អង្គការសហប្រជាជាតិ៖ ឥណ្ឌានឹងមានប្រជាជនច្រើនជាងចិននៅពាក់កណ្តាលឆ្នាំ២០២៣

អ.ស.ប៖ ប្រជាជនឥណ្ឌានឹងកើនឡើងលើសប្រជាជន​ចិន និង​ក្លាយ​ជា​ប្រទេស​ដែល​មាន​ប្រជាជន​ច្រើន​បំផុតនៅលើ​ពិភពលោក ​នៅ​ពាក់​កណ្តាល​ឆ្នាំ​២០២៣។ នេះបើយោងតាម​ទិន្នន័យ​ដែល​បានចេញ​ផ្សាយ​ដោយ​អង្គការ​សហប្រជាជាតិ​(អ.ស.ប)។ ចំនួនប្រជាជនរបស់ប្រទេសឥណ្ឌាត្រូវបានគេរំពឹងថានឹងកើនឡើងរហូតដល់ ១,៤២៨៦ ប៊ីលាននាក់ ពោលគឺលើសចំនួនប្រជាជនចិនចំនួន ២,៩ លាននាក់ ដោយប្រជាជនចិនមានចំនួនត្រឹមតែ ១,៤២៥៧ ប៊ីលាននាក់។

អស់រយៈពេលជាង ៧០ ឆ្នាំមកហើយ ប្រជាជននៅលើទ្វីបអាស៊ីមានចំនួនច្រើនជាងមួយភាគបីនៃចំនួនប្រជាជនសរុបនៅលើពិភពលោក។ ដោយឡែក សម្រាប់ប្រជាជនចិន អត្រាកំណើតបានធ្លាក់ចុះនាពេលថ្មីៗនេះ ពោលគឺបានធ្លាក់ចុះកាលពីឆ្នាំ២០២២ ជាលើកដំបូងហើយគិតចាប់តាំងពីឆ្នាំ១៩៦១ មក។

យ៉ាងណាក៏ដោយ ការព្យាករណ៍ចំនួនប្រជាជនរបស់ប្រទេសឥណ្ឌាដែលបានចេញផ្សាយនៅក្នុងរបាយការណ៍ស្តីពីស្ថានភាពប្រជាជនពិភពលោករបស់អង្គការសហប្រជាជាតិ ឬហៅកាត់ថា UNFPA គឺជាការប៉ាន់ប្រមាណប៉ុណ្ណោះ ព្រោះចាប់តាំងពីឆ្នាំ២០១១ ឥណ្ឌាមិនទាន់បានធ្វើជំរឿនប្រជាជននៅឡើយទេ។ អស់រយៈពេល ១៤០ ឆ្នាំមកហើយ ឥណ្ឌាតែងតែធ្វើជំរឿនប្រជាជនជារៀងរាល់ ១០ ឆ្នាំម្ដង ដោយបានធ្វើលើកចុងក្រោយនៅឆ្នាំ២០១១ និងបានគ្រោងធ្វើនៅឆ្នាំ២០២១ ប៉ុន្តែត្រូវបានលុបចោលដោយសារតែវិបត្តិកូវីដ១៩ ហើយក៏បានពន្យារពេលដល់ឆ្នាំ២០២២។ ប៉ុន្តែនៅឆ្នាំ២០២២ ក៏ត្រូវបានផ្អាកម្ដងទៀត ដោយឥណ្ឌាបានរុញពេលទៅឆ្នាំ២០២៤ ខាងមុខវិញ។

នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន BBC ប្រធានផ្នែកព្យាករណ៍ចំនួនប្រជាជនរបស់អ.ស.ប លោក ផាទ្រីក ជឺឡែន (Patrick Gerland) បានមានប្រសាសន៍ថា «តួលេខអំពីទំហំប្រជាជនពិតប្រាកដរបស់ប្រទេសឥណ្ឌាគឺគ្រាន់តែជាការសន្មត់ ដោយផ្អែកលើព័ត៌មានផ្សេងៗដែលប្រមូលបាន»។ លោកបន្តថា «យើងមិនមានទិន្នន័យផ្លូវការពិតប្រាកដចេញពីប្រទេសឥណ្ឌានោះទេ»។

ជាមួយគ្នានេះដែរ អ.ស.ប បានឱ្យដឹងថា ការប៉ាន់ស្មានចំនួនខាងលើមិនបានរាប់បញ្ចូលចំនួនប្រជាជននៅតំបន់រដ្ឋបាលពិសេសចំនួនពីររបស់ប្រទេសចិន ពោលគឺទីក្រុងហុងកុង និងទីក្រុងម៉ាកាវនោះទេ។ ប្រសិនបើយើងបូកបញ្ចូលគ្នា ទីក្រុងទាំងពីរនេះមានប្រជាជនសរុបប្រមាណប្រាំបីលាននាក់។ ម៉្យាងវិញទៀត កោះតៃវ៉ាន់ដែលចិនចាត់ទុកថាជាខេត្តមួយរបស់ខ្លួន ក៏មិនត្រូវបានរាប់បញ្ចូលនោះដែរ។ គួរបញ្ជាក់ថា តៃវ៉ាន់​មើល​ឃើញ​ថា​ខ្លួន​ខុស​ពីប្រទេស​ចិន​ដី​គោក ដោយ​មាន​រដ្ឋធម្មនុញ្ញ​ និង​មេដឹកនាំ​ជាប់​ឆ្នោត​តាមបែប​លទ្ធិប្រជាធិបតេយ្យដើម្បីដឹកនាំរដ្ឋាភិបាលដាច់ដោយឡែកពីចិន។

