រដ្ឋបាលខេត្តសៀមរាប ណែនាំអាជ្ញាធរបន្តចុះអប់រំម្ចាស់អាជីវកម្មដែលបង្កការរំខានដោយសំឡេង

អត្ថបទដោយ៖
CPA

សៀមរាប៖ រដ្ឋបាលខេត្តសៀមរាបបានណែនាំដល់អាជ្ញាធរខេត្តពាក់ព័ន្ធ បន្តចុះអប់រំនិងណែនាំដល់ម្ចាស់អាជីវកម្មរង្គសាល ឌីស្កូតែក ខារ៉ាអូខេ បៀរហ្គាឌិន ការប្រគំតន្ត្រី ឬការរៀបចំកម្មវិធីនានា និងបងប្អូនប្រជាពលរដ្ឋដែលមានការបង្កជាសំឡេងរំខាន ត្រូវគោរពតាមគោលការណ៍ និងម៉ោងពេលវេលាដែលបានកំណត់ សំដៅកាត់បន្ថយការរំខានដោយសំឡេងដល់អ្នកដៃ។

សេចក្តីណែនាំរបស់អភិបាលខេត្តសៀមរាបឯកឧត្តម ទៀ សីហា  នេះបានលើកឡើងថា ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ ក៏ដូចជាការ រៀបចំសណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈ សំដៅកាត់បន្ថយការរំខានដោយសំឡេង រួមទាំងការប្រកបអាជីវកម្មស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន រដ្ឋបាលខេត្តសៀមរាប សូមណែនាំ និងអនុវត្តកិច្ចការមួយចំនួន។ សេចក្តីណែនាំបន្តថា មន្ទីរបរិស្ថានខេត្ត មន្ទីរទេសចរណ៍ខេត្ត និងរដ្ឋបាលក្រុង-ស្រុក ត្រូវបន្តជំរុញផ្សព្វផ្សាយ អនុក្រឹត្យលេខ ៤២ ចុះថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០០០ ស្តីពីការត្រួតពិនិត្យការបំពុលខ្យល់ និងការរំខានដោយសំឡេង និងអនុក្រឹត្យលេខ ១៩១ ចុះថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ ស្តីពីការគ្រប់គ្រងមណ្ឌលកម្សាន្តទេសចរណ៍មនុស្សពេញវ័យ។

ឯកឧត្តមអភិបាលខេត្តសៀមរាបបញ្ជាក់ថា​ «ម្ចាស់ ឬអ្នកគ្រប់គ្រង ដែលប្រកបអាជីវកម្មមណ្ឌលកម្សាន្តទេសចរណ៍មនុស្សពេញវ័យ រួមមាន រង្គសាល ឌីស្កូតែក ខារ៉ាអូខេ បៀរហ្គាឌិន និងមណ្ឌលកម្សាន្តទេសចរណ៍មនុស្សពេញវ័យដ៏ទៃទៀត ដែលមានឧបនិស្ស័យបម្រើឱ្យវិស័យទេសចរណ៍ ការប្រគំតន្ត្រី និងការរៀបចំកម្មវិធីនានា ត្រូវអនុវត្តគោលការណ៍ដូចខាងក្រោម»។

គោលការណ៍ណែនាំទាំងនោះរួមមាន ពេលវេលាដំណើរការនៃ អាជីវកម្មរង្គសាល ឌីស្កូតែក បៀរហ្គាឌិន ការប្រគំតន្ត្រី និងកម្មវិធីនានា ដែលកំណត់ដោយរដ្ឋបាលខេត្ត ចាប់ដំណើរការពីម៉ោង ១៨:០០ ដល់ម៉ោង ២៤:០០ ហើយចំពោះអាជីវកម្មខារ៉ាអូខេ ចាប់ដំណើរការពីម៉ោង ១០:០០ ,២៤:០០។

រីឯការកម្រិតកំណត់ស្តង់ដារសំឡេងអតិបរមា ត្រូវគោរពតាមការណែនាំទៅតាមតំបន់ភូមិសាស្រ្តនីមួយៗ ដូចជាតំបន់ស្ងប់ស្ងាត់ នៅមន្ទីរពេទ្យ បណ្ណាល័យ សាលារៀន និងសាលាមត្តេយ្យ។ តំបន់លំនៅឋានរួមមាន សណ្ឋាគារ ផ្ទះសំណាក់ ប៊ូទិក កន្លែងរដ្ឋបាល តំបន់ពាណិជ្ជកម្ម សេវាកម្ម និង
ចម្រុះ។

សេចក្តីណែនាំដដែល បន្តថា ម្ចាស់ ឬអ្នកគ្រប់គ្រង ដែលប្រកបអាជីវកម្មគ្រប់ប្រភេទរួមមាន ដែលត្រូវបានរៀបរាប់ខាងលើ ត្រូវចូលរួមសហការជាមួយមន្ទីរ-អង្គភាព និងរដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់ ។

លោក ពយ រ៉ាមី ជាសិស្សថ្នាក់ទី១២ ដែលកំពុងត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ បានសម្តែងការគាំទ្រទៅនឹងចំណាត់ការណែនាំ ដោយបន្ថែមថាកន្លងមកផ្ទះអ្នកភូមិមួយចំនួនក៏បង្កការរំខានដោយសំឡេងតាមរយៈកម្មវិធីកម្សាន្តដែរហើយពិតជាធ្វើឱ្យប៉ះពាល់ដល់ការសិក្សាមែន‍។

លោកថ្លែងថា៖«ខ្ញុំសង្ឃឹមថាអាជ្ញាធរនៅថ្នាក់ក្រោមនឹងចូលរួមអនុវត្តកិច្ចការនេះឱ្យមានប្រសិទ្ធភាព ជាពិសេសនៅក្បែរសាលារៀនតែម្តង»។ ចំណែកផ្ទះដែលខ្លួនកំពុងរស់នៅក្នុងក្រុងសៀមរាប ក៏មានការរំខានដោយសំឡេងពីម្ចាស់អាជីវកម្មមួយចំនួនផងដែរ។

សេចក្តីណែនាំដដែលបញ្ជាក់ថា មន្ទីរទេសចរណ៍ខេត្ត មន្ទីរបរិស្ថានខេត្ត ស្នងការដ្ឋាននគរបាលខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត និងរដ្ឋបាលក្រុង-ស្រុក ត្រូវតាមដានត្រួតពិនិត្យ និងចាត់វិធានការចំពោះម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មគ្រប់ប្រភេទ។

ប្រភពដដែលសង្កត់ធ្ងន់ថា ក្នុងករណីអាជីវកម្មរង្គសាល ឌីស្កូតែក ខារ៉ាអូខេ បៀរហ្គាឌិន និងការប្រគំតន្ត្រី ឬការរៀបចំកម្មវិធីនានាដែលបង្កការរំខានដោយសំឡេងមិនអនុវត្តតាមវិធានការដែលបានណែនាំខាងលើ សមត្ថកិច្ចជំនាញពាក់ព័ន្ធ ត្រូវផ្អាកជាបណ្តោះអាសន្នឬជាស្ថាពរចំពោះអាជីវកម្មទាំងនោះស្របតាមនីតិវិធី លិខិតបទដ្ឋានគតិយុត្តជាធរមាន៕

ដោយ៖សុខ រក្សា

ads banner