កម្ពុជា-បារាំង ចុះអនុស្សរណៈរវាងគ្នា ដើម្បីលើកកម្ពស់ផ្នែកវិជ្ជាសាស្រ្តសុខាភិបាល និងធនធានមនុស្ស

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ កម្ពុជា-បារាំង តាមរយៈវិស័យសុខាភិបាលនៃប្រទេសទាំងពីរ បានចុះអនុស្សរណៈយោគយល់គ្នា(MoU) លើផ្នែកវិជ្ជាសាស្រ្តសុខាភិបាល ដោយក្នុងនោះមានផ្នែកបណ្ដុះបណ្ដាលធនធានមនុស្ស ការផ្ដល់នូវឧបករណ៍បរិក្ខារពេទ្យ ជាពិសេសអាចបញ្ជូនអ្នកជំងឺទៅព្យាបាលនៅប្រទេសបារាំងតាមរយៈដៃគូនេះផងដែរ។

ពិធីចុះ អនុស្សរណៈនេះធ្វើឡើង កាលពីថ្ងៃទី ១៨ ខែមេសាឆ្នាំ ២០២៣ រវាងមន្ទីរពេទ្យ Gabriel CHU CLERMONT-FERRAND et Hopital Purpan CHU Toulouse នៃប្រទេសបារាំង និងភាគីកម្ពុជាមានមន្ទីរចំនួន៤រួមមាន មន្ទីរពេទ្យមិត្ដភាពកម្ពុជា-ចិន ព្រះកុសុមៈ មន្ទីរពេទ្យព្រះអង្គឌួង មន្ទីរពេទ្យបង្អែកខេត្ដបាត់ដំបង និង មន្ទីរពេទ្យបង្អែកខេត្ដកំពង់ចាម។ ក្នុងពិធីចុះ អនុស្សរណៈដែលមានការចូលរួមជាអធិបតីភាពពីសំណាក់រដ្ឋមន្រ្តីក្រសួងសុខាភិបាល ឯកឧត្តម ម៉ម ប៊ុនហេង គឺផ្តោតលើគម្រោងកិច្ចសហការបណ្តុះបណ្តាល ការផ្លាស់ប្តូរការសិក្សា ការផ្តល់នូវឧបករណ៍បរិក្ខាពេទ្យ និងការបញ្ជូនអ្នកជំងឺ។

នាយកមន្ទីរពេទ្យមិត្ដភាពកម្ពុជា-ចិន ព្រះកុសុមៈលោក តាន់ សុគុន បានថ្លែងក្រោយពិធីចុះហត្ថលេខានោះថា គោលបំណងនៃកិច្ចសហប្រតិបត្តិការនេះផ្តោតលើគោលដៅចំនួន៤ រួមមាន ១ ផ្នែកបណ្ដុះបណ្ដាលធនធានមនុស្ស ពោលផ្លាស់ប្ដូរការសិក្សារវាងនិស្សិត និងក្រុមគ្រូពេទ្យកម្ពុជា អាចទៅសិក្សានៅបារំាងជាពិសេសនៅមន្ទីរពេទ្យដៃគូ។ ២ ការឧបត្ថម្ភសម្ភារៈបរិក្ខារពេទ្យដល់កម្ពុជា ជាពិសេសមន្ទីរពេទ្យខេត្តមួយចំនួនដែលមិនទាន់មានលទ្ធភាពដូចជាខេត្តកំពង់ចាម និងបាត់ដំបង ក៏ដូចជាមន្ទីរពេទ្យថ្នាក់ជាតិបើសិនជាមានតម្រូវការ។ ៣ ការផ្លាស់ប្ដូរអ្នកជំងឺ ពោលមន្ទីរពេទ្យកម្ពុជា អាចមានសិទ្ធិបញ្ជូនអ្នកជំងឺទៅព្យាបាលនៅប្រទេសបារាំងបាន បើសិនជាអ្នកជំងឺនោះមានលទ្ធភាព ឬគ្រូពេទ្យកម្ពុជាយល់ឃើញថាជំងឺនោះមិនអាចព្យាបាលនៅក្នុងស្រុក ដូច្នេះអាចបញ្ជូនទៅមន្ទីរពេទ្យដៃគូបាន។

