សមត្ថកិច្ចឃាត់ខ្លួនអតីតអគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល និងកិច្ចការទូទៅ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលសាជាថ្មី (Video Inside)

អតីតអគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល និងកិច្ចការទូទៅ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលលោក បែល វ៉ាន់ដែត ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនសាជាថ្មី និងត្រូវបានតុលាការចេញដីកា ឃុំខ្លួនដាក់ពន្ធនាគារ។ ការឃាត់ខ្លួននេះបានធ្វើឡើងនៅទី២១ ខែមេសា ឆ្នាំ២០២៣នេះ។

យោងតាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់ចៅក្រមស៊ើបសួរ និងជាអនុប្រធានសាលាដំបូងរាជធានីភ្នំពេញ ជនត្រូវចោទមិនបានគោរពកាតព្វកិច្ចតាមចំណុច “ង” ដែលហាមទៅគំរាមកំហែង ឬគៀបសង្កត់ ឬទៅបរិវេណលំនៅដ្ឋានរបស់ជនរងគ្រោះ ឬដើមបណ្តឹងរដ្ឋប្បវេណី ដូចនេះតុលាការត្រូវចេញដីកាបង្គាប់ឲ្យចាប់ខ្លួនតាមមាត្រា ១៩៥ និងមាត្រា ១៩៦ នៃក្រមព្រហ្មទណ្ឌ និងបង្គាប់អោយឃុំខ្លួនដាក់ពន្ធនាគារ។

សូមជម្រាបថា កាលពីវេលាម៉ោង៧យប់ថ្ងៃទី២៩ ខែមីនា ឆ្នំា២០២៣ ជនរងគ្រោះឈ្មោះ ឆែ វណ្ណម៉ូលីវ័ន្ត ភេទប្រុស អាយុ២២ឆ្នាំ មុខរបរនិស្សិត បើករថយន្តចេញពីហូបអីនៅខណ្ឌទួលគោក សំដៅទៅផ្ទះនៅក្រុមទី៣ ភូមិខ២ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ។ លុះពេលមកដល់ក្លោងទ្វារច្រកចូលបុរី ស្រាប់តែលោក បែល វ៉ាន់ដែត អាយុ ៣៨ឆ្នាំ បានឈប់រថយន្តនៅពីមុខមិនព្រមទៅមុខ។ ជនរងគ្រោះ រង់ចាំប្រហែល៥នាទី ទើបស៊ីប្លេរថយន្តមួយដង និងបើកភ្លើងហ្វាជាច្រើនដង រួចក៏វ៉ារថយន្តជនសង្ស័យទៅមុន។ ពេលនោះ លោក បែល វ៉ាន់ដែត បានបើកដេញតាមពីក្រោយរថយន្តជនរងគ្រោះ ដល់ចំណុចកើតហេតុ រួចជនសង្ស័យបានដកកាំភ្លើងខ្លីភ្ជង់ទៅលើជនរងគ្រោះ ពីក្នុងរថយន្ត ដោយសួរថា «មុនហ្នឹងស៊ីប្លេដាក់នរណា? រួចក៏បើកថយន្តគេចខ្លួនបាត់»។ ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចបានបានទៅឃាត់ខ្លួន ហើយបានបញ្ជូនលោក បែល វ៉ាន់ដែត ទៅកាន់តុលាការនៅរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣៕

ads banner