បុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងឆ្លងសមិទ្ធផលនានាវត្តព្រះបារមីវង្គតបុរី ៣យប់៤ថ្ងៃ បានធ្វើពិធីក្រុងពាលី និងមានការសម្តែងសិល្បៈកំសាន្តរាល់យប់

ភ្នំពេញ៖ ពិធីបុណ្យបញ្ចុះខណ្ឌសីមា ព្រះវិហារ ពុទ្ធាភិសេក និងឆ្លងសមិទ្ធផលនានា ជាកេរមរតករបស់អ្នកឧកញ៉ា មហា ភក្តីសប្បុរិស ភោគាធិបតី ហ៊ុន នាង និងមហាឧបាសិកា ឌី ប៉ុក នៅវត្តព្រះបារមីវង្កតបុរី ស្ថិតនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដែលផ្តួចផ្តើមឡើងដោយព្រះសង្ឃ គណៈកម្មការ អាចារ្យ ក្រុមគ្រួសារត្រកូលហ៊ុន និងរដ្ឋបាលរាជធានីភ្នំពេញ បានចាប់ផ្តើមនារសៀលថ្ងៃទី២១ មេសា ឆ្នាំ២០២៣ រយៈពេល ៣យប់ ៤ថ្ងៃ ដោយមានការសម្តែងសិល្បៈកំសាន្តរាល់យប់ផងដែរ ។

ដោយឡែកនៅរសៀលថ្ងៃទី២១មេសា ឯកឧត្តម ហ៊ុន ម៉ានី កូនប្រុសរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីក្នុងពិធីរៀបចំឫសសីមា និងពិធីក្រុងពាលី និងបង្ហូតទង់នៅក្នុងទីអារាមវត្តនេះ ដោយមានការនិមន្ត និងអញ្ជើញចូលរួមបុណ្យពីព្រះសង្ឃ គណៈកម្មការ អាចារ្យ ក្រុមគ្រួសារត្រកូល ហ៊ុនជាច្រើនគ្រួសារ និងមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញជាច្រើនរូបទៀត ។

សម្រាប់កម្មវិធីបុណ្យ នៅរសៀលថ្ងៃទី១ ត្រូវនឹងថ្ងៃទី២១មេសា មានពិធីរៀបចំឫសសីមា ពិធីក្រុងពាលី និងបង្ហូតទង់ , ដង្ហែដុំនិម្មិតសីមា និងគ្រឿងបរិក្ខារប្រទក្សិណ៣ជុំព្រះវិហារ, នមស្ការព្រះរតនត្រ័យ សមាទានសីល , វេរព្រះវិហា និងវរដុំនិម្មិតសីមាប្រគេនចំពោះព្រះសង្ឃ , និមន្តព្រះសង្ឃចម្រើនព្រះបរិត្ត។ បន្ទាប់មកនៅពេលល្ងាច សម្តេចព្រះវនរ័តកិត្តិបណ្ឌិត ណយ ច្រឹក សម្តេចព្រះសង្ឃនាយករងទី២ ប្រទានព្រះធម្មវិសេសទេសនា ហើយនៅពេលរាត្រី ក៏មានក្រុមសិល្បះ សំដែងជូនទស្សនាកំសាន្តថែមទៀតផងដែរ។

សូមជម្រាបថា វត្តព្រះបារមីវង្គតបុរី ជាទីអារាមមួយបានតំកល់ធាតុមាតា បិតារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិ ព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុន សែន ។ ក្រោមគំនិតផ្ដួចផ្ដើមរបស់សម្ដេច តេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត វត្តនេះ ត្រូវធ្វើពិធីបុណ្យកាត់ឬសសីមាព្រះវិហារដ៏ធំមួយ ដោយចាប់ផ្តើមពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ មេសា ឆ្នាំ២០២៣ ក្នុងនោះនៅថ្ងៃ២៤មេសា សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់កាត់ឬសីមា ។

វត្តព្រះបារមីវង្គតបុរី បានជួសជុលឡើងវិញនៅថ្ងៃទី០៧ ធ្នូ ឆ្នាំ២០១៦ និងបានបញ្ចប់ការជួសជុលនៅក្នុងឆ្នាំ២០២២ ដោយចំណាយថវិកាអស់ប្រមាណជាង១លានដុល្លារ ។ នេះមិនបានគិតបញ្ចូលពីការចំណាយលើការកសាងសមិទ្ធផលនានានៅក្នុងបរិវេនវត្តនោះទេ ៕ អត្ថបទ៖ ស៊ូ វណ្ណលុក, រូបភាព៖ សួង ពិសិដ្ឋ

សួង ពិសិដ្ឋ
សួង ពិសិដ្ឋ
អ្នកថតពត៌មានចូលបំរើការងារនៅទូរទស្ស៏អប្សរាឆ្នាំ1998រហូតដល់បច្ចុប្បន្នឆ្នាំ2022តាមសម្ដេចតេជោនឹងក្រសួងការបរទេស
ads banner
ads banner
ads banner