ចំណែកចំណុចទី៤ កម្ពុជាអាចអញ្ជើញគ្រូពេទ្យបារំាង មកធ្វើប្រតិបត្ដិការនៅក្នុងមន្ទីរពេទ្យជាតិនិងក្រោម ជាតិដែលមានមន្ទីរពេទ្យបាត់ដំបង និងកំពង់ចាម អាស្រ័យទៅលើឯកទេសដែលកម្ពុជាចាំបាច់ ។ ត្រង់ចំណុចទី៤នេះ លោក តាន់ សុគុន បានពន្យល់ថា ក្រុមគ្រូពេទ្យបារាំង មកធ្វើការផង និងសហប្រតិបត្តិការក្នុងការបង្ហាត់បង្រៀនដល់ក្រុមគ្រូពេទ្យកម្ពុជាផង។

លោកបានថ្លែងយ៉ាងដូច្នេះថា៖«អ៊ីចឹងចំណុចទាំង៤នេះ ខ្ញុំយល់ឃើញថាគ្រប់គ្រាន់ហើយសម្រាប់វិស័យសុខាភិបាល ដែលយើងត្រូវការផ្នែកវិជ្ជាសាស្រ្តសុខាភិបាល ជាពិសេសទំនាក់ទំនងជាមួយមន្ទីរពេទ្យដែលមានឯកទេសខ្ពស់»។

បើតាមលោក តាន់ សុគុន ការចុះអនុស្សរណៈយោគយល់គ្នាគឺជាគំនិតផ្តួចផ្តើមរបស់ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងមហាផ្ទៃសម្ដេចក្រឡាហោម ស ខេង ដែលធ្លាប់បានអញ្ជើញទៅពិនិត្យសុខភាពនៅប្រទេសបារាំងនាពេលកន្លងទៅ។ លោកថា«នៅពេលដែលគាត់(ស ខេង) អញ្ជើញទៅពិនិត្យសុខភាពរួចហើយ គាត់ក៏សួរយើងខ្ញុំដែលជានាយកមន្ទីរពេទ្យមិត្ដភាពកម្ពុជា-ចិន ព្រះកុសុមៈ ថាធ្លាប់មានចុះ អនុស្សរណៈជាមួយមន្ទីរពេទ្យផ្សេងៗនៅប្រទេសបារាំងដែរឬទេ ?ហើយយើងឆ្លើយថាមិនទាន់ទេ។ ហើយខាងយើងក៏ស្នើឱ្យសម្តេចក្រឡាហោម មេត្តាជួយទំនាក់ទំនងធ្វើយ៉ាងម៉េចដើម្បីឱ្យមន្ទីរពេទ្យពួកយើងខ្ញុំអាចចុះ អនុស្សរណៈជាមួយមន្ទីរពេទ្យប្រទេសបារាំង ហើយសម្តេចក៏ស្នើសុំទៅភាគីបារាំង»។

សូមជម្រាបថា ក្រោយពីចុះ អនុស្សរណៈភាគីដៃគូបារាំង នឹងអញ្ជើញចុះទស្សនកិច្ចនៅតាមមន្ទីរពេទ្យមួយចំនួនដែលបានចុះហត្ថលេខាសហប្រតិបត្តិការួចមក។ មន្ទីរពេទ្យបារាំងខាងលើនេះ គឺជាមន្ទីរពេទ្យដ៏ល្បីប្រចាំប្រទេស ដែលមានពហុជំនាញ ពិសេសឯកទេសលើ ច្រមុះ ត្រចៀក និងបំពង់ក ជាដើម៕ ដោយ:សុខ រក្សា

ads banner