្តល់ជូនដល់សហគមន៍អេកូទេសចរណ៍ចំនួនបីក្នុង ខេត្ត ស្ទឹងត្រែង និង ខេត្តក្រចេះ សម្រាប់ផ្តល់ជូនភ្ញៀវទេសចរក្នុងការចូលរួមអភិរក្សធនធានធម្មជាតិ។

យោងតាមការផ្សព្វផ្សាយរបស់ USAID Greening Prey Lang នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ បាន បញ្ជាក់ថា សហគមន៍អេកូទេសចរណ៍ចំនួនបីនោះរួមមាន កោះសាមសិប បូរីអូរស្វាយ និងភ្នំជម្រកសត្វ។

គម្រោង USAID ព្រៃឡង់បៃតង ដដែលបាន បញ្ជាក់ថា ៖ «សហគមន៍អេកូទេសចរណ៍នីមួយៗទទួលបានសំបុត្រចំនួន ១ ១០០ ច្បាប់ជាភាសាអង់គ្លេស និងភាសាខ្មែរ។ ទម្រង់ និងតម្លៃសំបុត្រត្រូវបានពិភាក្សា និងសម្រេចដោយមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង និងខេត្តក្រចេះ រដ្ឋបាលព្រៃឈើ ក្រុមប្រឹក្សាឃុំ និងដៃគូអង្គការក្រៅរដ្ឋាភិបាល ក្នុងកិច្ចប្រជុំភាគីពាក់ព័ន្ធប្រចាំត្រីមាស»។

បើតាម គម្រោង USAID ព្រៃឡង់បៃតង សំបុត្រនឹងត្រូវបានប្រើសម្រាប់អ្នកទេសចរដើម្បីបង់ថ្លៃវិភា គទានដើម្បីទស្សនាសហគមន៍អេកូទេសចរណ៍។ តម្លៃសំបុត្រសម្រាប់ប្រជាជនខ្មែរក្នុងស្រុកម្នាក់តម្លៃ ២០០០ រៀល និងសម្រាប់ជនបរទេសម្នាក់១ ដុល្លារអាមេរិក។

ប្រាក់ចំណូលដែលសហគមន៍ទទួលបានពីការលក់សំបុត្រដល់ភ្ញៀវទេសចរនឹងត្រូវបែងចែកទៅឱ្យសហគមន៍ព្រៃឈើ និងសហគមន៍នេសាទសម្រាប់កិច្ចខិតខំប្រឹងប្រែងការពារធនធានធម្មជាតិ ហើយនឹងត្រូវបានប្រើសម្រាប់ការអភិវឌ្ឍន៍តំបន់សហគមន៍អេកូទេសចរណ៍ផងដែរ។ នេះបើតាមការបញ្ជាក់បន្ថែមពី គម្រោង USAID ព្រៃឡង់បៃតង។
ប្រភពដដែលបាន បន្តថា សហគមន៍នីមួយៗរំពឹងថានឹងលក់សំបុត្រយ៉ាងហោចណាស់ ៥០០សន្លឹកនៅឆ្នាំ២០២៣។ បន្ថែមពីលើប្រាក់ចំណូលពីការលក់សំបុត្រចូល សហគមន៍អាចទទួលបានប្រាក់ចំណូលពីសេវាកម្មដែលផ្តល់ដល់ភ្ញៀវទេសចរដូចជា ផ្ទះស្នាក់ អាហារ ការជួលទូក មគ្គុទ្ទេសក៍ទេសចរណ៍ជាដើម។ ការបង្កើនប្រាក់ចំណូលរបស់សហគមន៍មូលដ្ឋានពីវិស័យអេកូទេសចរណ៍ ជួយលើកទឹកចិត្តអាជ្ញាធរមូលដ្ឋាន និងសហគមន៍ឱ្យធ្វើការអភិរក្ស និងការពារធនធានធម្មជាតិ។

ទាក់ទងនឹង គម្រោងថ្មីនេះ លោកស្រី ហន ធីតា ជាបេឡា និងជាមេចុងភៅនៃសហគមន៍អេកូទេសចរណ៍កោះសាមសិប ស្ថិតនៅក្នុងខេត្តក្រចេះ បាន ប្រាប់ឱ្យដឹងនៅថ្ងៃទី១៩ ខែមេសានេះថា ការបោះពុម្ភប័ណ្ណបដិភាគ ចូលរួមអភិរក្សធនធានធម្មជាតិ ដើម្បីចែកជូនដល់ភ្ញៀវទេសចរ ពិតជាមានសារៈសំខាន់យ៉ាងខ្លាំងក្នុងការចំណាយទៅលើការ ការពារ និងថែទាំ ធនធានធម្មជាតិនៅក្នុងសហគមន៍ឱ្យមានវត្តមានជារៀងរហូត។
លោកស្រីបន្តថា ការចែកប័ណ្ណវិភាគទានជូនដល់ភ្ញៀវទេសចរ ចូលមកលេងសហគមន៍ទេសចរណ៍នេះ បាន អនុវត្តចាប់តាំងពីដើមឆ្នាំ២០២៣នេះមកម្ល៉េះ ដើម្បីឱ្យភ្ញៀវវិភាគទានជាប្រាក់ក្នុងមួយក្រុម ឬក្នុងមួយម្នាក់តាមតម្លៃខុសគ្នារវាង ភ្ញៀវជាតិ និងបរទេស ដើម្បីថែរក្សាធនធានធម្មជាតនៅក្នុងសហគមន៍។
លោកស្រីថ្លែងថា ៖ «ឱ្យតែមានភ្ញៀវមក មួយក្រុម មានគ្នា ១ ឬ ២នាក់ ឬច្រើននាក់ យើងឱ្យពួកគា ត់មួយសន្លឹក ហើយក្រុមខ្លះទៀត សុំពីរ ឬ៣សន្លឹក។ គាត់ថា ធ្វើបែបនេះល្អ ហើយគាត់ចូលរួមជា មួយយើងដោយរីករាយ»។

បើតាម លោកស្រី ហន ធីតា ថវិការដែលទទួលបានមកពីភ្ញៀវនេះ មិនមែនបានមកពី សហគមន៍ទេសចរណ៍ទាំងអស់នោះទេ តែ ត្រូវបែកចែកទៅជាផ្នែកផ្សេងទៀតដូចជាព្រៃឈើ ជលផល និងធនធានធម្មជាតិជាដើម ៕ ដោយ:គឹម យុត្ថារ៉ូ

ads banner