គួររំឭកថា កាលពីខែវិច្ឆិកា ឆ្នាំ២០២៣ ប្រជាជនពិភពលោកបានកើនឡើងលើសប្រាំបីប៊ីលាននាក់ ប៉ុន្តែអ្នកជំនាញបានលើកឡើងថា កំណើននេះមិនមានល្បឿនលឿនដូចពីមុននោះទេ។បច្ចុប្បន្ននេះកំណើនប្រជាជនពិភពលោកស្ថិតក្នុងអត្រាយឺតបំផុតចាប់តាំងពីឆ្នាំ១៩៥០ មក។

គួរកត់សម្គាល់ផងដែរថា ទាំងប្រទេសឥណ្ឌា និងប្រទេសចិន អត្រាមានកូនរបស់ពួកគេបានថយចុះជាបន្តបន្ទាប់ ដែលនេះមានន័យថានៅក្នុងប្រទេសចិន ចំនួនប្រជាជននឹងចាប់ផ្តើមថយចុះនៅឆ្នាំក្រោយនេះ បើទោះបីជាប្រទេសនេះបានលុបចោលគោលនយោបាយមានកូនតែមួយរបស់ខ្លួននៅឆ្នាំ២០១៦ និងលើកទឹកចិត្តដល់គូស្វាមីភរិយាឱ្យយកកូនចាប់ពីពីរ ឬច្រើនក៏ដោយ។

នៅប្រទេសចិន មូលហេតុនៃការធ្លាក់ចុះអត្រាកំណើត មានកត្តាជាច្រើនរួមបញ្ចូលគ្នា ក្នុងនោះរួមមានការឡើងថ្លៃតម្លៃទំនិញផ្គត់ផ្គង់ប្រចាំថ្ងៃ និងការកើនឡើងនៃចំនួនស្ត្រីដែលចូលធ្វើការងារដូចទៅនឹងបុរសជាដើម។ នៅក្នុងប្រទេសឥណ្ឌាក៏មិនខុសគ្នាប៉ុន្មានដែរ អត្រានៃការមានកូនបានធ្លាក់ចុះយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានទសវត្សរ៍មកនេះ ពោលគឺធ្លាក់ចុះពីស្ត្រីម្នាក់អាចបង្កើតកូនបានក្នុងអត្រា ៥,៧ នាក់ក្នុងឆ្នាំ១៩៥០ មកនៅត្រឹមតែ ២,២ នាក់ប៉ុណ្ណោះសម្រាប់ស្ត្រីម្នាក់នាពេលបច្ចុប្បន្ននេះ។

ការស្ទង់មតិដែលធ្វើឡើងដោយ UNFPA ខាងលើបានបង្ហាញថា ប្រជាជនឥណ្ឌាភាគច្រើនយល់ឃើញថា ចំនួនប្រជាជនរបស់ពួកគេមានទំហំធំពេក ហើយអត្រាកំណើតក៏ខ្ពស់ខ្លាំងដូចគ្នា។ ស្ទើរតែ ពីរ នាក់ក្នុងចំណោមបី នាក់បានយល់ឃើញថាបញ្ហាសេដ្ឋកិច្ចគឺជាកង្វល់មួយដ៏ធំជាងគេ នៅពេលដែលពួកគេគិតអំពីកំណើនប្រជាជន។

ទោះយ៉ាងណា ក្រុមអ្នកប្រជាសាស្រ្តបានលើកឡើងថា ចំនួនប្រជាជនឥណ្ឌាដែលកើនឡើងលើសប្រជាជនចិន មិនមែនជាបញ្ហាដែលត្រូវព្រួយបារម្ភនោះទេ។ «ផ្ទុយទៅវិញ កំណើនប្រជាជនកើនឡើងច្រើននេះគួរតែជានិមិត្តសញ្ញានៃវឌ្ឍនភាព និងការអភិវឌ្ឍន៍ ប្រសិនបើសិទ្ធិ និងជម្រើសរបស់បុគ្គលម្នាក់ៗត្រូវបានលើកកម្ពស់» ។នេះបើយោងតាមរបាយការណ៍របស់អង្គការសហប្រជាជាតិ៕

ប្រែសម្រួលដោយ៖ ធា សុណា

ប្រភពព័ត៌មាន៖ BBC News India to have more people than China by mid-2023, UN says

ads banner