មន្រ្តីគណបក្ស៖ ពលរដ្ឋខ្មែរគ្រប់រូបជាកម្លាំងចលករសំខាន់ដើម្បីការពារសន្តិភាព និងការអភិវឌ្ឍ

ភ្នំពេញ៖ លោក គឹម សន្តិភាព សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា​ ប្រជាពលរដ្ឋខ្មែរគ្រប់រូប ជាកម្លាំងចលករដ៏សំខាន់ក្នុងកិច្ចការពារសន្តិភា​ព និងការអភិវឌ្ឍជាតិ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានិងគណបក្សប្រជាជនកម្ពុជា។​

ការលើកឡើងនេះ ធ្វើឡើងក្នុង​តួនាទីជាអនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុ​កពញាក្រែក ខេត្តត្បូងឃ្មុំ ទទួលបន្ទុកលើការងារយុវជន តំណាងឯកឧត្តម ហ៊ុន ម៉ាណែត ចុះជួបសួរសុខទុ​ក្ខ​ និងសំណេះសំណាលជាមួយពលរដ្ឋខ្មែរឥស្លាមក្នុងខែរ៉ាម៉ាឌន។

ការ​​ជួបសួរសុខទុ​ក្ខ​ និងសំណេះសំណាលជាមួយពលរដ្ឋខ្មែរឥស្លាមក្នុងខែរ៉ាម៉ាឌន ធ្វើឡើង​ក្នុងឃុំចំនួន បួនរួមមាន  ឃុំវាលម្លូរ ឃុំពពេល ឃុំក្រែក និងឃុំកោងកាង ចំនួន៣៥០គ្រួសារ ព្រមទាំងក្រុមយុវជនគណប​ក្ស​ប្រជាជន​កម្ពុជា ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំកាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣។​

ក្នុងពិធីជួបសំណេះសំណាល​នេះតាមរយៈប្រព័ន្ធតេឡេក្រាមលោក គឹម សន្តិភាព ​បាន​លើកឡើង​ថា គណបក្សកើតចេញពីប្រជាជន នៅជាមួយនឹងបម្រើប្រជាជន ដោយឥតលក្ខខណ្ឌ ស្តែងឡើងតាមរយៈកា​ររំដោះប្រជាជនខ្មែរពីរបបខ្មែរក្រហម និងដំណើរកសាងជាតិឡើងវិញពីឆ្នាំ១៩៧៩ រហូតមានសន្តិភាពនិងការអភិវឌ្ឍន៍ដូចសព្វថ្ងៃ។

លោកគូសបញ្ជាក់ថា គ្រប់គោលនយោបាយ គ្រប់សកម្មភាពរបស់ គណបក្សប្រជាជនកម្ពុជា ក៏ដូចជារា​ជរដ្ឋាភិបាល គឺធ្វើឡើងដើម្បីតែផលប្រយោជន៍ប្រជាជន ដើម្បីថែរក្សាការពារ ស្ថិរភាព បូរណភាព ឯករា​ជ្យ សន្តិភាព និងការអភិវឌ្ឍជាតិជានិរន្តរ៍។​

ជាមួយគ្នានោះលោកក៏​បានអំពាវនាវឱ្យប្រជាជនគ្រប់រូបដែលជាចលករសំខាន់សំខាន់ជាតិបន្តថែរក្សាឱ្យ​បា​ននូវស្ថិរភាព បូរណភាពទឹកដី សន្តិភាព ឯករាជ្យភាព និងការអភិវឌ្ឍជានិរន្ត៍។

ជុំវិញការលើកឡើងនេះ លោក​ យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា យល់ស្របលើទស្សនៈ​របស់លោក គឹម សន្តិភាព ដែលលោកសង្កត់ធ្ងន់ថា សន្តិភាព និងការអភិវឌ្ឍត្រូវការចូលរួមពីប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ គ្រប់និន្នាការ។

លោកថា ទាំងក្នុងទ្រឹស្តី និងការអនុវត្តជាក់ស្តែង ប្រជាពលរដ្ឋប្រៀបបានជាទឹក ដែលអាចស្រោចស្រព ផ្តល់​នូវជីវិត ហើយទឹកក៏អាចពន្លិចវិញបានដែរ គឺមានន័យថា អាចបង្កចលាចល វិបត្តិសង្គម ដោយសារប្រ​ជាពលរដ្ឋនេះឯង ហើយក៏​​ជាទស្សៈដែលសម្ដេចតេជោនាយករដ្ឋមន្ត្រីហ៊ុន សែន ធ្លាប់លើកឡើងផងដែរ។​

លោក​ យង់ ពៅ គូសបញ្ជាក់ថា ៖ «ប្រសិនជាប្រជាពលរដ្ឋមិនបានយល់ពីតម្លៃសន្តិភាព និងការអភិវឌ្ឍទេនោះ អាចនឹងបង្កចលាចលសង្គម ដោយការបោកបញ្ឆោត ពីការបំភ័ន្តព័ត៌មាន ពីការមិនយល់ច្បាស់ពីស្ថានការណ៍នយោបាយជាដើម»។

លោកបន្តថា ៖ «ចាំបាច់ណាស់ឲ្យប្រជាពលរដ្ឋចូលរួមការពារសន្តិភាព និងការអភិវឌ្ឍន៍ ដែលជាកា​តព្វកិច្ចរបស់ពួកគាត់ក្នុងសង្គមប្រជាធិបតេយ្យ»។​

ជាការសង្កេតផ្ទាល់ខ្លួន លោក​ យង់ ពៅ មើលឃើញថា ប្រជាពលរដ្ឋខ្មែរបាននិងកំពុងចូលរួមយ៉ាងសកម្មក្នុងដំណើរការពារសន្តិភាព​ និងអភិវឌ្ឍន៍ ហើយមានលទ្ធភាពចូលរួមបានពេញលេញ ស្របតាមរដ្ឋធម្មនុញ្ញជាតិ ខណៈរដ្ឋាភិបាលក៏បានផ្តល់បរិយាកាសអំណោយផលផង៕

ដោយ៖សំបាន ច័ន្ទដារ៉ា

ads banner